គណបក្ស Common Man’s Party ឬហៅកាត់ថាAAP បានឡើងកាន់អំណាចកាលពី៤៩ថ្ងៃមុន នៅពេល ដែលពួកគេបានឈ្នះឆ្នោតសភា ដែលទើបតែកន្លងផុតទៅថ្មីៗនេះនៅក្នុងទីក្រុង New Delhi។
ពួកគេបានបង្កើតប្រព័ន្ធទូរស័ព្ទ ប្រឆាំងអំពើពុករលួយមួយ ដែលទទួលការហៅចូលរាប់ពាន់ទូរស័ព្ទ ជារៀងរាល់ថ្ងៃ។ គណបក្សថ្មីនេះ បានសន្យាថានឹងបញ្ឈប់អំពើពុករលួយ ចេញពីជីវិតសាធារណៈជន។ តែពេលនេះ ពួកគេបែរជាសម្រេចចិត្តលាលែងតំណែងទៅវិញ។
ហ្វូងមនុស្សច្រើនកុះករបានអបអរសាទរ ខណៈដែលរដ្ឋមន្ត្រី New Delhi លោក Arvind Kejrival បានប្រកាសពីការលាលែងតំណែងរបស់គាត់។
ការចាកចេញពីតំណែងរបស់គណបក្ស AAP ធ្វើឡើងភ្លាមៗ តំណាលនឹងការសម្រេចចិត្តរបស់ខ្លួន ក្នុងការបង្កើតរដ្ឋាភិបាលនៅដេលី កាលពី៤៩ថ្ងៃមុន។
លោក Kejrival និងគណរដ្ឋមន្ត្រីរបស់លោកទាំងអស់ បានសម្រេចចិត្តលាឈប់ពីតំណែង បន្ទាប់ពីសភាដេលី បានបោះឆ្នោតទំលាក់ចោលច្បាប់ប្រឆាំងអំពើពុករលួយ «ច្បាប់ប្រឆាំងអំពើពុករលួយ ជាមូលដ្ឋានគ្រឹះរបស់គណបក្សយើង។ ហើយប្រសិនបើយើងមិនត្រូវបានគេអនុញ្ញាត្តិឲ្យធ្វើបទបង្ហាញ ដើម្បីជជែកពិភាក្សាដេញដោល ហើយដាក់ឲ្យវាត្រូវបានអនុម័ត ចឹងតើមានន័យអ្វីដើម្បីកាន់អំណាចទៀត? ហើយយើងមិនអាចមានលទ្ធភាពជជែកតវ៉ាបាន ព្រោះយើងមិនមានសំលេងច្រើននៅក្នុងសភា។ ដូច្នេះ យើងក៏លាលែងពីតំណែង ហើយយើងនឹងត្រលប់ទៅរកប្រជាជនវិញ ហើយប្រសិនបើពួកគេចាប់អារម្មណ៍ ពួកគេនឹងគាំទ្រយើង ហើយនាំយើងត្រលប់មកវិញ ជាមួយនឹងសម្លេងភាគច្រើន»។
ច្បាប់ប្រឆាំងអំពើពុករលួយ ជាការសន្យាមួយ ក្នុងចំនោមការសន្យាជាច្រើន នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់គណបក្ស AAP។ ពួកគេបានធ្វើការសច្ចាប្រណិធានថា នឹងធ្វើវាឲ្យបានសម្រេចក្នុងរយៈពេលមួយខែ បន្ទាប់ពីពួកគេឡើងកាន់អំណាចក្នុងទីក្រុងដេលី។ តែ AAP មិនមានសម្លេងគាំទ្រច្រើនទេនៅក្នុងសភា ហើយគណបក្សប្រឆាំង Congress Party និងគណបក្ស BJP បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ។
លោក Ravishankar Prasad ជាអ្នកនាំពាក្យរបស់គណបក្ស BJP «គណបក្សBJP គាំទ្រច្បាប់ប្រឆាំងអំពើពុករលួយ តែវាមាននីតិវិធីមួយចំនួនដែលត្រូវអនុវត្តតាម។ វាត្រូវការពេលមួយរយៈ ដើម្បីតាមដាននីតិវិធីនេះ ហើយធ្វើឲ្យច្បាប់នេះត្រូវបានអនុម័ត។ តែគាត់ទទូចចង់ប្រើប្រាស់វិធីខុសច្បាប់ ព្រោះវាផ្តល់ឲ្យគាត់នូវឱកាសដ៏ល្អឥតខ្ចោះ ហើយយកលេសចាកចេញ។ គាត់ដឹងថាគាត់មិនអាចធ្វើបាន តាមការសន្យារបស់គាត់ចំពោះប្រជាជនដេលី។ ពួកគេបានបំភ្លេចពាក្យសន្យា ហើយតាំងពីថ្ងៃដំបូងម្ល៉េះ ដែលគាត់សំលឹងរកមើលផ្លូវដើម្បីគេចខ្លួន»។
គណបក្ស Congress ដែលបានជួយគណបក្ស AAP ឲ្យឡើងកាន់អំណាចនោះ ក៏មានការខឹងសម្បារដែរ។
លោក Sandeep Dixit ជាមេដឹកនាំជាន់ខ្ពស់របស់គណបក្ស Congress «ដ្ឋានគ្រឹះនៃការគាំទ្ររបស់យើងចំពោះលោក Kejrival គឺយើងគ្រាន់តែចង់បានរដ្ឋាភិបាលមួយដែលរស់នៅជាមួយប្រជារាស្ត្រ នៅក្នុងរដ្ឋធានីដេលី។ តែអ្វីដែលយើងបានឃើញមួយរយៈនេះ គឺអភិបាលកិច្ចដែលរញ៉េរញ៉ៃ។ គាត់មិនដែលចាប់អារម្មណ៍ ក្នុងការដឹកនាំរដ្ឋាភិបាលនោះទេ គាត់គ្រាន់តែចង់បង្កើតឆាកល្ខោនមួយ ហើយបោកប្រាស់ប្រជាជន គ្មានការងារធ្វើ គ្មានទំនួលខុសត្រូវ មានតែភាពអ៊ូអររញ៉េរញ៉ៃ ហើយនេះជាអ្វីដែលគាត់បានធ្វើកន្លងមកនេះ»។
ក្នុងរយៈពេលមិនដល់មួយឆ្នាំផង គណបក្ស AAP បានផុសត្រដែតឡើងជាអ្នកឈ្នះ ដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតសភា នៅក្នុងខែធ្នូឆ្នាំមុននេះ។ គណបក្សនេះទទួលបានសម្លេង៤០% នៃកៅអីសភាសរុប ហើយបានបង្កើតរដ្ឋាភិបាលជាមួយនឹងការគាំទ្រពីគណបក្ស Congress។ ក្នុងរយៈកាលកាន់អំណាចមិនដល់មួយខែផង គណបក្ស AAP បានបំពេញតាមការសន្យារបស់ខ្លួនមួយចំនួននៅអំឡុងការបោះឆ្នោត ដែលមានដូចជាការផ្តល់ទឹកស្អាតដោយឥតគិតថ្លៃ និងការផ្តល់ចរន្តអគ្គិសនីដែលមានតំលៃថោក។ គណបក្សនេះថែមទាំងបានដាក់ចេញនូវ ប្រព័ន្ធទូរស័ព្ទផ្តល់ជំនួយ ឬសាកសួរព័ត៌មានបន្ទាន់ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ដែលធ្វើឲ្យមានការសហការយ៉ាងខ្លាំង ពីសាធារណៈជន។
លោក Kejrival មានប្រសាសន៍ថា គណបក្ស Congress និងគណបក្ស BJP បានរួមគ្នាប្រឆាំងនឹងច្បាប់ប្រឆាំងអំពើពុករលួយ ដោយសារតែពួកគេចង់ការពារអំពើពុករលួយដែលកើតមានក្នុងចំនោមពួក «ពួកគេដឹងថាខ្ញុំធ្វើឲ្យពួកអ្នកពុករលួយទាំងនោះលំបាកប៉ុណ្ណា តាមរយៈបណ្តាញប្រឆាំងអំពើ ពុករលួយ។ ពួកគេភ័យខ្លាចថា ជាមួយនឹងច្បាប់ប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លានេះ រដ្ឋាភិបាលនឹងចាត់វិធានរបស់ខ្លួនយ៉ាងតឹងរ៉ឹងលើអំពើពុករលួយ ហើយពួកគេមួយចំនួនធំអាចត្រូវជាប់ពន្ធនាគារ។ ដូច្នេះពួកគេព្រួតដៃគ្នាប្រឆាំង ដើម្បីធ្វើឲ្យប្រាកដថាច្បាប់នេះមិនត្រូវបានអនុម័ត»។
អ្នកគាំទ្រគណបក្ស AAP ជាច្រើននាក់ ជាក់ស្តែងដូចជាលោក Vikas Kumar មិនសប្បាយរីករាយជាមួយនឹងការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kejrivqal នោះទេ «បាទ ច្បាប់ប្រឆាំងអំពើពុករលួយ មានសារៈសំខាន់ណាស់ តែនេះមិនមែនជាបញ្ហាតែមួយដែលយើងកំពុងជួបប្រទះនោះទេ។ មានបញ្ហាជាច្រើនទៀត ហើយគាត់អាចដោះស្រាយបញ្ហាទាំងនោះបាន ដូចអ្វីដែលគាត់បានដោះស្រាយក្នុងករណីទឹក និងអគ្គិសនីអីញ្ចឹង។ វាជាការពិតដែលថាគាត់ធ្វើការក្រោមលក្ខខ័ណ្ឌលំបាក តែការគេចចេញពីទំនួលខុសត្រូវរបស់ខ្លួនបែបនេះ មិនមែនជាដំណោះស្រាយនោះទេ»។
នៅគ្រាដដែលនោះ គណបក្ស AAP បានចាប់ផ្តើមរៀបចំសម្រាប់ការបោះឆ្នោតសភា និងរដ្ឋសភា ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ គណបក្សទើបតែបញ្ចេញតារាងបញ្ជីឈ្មោះដំបូងគេរបស់បេក្ខជន ដែលឈរឈ្មោះជាតំណាងរាស្ត្រសម្រាប់ស្រុកទាំង២០ និងមានផែនការជ្រើសរើសបេក្ខជនដែលមកពីទូទាំងប្រទេស។
អ្នកវិភាគជាច្រើន តួយ៉ាងដូចជាអ្នកនាង Sangeeta Sharma មើលឃើញថា ការលាលែងពីតំណែងជាការសម្រេចចិត្តដ៏ឆ្លាតវៃមួយ «ការបោះឆ្នោតថ្នាក់ជាតិនឹងចាប់ផ្តើម ហើយពួកគេត្រូវការយ៉ាងខ្លាំងនូវវិធីសាស្ត្រ ដើម្បីទាក់ទាញអ្នកបោះឆ្នោតនៅកម្រិតថ្នាក់ជាតិ ព្រោះមិនថាពួកគេបានធ្វើអ្វីកន្លងមកដើម្បីទាក់ទាញអ្នកបោះឆ្នោតនៅដេលី តែវាគ្មានប្រសិទ្ធិភាពនោះទេនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ។ នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ វាមិនមានបញ្ហាណាដែលល្អជាងអំពើពុករលួយ ហើយនោះហើយជាអ្វីដែលពួកគេបានទទួលយកអាកប្បកិរិយាប្រឈមមុខបែបនោះ វាច្បាស់ជានឹងធ្វើឲ្យបរិយាកាសនយោបាយមានការអាប់អួរ ហើយផ្តល់ផលប្រយោជន៍ដល់ពួកគេ»៕
AsiaCalling ៖ ករណីពុករលួយធ្វើឲ្យអភិបាលថ្មី រដ្ឋធានីញូវដេលី លាលែងពីតំណែង
ប្រភព និង អត្ថបទ ដោយ : ចាប កវី (VOD)

