ក្រសួងអប់រំ យុវជន និងកីឡា ជំរុញឲ្យសាងសង់មជ្ឈមណ្ឌលយុវជននៅតាមថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបង្កើនការចូលរួមរស់យុវជនក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នយោបាយ និងការអប់រំ។
សេចក្តីណែនាំរបស់ក្រសួង ចុះហត្ថលេខាថ្ងៃទី២៤ខែកុម្ភៈ ដោយរដ្ឋមន្ត្រី លោក ហង់ ជួនណារ៉ុន ឲ្យដឹងថា មន្ទីរអប់រំ តាមរាជធានី ខេត្ត ត្រូវកំណត់រកទីតាំងដីសម្រាប់សាងសង់មជ្ឈមណ្ឌលយុវជន ឲ្យមាននៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់យុវជន ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន។
សេចក្តីណែនាំបន្តថា មជ្ឈមណ្ឌលយុវជន តម្រូវឲ្យមានហេដ្ឋារចនាសម្ព័ន្ធអគារ សម្រាប់បម្រើសេចក្តីត្រូវការ និងចាត់តាំងសកម្មភាពរបស់យុវជន។មជ្ឈមណ្ឌលនេះ ធ្វើឡើងដើម្បីបណ្តុះបណ្តាលជំនាញទន់ បំណិន និងសមត្ថភាពជំនាញវគ្គខ្លីៗ លើកកម្ពស់វិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងអត្ថប្រយោជន៍ផ្សេងៗទៀត៕
ក្រសួងអប់រំ ជំរុញបង្កើតមជ្ឈមណ្ឌលយុវជននៅទូទាំងប្រទេស
ប្រភព និង អត្ថបទ ដោយ : ស៊ុន ណារិន (VOD)

