គឺជាការលំបាកណាស់ ចំពោះការចោទ ប្រឆាំងមេដឹកនាំមានឥទ្ធិពលណាម្នាក់ដែល ត្រូវបានដាក់ឲ្យទទួល កំហុសករណី ប្រឆាំងមនុស្សជាតិ ដូចជាជនផ្ដាច់ការ កូរ៉េខាងជើងជាដើម ព្រោះ គេត្រូវការយល់ព្រម មួយផ្នែកពីប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អសប)។ ប្រសិនបើ ការចោទ ប្រឆាំងនេះ ធ្វើឡើងដោយ ក្រុមអ្នកស៊ើបអង្កេត ពិសេស (អសប)។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ក្រុមអ្នកស៊ើបអង្កេត ពិសេស (អសប) ដែលបង្កើតឡើងដោយ ឧត្តមស្នងការសិទ្ធិមនុស្ស បានចេញរបាយការណ៍ ជាលើកដំបូងរបស់ខ្លួន មាន ៣៧២ទំព័រ ហើយ ក្នុងរបាយការណ៍នេះ បានរកឃើញពីករណីរំលោភបំពានសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។
ក្រុមស៊ើបអង្កេតពិសេសនេះ បានរកឃើញ ថាមានការសម្លាប់មិនរើសមុខ ឬសម្លាប់ជាលក្ខណៈប្រព័ន្ធ ការធ្វើឃាត ការដាក់ក្រុមមនុស្សជាទាសករ ការធ្វើទារុណកម្ម ការចាប់ដាក់គុក គ្មានការជម្រះក្ដី ការរំលោភផ្លូវភេទ ការបណ្ដេញចេញ ការបង្កឲ្យមានភាពអត់ឃ្លាន និងភាពអមនុស្សធម៍ជាច្រើនទៀត។
ករណីទាំងនេះគឺជាដើមចមដែលនាំឲ្យមានការចោទ មេដឹកនាំកូរ៉េខាងជើង វ័យក្មេង គិមជុងអ៊ុនទៅកាន់ តុលាការ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅពេលឆាប់ៗនេះហើយ ។ នេះបើតាម អះអាងរបស់ក្រុមស៊ើបអង្កេតអសប។
ក្រុមពិសេសនេះ បានបង្ហើបព័ត៌មានថា នៅក្នុងដៃរបស់ខ្លួន មានភស្តុតាង គ្រប់គ្រាន់ដែលអាចដាក់សុំការបើកករណីជំនុំជំរៈក្ដី ប្រឆាំងមេដឹកនាំកូរ៉េខាងជើង វ័យក្មេងរូបនេះ។ ប៉ុន្តែ ក្រុមនេះ បារម្ភតែមួយគត់គឺការជំទាស់ ពីសំណាក់ប្រទេសចិនដែលជាសម្ព័ន្ធរបស់ក្រុងព្យុងយ៉ាង។
ក្រុងប៉េកាំង ទំនងជាមានហេតុផល ការទូតជាច្រើន ដើម្បីជំទាស់ការសុំបើកសំនុំរឿងករណីប្រឆាំងមនុស្សជាតិ កម្រិតរដ្ឋដែលជាការទទួលខុសត្រូវរបស់ គិមជុងអ៊ុន។ ក្រសូងការបរទេសចិននិយាយថា បើរឿងក្ដីនេះត្រូវបានដាក់ទៅកាន់ICC នឹងមិននាំឲ្យស្ថានការណ៍សិទ្ធិមនុស្សនៅ កូរ៉េខាងជើង ល្អប្រសើរឡើយ។
ជាច្រើនឆ្នាំមកហើយ ដែលរដ្ឋកុម្មុយនិសកូរ៉េខាងជើងរងការគាបសង្កត់ពីសហគមន៍អន្តរជាតិ ករណីកម្មវិធីអាវុធនុយគ្លេអែរតែវាមិនច្បាស់ថា ការចោទប្រឆាំងថ្មីបំផុតនេះនាំឲ្យក្រុងព្យុងយ៉ាង បោះបង់មហិច្ឆិតានេះចោលនោះទេ។ ប៉ុន្តែអ្នកវិភាគជាច្រើន នៅតែមានមជ្ឈធាតុនិយមទៅរកការផ្លាស់ប្ដូរមួយ។
នាយកវិទ្យាស្ថានសិក្សាអំពីប្រទេសកូរ៉េនៃសាកលវិទ្យាល័យ California ខាងត្បូង លោក ដាវិដកាំង មានប្រសាសន៍ថា អ្នករាល់គ្នា សុទ្ធតែបានដឹងពី ស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង ថាវាធ្ងន់ធ្ងរ កម្រិតណានោះ។ ប៉ុន្តែលោកមើលឃើញថា សហរដ្ឋអាមេរិកត្រូវតែ បើកយុទ្ធនាការករណី នេះឲ្យ បាន ទូលំទូលាយនិងខ្លាំងក្លា ជាពិសេសក្រុមសម្ព័ន្ធរបស់ខ្លួន ហើយត្រូវលើកករណីនេះទៅ ឯក្រុមប្រឹក្សាសន្តិសុខ(អសប)។
មកដល់ពេលនេះ មានមេដឹកនាំពិភពលោកជាង ៣០នាក់ ហើយមាន ឈ្មោះត្រូវនាំខ្លួនឡើងតុលាការ ICC ហើយមួយចំនួន ត្រូវបាននាំខ្លួនមកកាត់ទោស និងមានចំនួនទៀត មិនអាចនាំខ្លួនបាន ដោយសារពួកគេស្ថិតនៅក្នុងអំណាចនិងមេដឹកនាំខ្លះអស់អំណាច ត្រូវបានប្រជាជន របស់ខ្លួនកាត់ទោសដូចជា មេដឹកនាំផ្ដាច់ការ ម៉ូម៉ាវហ្គាដាហ្វី នៃ ប្រទេសលីប៊ី អតីតប្រធានាធិបតី អីរ៉ាក់ សាមដាមហូសេន អតីតប្រធានាធិបតី អេហ្សិប ហូស្នីមូបារ៉ាក់ ជាដើម។
តើលោក គិមជុងអ៊ុន អាចត្រូវចោទនិងកាត់ក្ដីក្នុងករណីនេះដែរឬទេ?
ដោយបន្ថែមលើការចេញរបាយការណ៍ ដ៍ភ្ញាក់ផ្អើលនេះ ក្រុមស៊ើបអង្កេត (អសប) បាននិយាយថា នឹងបញ្ចូនទៅ ICC ដើម្បីសុំការបើក សំនុំរឿងក្ដីនេះហើយ នឹងបញ្ចូនទៅលោកគិមជុងអ៊ុន ថាលោកអាចប្រឈមនឹងកាត់ទោសពីបទ ប្រឆាំងមនុស្សជាតិ។ អ្នកវិភាគព្យាករណ៍ថា រឿងក្ដីនេះអាចនឹងនាំឲ្យ មេដឹកនាំកូរ៉េខាងជើងបន្តបាក់មាត់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ហើយបើ រុញទៅកាន់ ICC គឺយ៉ាងហោចណាស់ក៍ មេដឹកនាំ កូរ៉េខាងជើងនេះអាច ត្រូវបានផ្ដន្ទាទោស បើទោះជាក្នុងទិដ្ឋភាពណាក៍ដោយ៕
វិភាគ៖មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងអាចប្រឈមនឹងការកាត់ទោសនៅICCកណីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ?
ប្រភព និង អត្ថបទ ដោយ : នួន បូរិន (VOD)


