នាព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះ នៅសាលារាជធានីភ្នំពេញឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីបណ្តាអភិបាលខណ្ឌទាំង ០៩ និងមន្រ្តីជំនាញពាក់ព័ន្ធ ជុំវិញសាលារាជធានី ភ្នំពេញជាច្រើនរូប ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ០៩ ក្នុងរាជធានីភ្នំពេញ ត្រូវចុះរៀបចំសណ្តាប់ធ្នាប់តាមទីផ្សារ និងតាមដងផ្លូវ រួម ទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងរាជធានី ភ្នំពេញឲ្យបានកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះ មន្ត្រីនគរបាលជំនាញ ត្រូវចុះបំពាក់បំប៉នដល់បុគ្គលិកជាប់កិច្ចសន្យា តាមខណ្ឌនិមួយៗ ដើម្បីអនុវត្ត ការងារនេះឲ្យកាន់មានប្រសិទ្ធភាព ។
ឯកឧត្តមអភិបាល បានបន្តថា ការ ដាក់ចេញនូវនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអណត្តិទី៥នាពេលនេះ គឺត្រូវការពេលវេលាមួយ សមស្រប ។ ការកែទម្រង់អ្វីមួយគឺមិនងាយស្រួលនោះទេ ដាច់ខាតត្រូវតែទទួលជួបនូវការលំបាកជាក់ជាមិនខាន រាប់ទាំងការកែទម្រង់រដ្ឋបាល និងកែទម្រង់មន្ត្រីរាជការ ។ តែទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែធ្វើដើម្បីជាតិ និងប្រជាពលរដ្ឋ ។ ឯកឧត្តមអភិបាល បានគូសបញ្ជាក់ទៀតថា បញ្ហាចំពោះមុខដែលរាជធានីភ្នំពេញត្រូវធ្វើជាចំបង នោះគឺ ការពង្រឹង និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមទីផ្សារឲ្យមានរបៀបរៀបរយ ។ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ តាំងពីក្រោយការបោះឆ្នោតមកនៅតែជាចំណុចសំខាន់ ។ ប៉ុន្តែ អាស្រយ័ដោយការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចជំនាញ រួមទាំងប្រជាពលរដ្ឋផងនោះ បានធ្វើឲ្យស្ថានការណ៍ក្នុងរាជធានី ភ្នំពេញ មានស្ថេរភាពជាវិជ្ជមានឡើងវិញ បន្ទាប់ពីមានភាពវឹកវរខ្លះៗដែលបង្ករឡើងដោយអ្នកនយោបាយនាពេល កន្លងមក ។ ទន្ទឹមនេះ ឯកឧត្តម ប៉ាសុជាតិវង្ស ក៏បានលើកឡើង ពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មកបញ្ជាក់ជូនផងដែរថា កម្ពុជា គ្មានទេពាក្យថាជាប់គាំងផ្នែកនយោបាយ ។ ព្រោះស្ថាប័នព្រះមហាក្សត្រ ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល គឺកំពុងដំណើរការជាប្រក្រតី ។ ជារដ្ឋអធិបតេយ្យ ដែលបានបំពេញតួនាទី ជាតិ អន្តរជាតិ ជាប្រក្រតី ហើយគណបក្សជាប់ឆ្នោតទាំង ០២ ក៏បន្តជួបពិភាក្សាគ្នា ដើម្បីឈានទៅរកចំណុចរួមស្របតាមរដ្ឋធម្មនុញ្ញ ដោយ យកផលប្រយោជន៍ជាតិជាធំ៕
ប្រភព : សាលារាជធានីភ្នំពេញ



