សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២១ ខែកុម្ភៈ បានស្រង់សម្តី អ្នករាយការណ៍ ពិសេសអង្គការ សហប្រជាជាតិ ទទួលបន្ទុកផ្នែក សិទ្ធិសេរីភាពប្រមូលផ្តុំ និង ការជួបប្រជុំ លោក Chaloka Beyani ដែលថ្មីៗនេះ ត្រូវបានចាត់តាំង ឲ្យដឹកនាំ និងសម្របសម្រួលគណៈកម្មការអ្នកជំនាញអន្តរជាតិនោះ ឲ្យដឹងថា អង្គការសហប្រជាជាតិ ព្រួយបារម្ភចំពោះអ្វីដែលបានកើតឡើងនៅក្នុងទីក្រុង គៀវ។ លោកថា អង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងសន្តិសុខហួសប្រមាណ ប្រឆាំងនឹងបាតុករ និងជំរុញឲ្យបញ្ឈប់ទង្វើនោះជាបន្ទាន់ ដោយចាត់វិធានការស៊ើបអង្កេតដោយឯករាជ្យ និងពេញលេញចំពោះការប្រើហិង្សានេះ។
ក្នុងសេចក្តីថ្លែងការណ៍ លោក Beyani ជំរុញឲ្យអាជ្ញាធរ ពន្លឿនការស៊ើបអង្កេតលើករណី ហិង្សាមួយចំនួន លើបាតុករ ដែលបានកើតមានឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៣។ លោក សង្កត់ធ្ងន់ថា អង្គការ សហប្រជាជាតិ ថ្កោលទោសចំពោះការប្រើហិង្សារបស់កម្លាំងសមត្ថកិច្ច ទៅលើអ្នកសារព័ត៌មាន ដែលបានចុះទៅធ្វើសេចក្តីរាយការណ៍នៅក្នុងបាតុកម្មនោះ ដោយជំរុញឲ្យអាជ្ញាធរទាំងនោះ គោរព និងផ្តល់កិច្ចសហប្រតិបត្តិការ សម្រួលការងារដល់អ្នកសារព័ត៌មានវិញ។
សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិទាំងនេះ សង្កត់ធ្ងន់ ចំពោះអ្នកដែលទទួលខុសត្រូវក្នុងការបញ្ជា និងបង្កើតឲ្យមានបទឧក្រិដ្ឋ ឃាតកម្មលើបាតុករ រួមនឹងសកម្មភាពទារុណកម្ម និងឲ្យទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ក្រោមច្បាប់ជាតិ និងអន្តរជាតិ៕
ប្រភពដោយ : (VOD) អត្ថបទដោយ : តាំង វីដា


