កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និង៧នាក់ទៀតបាន រងរបួសធ្ងន់ស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរមួយ ពេលដែលរថយន្តមួយគ្រឿង ឈប់ប្តូរកង់ត្រូវរថយន្តមួយគ្រឿងទៀតមកបុកពីក្រោយពេញទំហឹង។
ហេតុការណ៍នេះកើតឡើងនៅ តាមបណ្តោយផ្លូវជាតិលេខ៥ វេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៤ នៅចន្លោះគីឡូម៉ែត្រលេខ១១៤ និង១១៥ស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ។ សមត្ថកិច្ចនគរចរាចរណ៏ ខេត្តបាននិយាយថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក មីតស៊ុយប៊ីស៊ីសាន់ថឺ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3A.1421 បើកបរពីត្បូងទៅជើង។
លុះមកដល់ចំណុចកើត ហេតុក៏បានបែកកង់ ហើយម្ចាស់រថយន្តបានឈប់អែប ខាងស្តាំដៃដើម្បីប្តូរកង់ ដោយមានដាក់មែកឈើ និងកង់រថយន្តជាសញ្ញាផងដែរ។ ពេលនោះមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយស្តារីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2 S .5150 បើកបរដោយឈ្មោះ សាវី លីម ភេទប្រុសអាយុ៤៤ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក្នុងល្បឿនយ៉ាងលឿន ហើយក៏ បានជ្រុលទៅបុករថយន្តដែល កំពុងឈប់ប្តូរកង់នោះពីក្រោយ យ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្ត នោះខ្ទេចមួយកំណាត់មុខ។ ចំណែកអ្នកជិះខាងមុខជាប់ នឹងអ្នកបើកបរឈ្មោះ ផៃ វង់តាំ អាយុ៣៤ឆ្នាំ ភេទប្រុស មានសញ្ជាតិវៀតណាម បានស្លាប់ក្នុងរថយន្ត និងអ្នកបើកបររងរបួសធ្ងន់។ រីឯ ៦នាក់ទៀតបានរងរបួស ធ្ងន់ស្រាលផងដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកបើករថយន្ត បុកគូទរថយន្តគេពីក្រោយនោះ គឺទើបត្រឡប់មកពីស៊ីការគេនៅកំពង់ឆ្នាំង ហើយត្រឡប់ទៅ ឃុំឆ្នុកទ្រូវិញ ក៏ជួបគ្រោះថ្នាក់បែបនេះ ដែលមន្ត្រីនគរបាលថាមកពីអ្នកបើកបរនោះស្រវឹង។
ក្រោយពេលកើតហេតុ ជនរងគ្រោះខ្លះត្រូវបានគេដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ខ្លះដឹកទៅពេទ្យប្រទេសវៀតណាម។ ចំណែកសពត្រូវបានគេដឹក ទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅឋានភូមិឆ្នុកទ្រូ។ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ដើម្បី កសាងសំណុំរឿងរង់ចាំ ការដោះស្រាយតាមនីតិវិធីច្បាប់៕
ប្រភព ដោយ : KPT




