Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

មេដឹកនាំ​សហជីព​ធំៗ មួយចំនួន​ក្នុង​ចំណោម​សហជីព និង​សមាគម​ទាំង​១៨ ត្រៀម​បញ្ចប់​ការចែក​​ ​ខិតប័ណ្ណទៅ​ដល់ ​កម្មករ​-​កម្មការិនី ឲ្យចូល​រួម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ នៅ​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​។​

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​ VOD នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ​នេះ​ថា ក្រុម​លោក​បាន​ចែក​អស់ ប្រមាណ​៩០​ភាគរយ នៃ​ខិតប័ណ្ណ​ជាង​មួយ​ម៉ឺន​សន្លឹក ហើយ​ត្រូវ​បញ្ចប់​នៅ​រសៀល​នេះ​។ លោក​មាន​សង្ឃឹមថា ក្រុមកម្មករ កម្មការិនី ក៏ដូចជា​សាធារណៈជន នឹងចូលរួម​ធ្វើ​កូដកម្ម​ទូទាំងប្រទេស ។

សហជីព និង​សមាគម​ចំនួន​១៨ នឹង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៤ ក្នុង​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក​ដោះស្រាយ​បញ្ហា​ចំនួន​៧​ចំណុច ក្នុងនោះ សុំ​ឲ្យ​ដោះលែង​អ្នក​ទាំង​២១​នាក់ និង​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​ដល់​កម្មករ​។ ​ប៉ុន្តែ​មេដឹកនាំ សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក ជួន មុំ​ថុល ដែល​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ផង​នោះ​បាន​ប្រកាស​ប្រឆាំង​នឹង​ការធ្វើ​កូដកម្ម​នេះ ។

​ទោះជា​យ៉ាងណា លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខា​វឌូ ឲ្យដឹងទៀតថា នៅពេលដែល​ក្រុម​ការងារ​លោក​ចុះ​ចែក​ខិតប័ណ្ណ​នេះ បានកត់សម្គាល់​ឃើញ​ថា កម្មករ​គាំទ្រ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្មួល​ ១៦០​ដុល្លារ និង​ឲ្យ​ដោះលែង​មនុស្ស ​២១​នាក់​នោះ ប៉ុន្តែ​មិន​គាំទ្រ ការហាម​ចូលរួម​កូដកម្ម​នោះទេ ។

លោក អាត់ ធន់ បានឲ្យដឹងថា សម្រាប់​ក្រុម​របស់​លោក​វិញ​ចែក​បាន​ជាង ​៧០​ភាគរយ នៃ​ខិតប័ណ្ណ​ជាង​ពីរ​ម៉ឺន​សន្លឹក​។ លោក​បន្តថា បើទោះជា​មាន​ការ​តាម​ឃ្លាំ​មើល​ពី​សមត្ថកិច្ច ចំពោះ​ការចែក​ខិតប័ណ្ណ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ក៏​ដោយ ប៉ុន្តែ​អាច​ដំណើរការ​ទៅ​បាន​តាម​ការគ្រោងទុក ។

​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក ស មូ​រ៉ា មានប្រសាសន៍ថា យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំទាំង​ ២១​នាក់ និង​ការទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ នៅតែ​បន្ត​ទៅមុខ​មិន​ដកថយ​ទេ បើទោះជា​ប្រឈម​នឹង​ការបង្ក្រាប​ក៏ដោយ​។

កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​មាន​ជាង ​៦​សែន​នាក់ ដែល​រដ្ឋាភិបាល​បាន​កំណត់​ប្រាក់​ឈ្នួល​ពួកគេ​ ១០០​ដុល្លារ ប៉ុន្តែ​កន្លងមក​កម្មករ​រាប់​ម៉ឺន​នាក់ បាន​ផ្ទុំ​បាតុកម្ម មិន​ទទួលយក​ការដំឡើងប្រាក់​ឈ្នួល​នេះ​ទេ ដោយ​ទាមទារ​ដល់​១៦០​ដុល្លារ ទើប​ធានាបាន​លើ​ការចំណាយ​ប្រចាំខែ​៕

ប្រភពដោយ : (VOD) អត្ថបទដោយ : ជន ស្រីណុច

«
Next
Newer Post
»
Previous
Older Post