ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឲ្យដឹងថា អាមេរិក
នឹងពិចារណាពីបញ្ហាជាប់គាំងនយោបាយ
និងស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា
មុននឹងសម្រេចបន្តផ្តល់ជំនួយមកកម្ពុជា។
ក្រោយពីជួបពិភាក្សាជាមួយនឹងលោក Paul Crow
សមាជិកព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកផ្នែកបច្ចេកទេសថវិកា
និងសមាជិកគណៈកម្មាធិការអនុម័តថវិការបស់អាមេរិក
នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នាថ្ងៃសុក្រនេះ លោក សម
រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ក្នុងជំនួបនោះ លោក Paul Crow
ដែលជាអ្នកមានឥទ្ធិពលម្នាក់ ក្នុងការសម្រេចបញ្ចេញថវិការបស់អាមេរិក
បានសួរនាំពីស្ថានភាពនយោបាយនៅកម្ពុជា និងដំណោះស្រាយ
ដែលអាចនឹងកើតមានឡើង។
លោកបន្តថា អាមេរិក
គាំទ្រចំពោះការទាមទារឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីការបោះឆ្នោ
ត ថ្ងៃទី២៨កក្កដា ដោយពេលនេះ អាមេរិក
បានសម្រេចកាត់ផ្តាច់ជំនួយយោធាមកកម្ពុជា ហើយសភាអាមេរិក
ទើបអនុម័ច្បាប់ថ្មី ដោយភ្ជាប់លក្ខខណ្ឌលើរដ្ឋាភិបាលអាមេរិក
មុននឹងបន្តផ្តល់ជំនួយមកកម្ពុជា ៖ « ច្បាប់ថវិកា របស់គេ
មានដាក់លក្ខខណ្ឌទៅឲ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក និយាយឲ្យចំទៅគឺ
ចំពោះលោកប្រធានាធិបតី អូបាម៉ា ថាមិនអាចផ្តល់ជំនួយ ជំនួយមួយចំនួន
ជំនួយមួយប្រភេទ ជាពិសេសរឿងយោធា គឺមិនអាចផ្តល់ជំនួយមកកម្ពុជា
តាមរយៈរដ្ឋាភិបាល លោក ហ៊ុន សែន ទេ
ដរាបណាអត់មានការស៊ើបអង្កេត ការបោះឆ្នោត កន្លងទៅ។ »
យ៉ាងណាក៏ដោយ ក្រោយជំនួបនេះ លោក Paul Crow សមាជិកព្រឹទ្ធសភាអាមេរិក
មិនបានអធិប្បាយអ្វី ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី ឡើយ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា
ចាត់ទុកជំនួបនេះ ក៏ដូចជាជំនួបទ្វេភាគីកន្លងមក
ជាឱកាសរបស់គណបក្សប្រឆាំងក្នុងការភូតកុហក ដល់សហគមន៍អន្តរជាតិ ជាពិសេស
សហរដ្ឋអាមេរិក។ លោកថា ការព្រមានរបស់អាមេរិក
គ្រាន់តែជាការសំញែងពីការទាមទារ គោរពលទ្ធិប្រជាធិបតេយ្យ
ហើយការបន្តពិចារណា
គឺដោយសារតែអាមេរិកនៅមិនទាន់ជឿ ការអះអាងរបស់ គណបក្ស ប្រឆាំងទាំងស្រុង
ទេ ៖ « គ្រប់សកម្មភាព ទាំងឡាយ ក្នុងប្រទេស គឺដំណើរការធម្មតា
អត់មានអ្វីកកស្ទះ ឬវិបត្តិនោះទេ ក៏ប៉ុន្តែបើគេ ពិនិត្យមើល
ពីឬសគល់ នៃការប្រឹងប្រែងរបស់ រដ្ឋាភិបាលទៅ គឺអ្វីៗនៅប្រក្រតីភាពធម្មតា
ដូចជាមិនអ្វីប្រែប្រួលទេ។ »
សម្រាប់លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គម
ឲ្យដឹងថា អាមេរិក និងប្រទេសដៃគូអភិវឌ្ឍន៍ជាច្រើន
សុទ្ធតែកំពុងរង់ចាំមើលការវិវឌ្ឍន៍ស្ថានភាពនយោបាយនៅកម្ពុជា។
លោកយល់ថា បើនៅតែមិនមានការសម្របសម្រួលផ្នែកនយោបាយទៀតនោះ កម្ពុជា
អាចនឹងមានផលវិបាកក្នុងការ ទាញយកផល ប្រយោជន៍ពីប្រទេស ទាំងនោះទៅថ្ងៃ
អនាគត ៖ « ជំនួយ សហរដ្ឋអាមេរិកខ្លះ ជាជំនួយបន្ត
ហើយជំនួយសប្បុរសធម៌នៅតែបន្ត ប៉ុន្តែជំនួយសំខាន់ៗ ដទៃទៀត
យើងមិនទាន់ឃើញ លេចរូបរាងនៅឡើយ ពីព្រោះឆ្នាំ២០១៤នេះ ជាឆ្នាំថ្មីបន្តទៀត។ »
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៤នេះ ប្រមុខរដ្ឋាភិបាលអាមេរិក លោក
បារ៉ាក់ អូបាម៉ា
បានចុះហត្ថលេខាលើសេចក្តីព្រាងថវិកាផ្អាកការផ្តល់មូលនិធិផ្ទាល់
មករដ្ឋាភិបាលកម្ពុជា ចំនួន ៨០លានដុល្លារក្នុង១ឆ្នាំ
ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តការស៊ើបអង្កេតដោយឯករាជ្យ
និងគួរឲ្យទុកចិត្តមួយ
ទៅលើភាពមិនប្រក្រតីនៃថ្ងៃបោះឆ្នោតឆ្នាំ២០១៣។ ករណីនេះ
ត្រូវបានមន្ត្រីរដ្ឋាភិបាល ចាត់ទុកថា ជាសិទ្ធិរបស់រដ្ឋាភិបាលអាមេរិក
ប៉ុន្តែអាមេរិក មិនគួរយកកត្តានេះ មកដាក់គំនាបលើប្រទេសកម្ពុជា
ដែលកំពុងតែពង្រឹងការអភិវឌ្ឍន៍របស់ខ្លួនឡើយ៕
លោក សម រង្ស៊ី ៖ អាមេរិក នឹងពិចារណាបញ្ហានយោបាយ មុនបន្តផ្តល់ជំនួយមកកម្ពុជា
ប្រភពដោយ ៖ (VOD) អត្ថបទដោយ ៖ តាំង វីដា


