Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ប្រទេស​ចិន បង្ហាញ​រូបភាព​មួយចំនួន ដែល​ត្រូវបាន​ផ្កាយរណប​ចាប់បាន ដោយ​សង្ស័យ​ថា​ជា​បំណែក​យន្តហោះ​ម៉ាឡេស៊ី ដែល​បាន​បាត់​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​។​

​រូបភាព​ចំនួន​បី ដែល​អាច​ជា​បំណែក​យន្តហោះ​អណ្តែត​នៅ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ផ្សព្វផ្សាយ​នៅ លើ​គេហទំព័រ​ របស់​រដ្ឋាភិបាល​ចិន​។​រូបភាព​ទាំងនោះ ត្រូវ​បាន​ថត​ទាំងពី​ថ្ងៃអាទិត្យ មួយ​ថ្ងៃ​បន្ទាប់​ពី​យន្តហោះ បាត់ តែ​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​សារព័ត៌មាន​BBC​ ចុះផ្សាយ​ថា បំណែក​ដែល​រកឃើញ​នោះ ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ភាគ​ខាងកើត​ប្រទេស​ម៉ាឡេស៊ី និង​រហូត​ដល់​ភាគខាងត្បូង​ប្រទេស​វៀតណាម​។​បំណែក​ធំជាងគេ ដែល​ត្រូវបាន​រកឃើញ​នោះ មាន​ទំហំ​ទៅដល់​២៤X២២​ម៉ែត្រ​។​

កន្លងទៅ យន្តហោះ​ជួយ​សង្គ្រោះ​របស់​វៀតណាម បាន​រកឃើញ​បំណែក​មួយចំនួន ដែល​សង្ស័យ​ថា​ជា​កម្ទេច​របស់​យន្តហោះរ​បស់​ម៉ាឡេស៊ី តែ​បន្ទាប់​មក​បញ្ជាក់ថា វា​មិនមែន​ជា​បំណែក​យន្តហោះ​ទេ​។​

​យន្តហោះ​ម៉ាឡេស៊ី ប្រភេទ​Boeing 777 (​ជើងហោះហើរ​MH370) ដឹក​អ្នកដំណើរ​ចំនួន​២២៧​នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ ១២​នាក់ (​សរុប ២៣៩​នាក់​)​។ យន្តហោះ បាន​ចេញដំណើរ​ពី​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​វេលា​ម៉ោងជាង​១២​យប់​ថ្ងៃ​សៅរ៍ តែ​បាន​បាត់​ការទំនាក់ទំនង​ពីរ​ម៉ោង​បន្ទាប់​។​

​មន្ត្រី​និយាយ​ថា យន្តហោះ​របស់​ម៉ាឡេស៊ី បាន​ព្យាយាម​ត្រឡប់មកវិញ មុនពេល​ដែល​យន្តហោះ​នោះ បាត់​ការទាក់ទង​។​ ​អ្នកដំណើរ​នៅ​លើ​យន្តហោះ​នោះ មាន​១៤​ជាតិ​សាសន៍ ក្នុងនោះ​មាន​ជនជាតិ​ចិន ១៥៣​នាក់ ជនជាតិ​ម៉ាឡេស៊ី ៣៨​នាក់ ជនជាតិ​ឥណ្ឌូនេស៊ី ៧​នាក់ អូស្ត្រាលី ៦​នាក់  ឥណ្ឌា ៤​នាក់ បារាំង​៤​នាក់ អាមេរិក​៣​នាក់ និង​ជនជាតិ​ដទៃទៀត​៕


ប្រភព​ និង អត្ថបទ ដោយ​ : ស៊ុន ណារិន (VOD)

«
Next
Newer Post
»
Previous
Older Post