Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភ្នំពេញៈ បទចម្រៀងមួយចំនួន របស់ផលិតកម្ម ថោន បានត្រៀម រួចជាស្រេច សម្រាប់ឱកាស បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលរំកិលមកដល់ ក្នុងពេល ឆាប់ៗខាងមុខនេះ មានលក្ខណៈ ចំអេសចំអាស មិនគួរឲ្យចង់ស្ដាប់ កំពុងតែទទួលរងការ រិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជនថា អត្ថន័យ នៃបទចម្រៀងនោះ មានបង្កប់ពាក្យពេចន៍ មិនសមរម្យ អសុរោះ ក្នុងន័យ បង្អាប់បង្អោនប្រពៃណីខ្មែរនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រកាសដាក់ បម្រាមដល់បណ្តាស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងប្រទេសទាំងអស់ មិនឲ្យចាក់បទចម្រៀង ទាំងអស់នោះឡើយ ។

គេសង្កេតឃើញថា ចាប់តាំងពី ខាងផលិតកម្ម ថោន បានធ្វើការផ្សព្វផ្សាយ បទចម្រៀងវ៉ុលថ្មី ដើម្បីត្រៀម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយមានបទចម្រៀងជាច្រើន មានចំណងជើងថា បបរក្តៅ, ពូកអូនប៉ុនណា , ឈឺត្រង់ពកណាស់, ដួលគងចំប៉ាន់ ,ខ្ញុំចូលចិត្តញុំាការ៉េម និងបទមួយចំនួនទៀត កំពុងតែរងការរិះគន់ មិនសំចៃមាត់ ពីមហាជន និងមិត្តយុវវ័យ ស្ទើរតែគ្រប់ស្រទាប់វណ្ណៈ។ ផ្ទុយស្រឡះពីក្តីសង្ឃឹម ដែលខាងផលិតកម្ម បានរំពឹងទុកថា អាចទទួលបានការគាំទ្រ យ៉ាងក្រាសក្រែលនោះ ។

ស្របពេលសំឡេងនៃការរិះគន់ កំពុងតែលេចឮ កងរំពងនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤នេះថា ពេលនេះលោកកំពុងមានវិធានការ ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ហាមមិន ឲ្យចាក់ផ្សាយ បទចម្រៀង របស់ផលិតកម្ម ថោន ដែលត្រៀមចេញសម្រាប់បុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះទេ ដោយសារតែ នៅក្នុងអត្ថន័យបទចម្រៀងនោះ មានការបង្កប់ន័យ អសុរោះ មិនពីរោះស្តាប់ ក្នុងចេតនាមិនល្អ ហើយធ្វើឲ្យប៉ះពាល់ ដល់វប្បធម៌ខ្មែរ និងមិនផ្តល់តម្លៃឲ្យស្ត្រីខ្មែរ ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា «ក្រសួងព័ត៌មាន គ្មានសិទ្ធិហាមឃាត់ ការចែកចាយនោះទេ ព្រោះថា នេះជាសមត្ថកិច្ចរបស់ ក្រសួងវប្បធម៌។ ដោយឡែកចំពោះ បម្រាមចាក់ផ្សាយ លើប្រពន្ធផ្សព្វផ្សាយនេះ គឺខ្ញុំគ្រាន់តែត្រៀម ធ្វើជាសំណើរ ទៅដល់គ្រប់វិទ្យុ និងទូរទស្សន៍ មិនទាន់បានធ្វើឡើង ជាលាយលក្ខណ៍អក្សរ នៅឡើយទេ ហើយខ្ញុំកំពុងជ្រើសថា បទណាខ្លះដែលមិនត្រូវចាក់ផ្សាយ»។

បន្ទាប់ពីមានការលើកឡើងបែបនេះ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញរីទ្ធ ភ្លាមៗ គេសង្កេតឃើញថា មហាជនភាគច្រើនបានសាទរ ចំពោះចំណាត់ការនេះ ហើយសម្រាប់ ការលើកឡើងនេះ ក៏ជាគំរូល្អមួយ សម្រាប់បណ្តាផលិតកម្មផ្សេងៗ មុនពេលដែល ផលិតបទចម្រៀងអ្វីមួយ គួរតែគិតគិតពិចារណា ឲ្យបានល្អិតល្អន់ជា មុនហើយ មិនត្រូវចេះតែ និពន្ធប៉ាតនាប៉ាតណី ស្រេចតែចិត្តនឹកឃើញនោះទេ ត្រូវគិតពីប្រពៃណី វប្បធម៌របស់ខ្មែរ ឲ្យបានខ្ជាប់ខ្ជួនផង ។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងរកចាំការបកស្រាយណាមួយ ដោយក្ដីរីករាយពីម្ចាស់ ផលិតកម្ម ថោន ក៏ដូចជាអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅពេលក្រោយ៕


ប្រភព ដោយ : ដើមអម្ពិល (Dap-News)

«
Next
Newer Post
»
Previous
Older Post