កន្លងទៅ តំណាងសហជីពទាំង ១៦ បានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ស្តីពីបាតុកម្មក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាល និងនយោជកដោះស្រាយបញ្ហាចំនួន៧ចំណុច ក្នុងនោះមាន ១,សុំឲ្យដោះលែងជនជាប់ចោទទាំង២១នាក់ និងទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់លើអ្នកទាំង២៣នាក់, ២,សុំឲ្យមានការចរចាឡើងវិញលើប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុងមួយខែ , ៣,ត្រូវដាក់ទោសដល់ជនល្មើសដែលបានប្រើហិង្សានិងសម្លាប់កម្មករ ព្រមទាំងផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង, ៤,រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំជាសាធារណៈរបស់ប្រជាពលរដ្ឋ ចេញ វិញ និងលុបចោលការព្យួរការចុះបញ្ជីការអង្គការវិជ្ជាជីវៈពីក្រសួងការងារ , ៥,តំណាងក្រុមហ៊ុនទាំងអស់ត្រូវដកបណ្តឹងដែលប្រឆាំងសហជីព និងកម្មករនិយោជិត, ៦,សុំទទួលយកកម្មករដែលត្រូវបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ ព្រមទាំងផ្តល់ប្រាក់រម្លឹក និងអត្ថប្រយោជន៍ផ្សេងៗ និងចំនុចទី៧ ត្រូវទូទាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ជូនដល់កម្មករ ដែលនិយោជកបានកាត់ ក្នុងអំឡុងពេលធ្វើកូដកម្ម។
សុខ ឈុនអឿន ប្រធានស្តីទី IDEA មានប្រសាសន៍ក្រោយពីកិច្ចពិភាក្សាថា សាលារាជធានី មិនអនុញ្ញាតឲ្យសហជីពជួបជុំនៅទីលានប្រជាធិបតេយ្យនៅថ្ងៃ៨ខែមិនា ដែលជាទិវាសិទ្ធិនារីឡើយ ដោយទុកឲ្យក្រសួងមហាផ្ទៃជាអ្នកសម្រេច។
តែទោះជាយ៉ាងណា លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ធ្លាប់ប្រាប់ VOD ថា លោកនៅតែប្រកាន់ជំហរធ្វើបាតុកម្មនៅថ្ងៃទី ៨ ខែ មិនា បើទោះជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយ៕
ប្រភព និង អត្ថបទ ដោយ : ឡាយ សាមាន (VOD)


