Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

អ្នក​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ម្នាក់​នៅ​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ត្រូវ​ជន​ពីរ​នាក់​ជិះ​ម៉ូតូ​តាម​ពីក្រោយ វាយ​ក្បាល​នឹង​ញញួរ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​។​
​លោក លី ស្រៀ​ខេង ប្រជាពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ៣​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ ដែល​ត្រូវ​ជនល្មើស​វាយ​ក្បាល​នឹង​ញញួរ​កាលពី​ព្រឹក​មិញ បាន​រៀបរាប់​ប្រវត្តិ​ទំនាស់​របស់​លោក​ថា ពីរ​ថ្ងៃ​មុន មាន​មនុស្ស​មក​រំខាន​ការរកស៊ី​លក់ដូរ​របស់​គ្រួសារ​គាត់ ដោយ​ចោទ​ថា គាត់​លក់ដូរ​នៅលើ​ដី​របស់​គេ​។ លោក​បន្ថែមថា ស្រាប់តែ​ព្រឹក​មិញ មាន​មនុស្ស​ជិះ​ម៉ូតូ​តាម​វាយ​លោក​ពីក្រោយ​តែម្ដង​។

​លោក លី ស្រៀ​ខេង មានប្រសាសន៍​បន្ថែម​ថា ការរស់នៅ​របស់​ពួកគាត់​រង​នូវ​ការគំរាមកំហែង ហើយ​លោក​រស់​ដោយការ​ភ័យខ្លា​ច​ជា​រៀងរាល់ថ្ងៃ​។​

អធិការ​ប៉ូលីស​ខណ្ឌទួលគោក លោក​ហួត ចាន់​យ៉ារ៉ាន់ មានប្រសាសន៍​យ៉ាង​ខ្លី​ប្រាប់ VOD លោក​កំពុងតែ​ស្រាវជ្រាវ​ករណី​នោះ​។​

មន្ត្រី​ផ្នែក​ច្បាប់​នៃ​លេខាធិការដ្ឋាន​សិទ្ធិ​លំនៅដ្ឋាន លោក ណន អូ​នី មានប្រសាសន៍ថា ករណី​វាយ​ជនរងគ្រោះ ដែល​មាន​ទំនាស់​ដីធ្លី នៅ​តំបន់​បឹងកក់ មិនមែន​ជា​ករណី​ទី​១​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​ដែល​វែកមុខ​រក​ជនល្មើស​ឃើញ​ដែរ​។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ បង្កើនល្បឿន​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ដែល​កំពុង​រង​នូវ​ការគំរាមកំហែង​។​

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ គ្រួសារ​លោក​លី ស្រៀ​ខេង ធ្លាប់​បាន​ចោទ​ក្រុមហ៊ុន ឃុន សៀ ថា​បាន​ព្រលែង​ពស់វែក​ចំនួន​៤​ក្បាល​ចូល​ផ្ទះ​គាត់ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០១៣ និង​ធ្លាប់​គំរាម​បោក​គ្រាប់បែក​ចូល​ផ្ទះ​គាត់​ផងដែរ​។​

​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​៣​គ្រួសារ​នៅ​តំបន់​បឹង​កក់​១ ជាមួយនឹង​ក្រុមហ៊ុន កើត​ឡើង​តាំងពី​ខែ​មេសា ឆ្នាំ​២០១៣ ដោយ​ពលរដ្ឋ​អះអាងថា ក្រុមហ៊ុន ឃុន សៀ បាន​ព្យាយាម​ទិញយក​ដី​ពលរដ្ឋ​នៅ​ទីនោះ​ចំនួន​៣​គ្រួសារ ដោយ​ឲ្យ​តម្លៃ ១៥០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​។ ប៉ុន្តែ ប្រជាពលរដ្ឋ​មិន​ព្រម​លក់ ហើយ​ក្រោយមក​ក្រុមហ៊ុន ក៏​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ដើម្បី​រំខាន​ដល់​ពួកគាត់​៕

ប្រភព និង អត្ថបទ ដោយ ណុល​ ដារ៉ា (VOD)

«
Next
Newer Post
»
Previous
Older Post