Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ខេត្ត​កំពង់​ស្ពឺ ៖ កូន​កំលោះ កូន​ក្រមុំ​ថ្មោង​ថ្មី​មួយ​គូ​បាន​អាក់​ខាន​ផ្សំ​ ដំណេក​ដោយ​សារ​តែ​មាន​ជន​ទំនើង​មួយ​ ក្រុម​ជិះ​រថ​យន្ត​កុង​តឺន័រ​ទៅ​បង្ក​ការ​អុក​ឡុក និង​វាយ​តប់​ភ្ញៀវ ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​បណ្តាល​ឱ្យ​ រង​របួស​ជា​ច្រើន​នាក់​ ក្នុង​នោះ​ក៏​មាន​កូន​កំលោះ​ផង​ដែរ​។

ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី១៦ មីនា ២០១៤ នៅ​ភូមិ​ផ្គង់ សង្កាត់​ច្បារ​មន ក្រុង​ច្បារ​មន ។ កូន​កំលោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ ជ័យ ចាន់​ថេត អាយុ​២៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ អូរ​ក្រាំង​អំបិល ឃុំ​ ត្រពាំង​ជង ស្រុក​ សំរោង​ទង រី​ឯ​កូន​ក្រមុំ​ឈ្មោះ​ សេង ចាន់​ឡេង អាយុ​២០​ឆ្នាំ​ មាន​ទី​លំនៅ​កន្លែង​កើតហេតុ​ខាង​លើ​។

តាម​ការ​បំភ្លឺ​ពី​កូន​កំលោះ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពិធី​ទទួល​ភ្ញៀវ​ចប់​ ក៏​មានការ​រាំ​លេង​កម្សាន្ត​ ខណៈ​ពេល​ភ្ញៀវ​កំពុង​ រាំ​លេង​សុខៗ​ស្រាប់តែ​លេច​មុខ​ ជន​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង​ដែក​ គ្រប់​ដៃ​បាន​មក​បង្ក​ការ​អុក​ឡុក​ វាយ​ទៅ​លើ​ភ្ញៀវ​ដែល​កំពុង​រាំ​ បណ្តាល​ឱ្យ​មាន​អ្នក​របួស​ធ្ងន់​ និង​ស្រាល​ ក្នុង​នោះ​រូប​គេ​ជា​កូន​កំលោះ ​ត្រូវ​ជន​ដៃ​ដល់​វាយ​បាក់​ខ្ទង់​ ច្រមុះ​ផង​ដែរ​។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​បង្ក​ហេតុ​រួច​ ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​ឡើង​ ជិះ​រថ​យន្ត​កុង​តឺន័រ​រត់​បាត់​អស់​ ពេល​នោះក្រុម​គ្រួសារ​ខាង ​កូន​កំលោះគិត​ថា​ក្រុម​បង្ក​ទៅ​បាត់​ ណាមួយ​ពិធី​ចប់​ផង​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ និង​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ លុះ​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ចំការ​ដូង​ សង្កាត់​ច្បារ​មន​ ក្រុង​ច្បារ​មន ស្រាប់​តែ​លេច​មុខ​ក្រុម​ បង្ក​ដដែល​នេះ​ម្តង​ទៀត​បាន​ ធ្វើ​សកម្ម​ភាព​ស្ទាក់​វាយ​ម៉ូតូ និង​រថ​យន្ត​ក្រុម​គ្រួសារ​កូន​កំលោះ​ជា​ថ្មី​ម្តង​ទៀត​។ ដោយ​គ្មាន​អ្វី​តប​ត​បង​ប្អូន​កូន​កំលោះ​ រួម​ទាំង​ម្តាយ​ផង​នោះ​បាន​នាំ​គ្នា​រត់​ចោល​ម៉ូតូ និង​រថ​យន្ត​ ហើយ​មក​សុំ​ផ្ទះ​អ្នក​ នៅ​ក្បែរ​នោះ​ជ្រក​រហូត​ដល់​ មាន​សមត្ថ​កិច្ច​មក​ដល់​ទើប​ហ៊ាន​ចេញ​ក្រៅ​។

លោក​អនុ​សេនីយ៍​ទោ ណយ សារិទ្ធ​ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​រកា​ធំ​ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៦ មីនា ២០១៤ បាន​ទទួល​ទូរ​ស័ព្ទ​ពី​ប្រជា​ពលរដ្ឋ​ថា មានការ​ប្រើ​ហិង្សា​វាយ​តប់​ពី​សំណាក់​ជន​ទំនើង​ មួយ​ក្រុម​ជិះ​រថ​យន្ត​កុង​តឺ​ន័រ​ រូប​លោក​​រួម​និង​កម្លាំង​បាន​ចុះ​ទៅ ​ដល់​កន្លែង​កើត​ហេតុ​បាន​ឃើញ​សកម្ម​ភាព ​ជន​បង្ក​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ ខណៈ​នោះ​កម្លាំង​របស់​លោក​បាន​ឃាត់​ខ្លួន​ជន​ទំនើងបាន​ម្នាក់​ ចំណែក​បក្ស​ពួក​របស់​គេ​ បាន​បោះ​ដំបង​ចោល​ ហើយ​រត់​ឡើង​កុង​តឺ​ន័រ​បើក​រត់​បាត់​អស់។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​ដៃ​ដល់ឈ្មោះ ​រុង ភារៈ បាន​ឆ្លើយ​សារភាព​ថា រូប​គេ​ និង​មិត្ត​ភក្តិ​បាន​មក​ចូល​រួម​ក្នុង​ពិធី ​មង្គល​ការ​នេះ​ដែរ ហើយ​ពេល​រាំ​លេង​កើត​មាន ​ជម្លោះ​គ្នា​ក្លាយ​ទៅ​ជា​រឿង​បែប​នេះ​ទៅ​។ តែ​ទោះ​ជា​យ៉ាង​នេះ ​ក្តី​ត្រូវ​បាន​កូន​កម្រុំ​ឈ្មោះ​សេង ចាន់​ឡេង ហៅ​យូរី​ឆ្លើយ​បដិ​សេធ​ថា ខាង​នា​ង​មិន​បាន​ហៅ​ពួក​នេះ​(ជ​ន​ដៃ​ដល់)​ និង​បក្ស​ពួក​ឱ្យ​ចូល​រួម​ពិធី​មង្គល​ការ​ទេ ហើយ​ក៏​មិន​ដែល​ស្គាល់​ពួកគេ​ដែរ​។

បច្ចុប្បន្ន​ជន​ដៃ​​ដល់​ត្រូវ​បាន​ឃាត់​ ខ្លួន​នៅ​អធិការ​ដ្ឋាន​ក្រុង​ច្បារ​មន​រង់​ ចាំបញ្ជូន​បន្ត​តាម​នីតិ​វិធី​ តែ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ​រាត្រី​ទឹក​ឃ្មុំ​បាន​ ក្លាយ​ជា​រាត្រី​ទឹក​ខ្មេះ​ដោយ​សារ​កូន​កំលោះ ​ត្រូវ​គេ​វាយ​បាក់​ខ្ទង់​ច្រមុះ៕

ប្រភព ដោយ : កោះសន្តិភាព

«
Next
Newer Post
»
Previous
Older Post