Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

កម្មការិនី​មាន​ ផ្ទៃពោះ​៤​ខែ​ម្នាក់ ​រង​ការប៉ះទង្គិច ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ចម្រុះ ខណៈ​ដែល​កម្មករ​រោងចក្រ​កាត់ដេរ ​QMIB ប្រមាណ​៣០០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​។​

​កម្មករ​រោងចក្រ​កាត់ដេរ QMIB នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប្រមូលផ្តុំ​គ្នា​ព្រមាន​ បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅត្រង់​ចំណុច​ភូមិ​ត្រ​យឹង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ពួកគេ​៣​នាក់ ដែល​ខាង​មន្ទីរ​ខេត្ត​ចាប់​កាលពី​ម្សិលមិញ​។​

​កម្មការិនី​ ជា លក្ខិណា បានថ្លែងប្រាប់​អ្នកសារពត៌មាន នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែ​ឧសភា​នេះ​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ប្រើ​ហិង្សា​លើក​ម្មករ ខណៈ​ពួកគេ​ភាគច្រើន​ជា​ស្ត្រី ធ្វើ​កូដកម្ម​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ទាមទារ​ឲ្យ​ដោះលែង​តំណាង​កម្មករ​បីនាក់ ពេលនោះ​មាន​ការ​រុញច្រាន​ប្រើ​ដំបងឆក់ បណ្តាល​ឲ្យ​ ប៉ះ​ទង្គិច​លើ​កម្មការិនី​ មាន​ផ្ទៃពោះ​៤​ខែ​ម្នាក់ រហូតមកដល់​ពេល​នេះ​ស្ត្រី​រូបនោះ​ កំពុងតែ​មាន​ការឈឺ​ចុកចាប់ អង្គុយ​នៅ​និង​មួយ​កន្លែង​។

អ្នកនាង​បន្តថា ក្រៅ​ពី​ស្ត្រី​ម្នាក់​នោះ​នៅ​ មាន​កម្មករ​ភាគច្រើន​ជា​ស្ត្រី​ផ្សេងទៀត បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច ហើយ​រង​ការ​គំរាមថា វាយ​ទម្លាក់​ចូលក្នុង​ប្រឡាយ​ទឹក។

កម្មការិនី​មានផ្ទៃពោះ​៤​ខែ​រងគ្រោះ​ឈ្មោះ ខៀវ ម៉ៅ សំណូមពរ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ករណី​ពួកគេ​ផង ខណៈ​ពេល​នេះ​កម្មករ​រោងចក្រ QMIB​កំពុងតែ​រង​នូវ​ការគាបសង្កត់​ ពី​​សំណាក់​ថៅកែ មិនតែប៉ុណ្តោះ​ត្រូវបាន​អាជ្ញាធរ ​ប្រើប្រាស់​ហិង្សា​ដាក់ទៀត​។

​កាល​ពី​ម្សិលមិញ​ក្រសួង​មហាផ្ទៃ​ បាន​កោះហៅ​តំណាង​កម្មករ​បីនាក់ ទៅ​សាកសួរនៅ​ក្រសួង​មហាផ្ទៃ ដោយ​ក្រុមហ៊ុន​ចោទថា ពួកគេ​បាន​ញុះញង់​កម្មករ​ឲ្យធ្វើ​ កូដកម្ម​អស់​រយៈពេល​ជិត​មួយសប្តាហ៍​មក​ហើយ ។ ស្របពេល​នោះ​ដែរ ខណៈ​នៅតែ​មិនឃើញ តំណាង​របស់​ខ្លួន​ទាំង​បី​នាក់​នោះ​ចេញ​មក​វិញ កម្មករ​បាន​នាំគ្នា​តវ៉ា​នៅ​​ មុខ​ក្រសួង​មហាផ្ទៃ​ទាមទារ​ ឲ្យ​ដោះ​លែង​​តំណាង​ពួកគេ តែ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រាប់ថា សមត្ថកិច្ច​បាន​បញ្ចូន​អ្នក​ទាំង​បី​នោះ ទៅ​ស្នងការ​ខេត្តកណ្តាល​វិញ​ហើយ​៕

ប្រភព ដោយ ៖ VOD

«
Next
Newer Post
»
Previous
Older Post