ផ្ទុយពីការយល់ថា តារាសម្ដែងល្បីល្បាញនាង តាំង គីមចាំ
ហៅប៊ីរីយ៉ាស្ងប់ស្ងាត់ ប្រភពផ្លូវការបានអះអាងថា
នាងកំពុងសម្ងំក្ដោបតំណែងជាតួកូនសេដ្ឋីទ្រព្យស្ដុកយ៉ាងព្រងើយ
នៅក្នុងរឿងបុរាណធំមួយ។ ជាមួយតំណែងថ្មីនេះ ប៊ីរីយ៉ាប្រាប់ថា
មានភាពពិបាកមិនតិចឡើយ បើធៀបនឹងអ្វីដែលធ្លាប់ទទួល។
ខ្សែរឿងដែលតម្រូវឲ្យនាងបានតំណែងជាតួកូនសេដ្ឋីនោះ គឺរឿង
«ចៅស្រទបចេក» ដែលជាខ្សែរឿងខ្នាតធំបែបបុរាណ
និងគ្រោងនឹងដាក់បញ្ចាំងជាសាធារណៈក្នុងពេលដ៏ខ្លី។ ខ្សែរឿងនេះ
កំពុងធ្វើឲ្យប៊ីរីយ៉ាទទួលបានមោទនភាព
និងការចាប់អារម្មណ៍ច្រើនជាងមុន នៅក្នុងពិភពសម្ដែង។
ពិសេសនៅពេលមានការចោទសួរថា ត្រេមុខជាកូនកាត់ឥណ្ឌារបស់នាង
តើសម្ដែងជាតួនារីខ្មែរ នៅក្នុងសម័យបុរាណ សមឬមិនសម?
ប៊ីរីយ៉ា ទទួលស្គាល់ថា ការតុបតែងខ្លួនជាតួអង្គបុរាណ
ពិតជាធ្វើឲ្យនាងមានអារម្មណ៍ថាទាស់ ទាំងការតែងខ្លួន
និងការសម្ដែងពិតប្រាកដមែន។ ប៉ុន្តែនាងនៅតែយល់ថា
នោះជារឿងប្លែកដែល នឹងធ្វើឲ្យទស្សនិកជនប្លែកភ្នែក
ហើយផ្ដោតអារម្មណ៍ចង់ទស្សនាចំពោះការសម្ដែងរបស់ខ្លួន។
ក្នុងតំណែងជាតួនាងកេសរមាលា នាងអះអាងថា ពិបាកសម្បើមណាស់
ដែលតម្រូវឲ្យនាងត្រូវសម្ដែងជាតួនារីស្រគត់ស្រគំ និងតាមអង្វរ
តួអង្គចៅស្រទបចេក ដើម្បីឲ្យសមជានារីស្មោះស្នេហ៍
និងមានលក្ខណៈថ្លៃថ្នូរពិតប្រាកដនៅក្នុងរឿង។ នេះជាខ្សែរឿងលើកទី១
ដែលនាងបានសម្ដែងជាតួអង្គបុរាណ ដែលខុសពីចំណូលចិត្តទាំងស្រុង
ទាំងអត្តចរិតសម្ដែង និងការតុបតែងកាយ។
បើទោះជាការសម្ដែង ហាក់ធ្វើឲ្យនាងថ្នឹកច្រើនកន្លងមក
ប៉ុន្តែក្នុងរឿង «ចៅស្រទបចេក» ហាក់ជាទំព័រថ្មីទាំងអស់
ដែលនាងទទួលស្គាល់ថាស្មុគស្មាញ ពិបាកបត់បែន។ តារារូបនេះ ពោលថា
«មួយរឿងហ្នឹង បានកាលីបតែតំណែងជាតួកូនសេដ្ឋីប៉ុណ្ណោះ
ប៉ុន្តែបើនិយាយពីការសម្ដែងវិញ គឺពិបាកខ្លាំងណាស់
ដោយយ៉ាប់ទាំងការធ្វើខ្លួន»។ នាងនៅតែយល់ថានោះជារសជាតិថ្មី
ដែលជួយឲ្យនាងទទួលបានជោគជ័យ ប្រសិនបើខ្សែរឿងនេះ បញ្ចប់ការថត
និងអាចដាក់បញ្ចាំងជាសាធារណៈ។
ប៊ីរីយ៉ាធ្លាប់បានជោគជ័យរួចមកហើយ ក្នុងរឿង
«អាបពាក់មួយសុវត្ថិភាពវគ្គ១»
និងក្នុងរឿង«ម្ដាយក្មេករើសកូនប្រសារ»
ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន។ ខ្សែរឿងទាំងពីរ
បានរុញឲ្យនាង លេចធ្លោរកាន់តែខ្លាំង នៅក្នុងពិភពសម្ដែង។
ក្នុងរយៈពេលនេះ ក្រៅពីរឿងបុរាណ«ចៅស្រទបចេក»
នាងក៏ទើបបញ្ចប់ការសម្ដែងក្នុងរឿង«ឡូយ៩»
ដែលជាភាពយន្តខ្នាតធំរបស់ស្ថានីយទូរទស្សន៍ CTN និង MY TV ផងដែរ។
ក្នុងរឿង«ឡូយ៩» នេះ ប៊ីរីយ៉ា ត្រូវគេឲ្យសម្ដែងជាតួនារីតស៊ូ
ផ្សងព្រេង និងមានឈុតច្រើនតម្រូវឲ្យនាងឆ្លងកាត់គ្រោះថ្នាក់
ប៉ុន្តែចំពោះអារម្មណ៍របស់នាង បែរជាគិតថារឿងនោះងាយស្រួល
និងត្រូវចំអារម្មណ៍ពិតរបស់នាង ដែលមិនពិបាកសម្ដែងទៅវិញ។
ខ្សែរឿង«ឡូយ៩» នឹងដាក់បញ្ចាំងនៅថ្ងៃទី២៤ មីនា ខាងមុខ
ខណៈដែលខ្សែរឿង «ចៅស្រទបចេក»
ក៏ត្រូវគេសន្និដ្ឋាននឹងដាក់បញ្ចាំងក្នុងពេលប្រហាក់ប្រហែលនោះ។
ប៊ីរីយ៉ា បញ្ជាក់ដោយការជឿជាក់ថា ក្នុងរឿងបុរាណ
នាងរំពឹងពីជោគជ័យខ្ពស់ជាង ដោយសារតែក្នុងរឿងនោះ
តម្រូវឲ្យតុបតែងខ្លួនបែបបុរាណខុសប្លែកពីរឿងដទៃ
បើទោះជាតួឯកប្រុស
និងតួអង្គសំខាន់ភាគច្រើនជាតួអង្គថ្មីនោះក៏ដោយ។
បីរីយ៉ា និយាយរឿង តំណែងកូនសេដ្ឋី
ដោយ៖ វង្ស សុម៉ាលីន (VOD)


