ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម
សុខា ជួបជុំអ្នកគាំទ្ររបស់ខ្លួននៅខេត្តកំពង់ឆ្នាំង
នៅរសៀលថ្ងៃព្រហសត្បតិ៍នេះ
មិនមានការរំខានពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទេ។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ
បានជួបជុំអ្នកគាំទ្រប្រមាណជិត១០០០នាក់
ក្នុងទីរួមខេត្តកំពង់ឆ្នាំងដោយមិនមានការរំខានពីអ្នកគាំទ្រ
គណបក្សប្រជាជនកម្ពុជា ដូចមុនៗទៀតទេ។
ចាប់ពីខែមករាមក
ពេលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជួបអ្នកគាំទ្ររបស់ខ្លួន
នៅតាមបណ្តាខេត្ត មានការរំខានជាបន្តបន្ទាប់ដូចជា នៅខេត្តកណ្តាល
ព្រៃវែង កំពង់ចាមជាដើម។
នៅថ្ងៃទី១៩ ខែកុម្ភៈ ម្សិលមិញ សកម្មជនគណបក្សប្រជាជនកម្ពុជា
បានរំខានដល់ការជួបជុំរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
ដោយមានការចាក់ឧបករណ៍បំពងសំឡេងរំខាន
ផ្តាច់ឧបករណ៍បំពងសំឡេងរបស់គណបក្សសង្គ្រោះជាតិ
និងមានទាហានភ្ជង់កាំភ្លើងក្នុងវេទិកាផង។
ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ ជួបអ្នកគាំទ្រនៅ ខេត្តកំពង់ឆ្នាំង ថ្ងៃនេះមិនមានការរំខានទេ
ដោយឡែកមិនមានការរំខាននៅថ្ងៃនេះ
ក្រោយពេលដែលគណបក្សសង្គ្រោះជាតិព្រមាននៅថ្ងៃម្សិលមិញថា
បើគណបក្សប្រជាកម្ពុជានៅតែបន្តរំខានដល់ការជួបជុំរបស់ខ្លួនទៀតនោះ
គណបក្សប្រឆាំងមួយនេះ នឹងបញ្ឈប់ការចរចា
ដោះស្រាយវិបត្តិនយោបាយជាគណបក្សប្រជាជនកម្ពុជា។
តែកន្លងមកមន្ត្រីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
តែងអះអាងថា
ពួកគេមិនដែលរៀបចំដល់ការរំខានរបស់គណបក្សសង្គ្រោះជាតិទេ
ផ្ទុយវិញមានតែដាក់កម្លាំងដើម្បីការពារក្នុងនាមជាអាជ្ញាធរមាន
សមត្ថកិច្ច៕
ដោយ៖ ណាត សុភាព (VOD)



