បាងកក៖ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍
បានចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា គណបក្សភឿថៃ
ប្រហែលជាបង្ខំចិត្តក្នុងការ ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួន
ហើយអាចនឹងដកបេក្ខភាពនាយករដ្ឋមន្ត្រី របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។
នេះបើយោងតាមប្រភពព័ត៌មាន ដែលផ្តល់ដោយ គណបក្សភឿថៃ កំពុងកាន់អំណាច។
សម្រាប់ លោកស្រី នាយករដ្ឋមន្ត្រីចាំផ្ទះ យីងឡាក់
បាននឹងកំពុង ប្រឈមមុខទៅនឹងបញ្ហា ចម្រូងចម្រាស់ជាច្រើន ដែលមិនអាចឲ្យការចរចា
ធ្វើឡើងបានឡើយ។ លោកស្រីកំពុងតែ ប្រឈមមុខនឹងការចោទប្រកាន់ថា
បានធ្វេសប្រហែស ចំពោះការបំពេញកាតព្វកិច្ច ទិញស្រូវ ពីប្រជាកសិករ
ដែលជាហេតុនាំឲ្យពួកគេរាប់ពាន់អ្នក ប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងបាងកក និង
ព្រលានយន្តហោះសុវណ្ណភូមិ ដើម្បីទាមទាររដ្ឋាភិបាល គោរពតាមកិច្ចសន្យានោះ។
ប្រភពខាងលើនេះ បានបន្តទៀតថាស្របពេលដែលគណបក្សភឿថៃ កំពុងតែបញ្ជាក់ក្តែងៗ
ពេញប្រអប់មាត់ដើម្បីធានាអះអាងចំពោះរដ្ឋាភិបាលថ្មី
ដែលបានបង្កើត ឡើងដោយការបោះឆ្នោត នោះ ខ្លួនក៏មានមន្ទិលដែរថា
តើលោកស្រីយីងឡាក់អាច មានឱកាសឈរនៅក្នុងតំណែង នេះ បន្ទាប់ពីការបោះឆ្នោតដែរ
ឬយ៉ាងណានោះ។
គួរបញ្ជាក់ថា គណៈកម្មការ ប្រឆាំងអំពើពុករលួយ ជាតិថៃ NACC បានកោះហៅ លោកស្រី
យីងឡាក់ ឲ្យចូលស្រាយបំភ្លឺក្នុងតុលាការកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ
ក្រោមបទចោទ ប្រកាន់ មួយចំនួនលើរូបលោកស្រី ហើយបន្ទាប់មកពួកគេអាចនឹង
ធ្វើការស៊ើបអង្កេតលើករណីនេះ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ២ខែ។
ការចោទប្រកាន់បែបនេះ វាសមល្មមនឹងបង្អាក់ ឱកាសរបស់លោកស្រី
ក្នុងការបំពេញការងារជា នាយករដ្ឋមន្ត្រីទៅហើយ៕
បក្សភឿថៃ ពិចារណាដកបេក្ខភាព លោកស្រី យីងឡាក់ ពីនាយករដ្ឋមន្ត្រី
ប្រភពដោយ : ដើមអំពិល (dap-news.com)


