នៅសាលារាជធានីនៅភ្នំពេញ នាព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះ បានប្រារព្ធពិធីបើកសន្និបាត បូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សា រាជធានីភ្នំពេញអាណត្តិទី១ (២០០៩.២០១៤) និងលទ្ធផលអនុវត្តការងារឆ្នាំ ២០១៣ និងទិសដៅអនុវត្តសំរាប់ឆ្នាំ ២០១៤ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងរបាយការណ៍នៃលទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញ ថា ក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ សាលារាជធានីភ្នំពេញបានបន្តជំនះពុះពាររាល់ការលំបាកស្មុកស្មាញ និងអនុវត្ត គ្រប់វិធានការណ៍ ពិសេសការចាត់តាំងអនុវត្តគោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាព ឲ្យបានកាន់តែល្អ ប្រសើរឡើង ដោយធានាបាននូវសភាពការណ៍សន្តិសុខទូទៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ គួឲ្យកត់សំគាល់សកម្មភាព បង្កចលាចលនយោបាយ និងអំពើភេរវកម្ម ត្រូវបានទប់ស្កាត់មិនឲ្យកើតមាន រួមទាំងអំពើប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀនត្រូវបានយកចិត្តទុកដាក់បង្ក្រាបបានជាបន្តបន្ទាប់ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ វិនិយោគិន និងភ្ញៀវបរទេស ។ សភាពការណ៍ខាងលើនេះដែរ ក៏បានផ្តល់ភាពអនុគ្រោះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ២ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ពិសេស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ ស្ពាន សួនច្បារ សំណង់អាគារខ្ពស់ៗ ទីក្រុងរណប ការងើបឡើងវិញនៃទីផ្សារ អចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ បានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ រក្សាសេ្ថរភាព ម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រក្នុងទីក្រុង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមាន ប្រសាសន៍ថា ថ្ងៃនេះ សាលារាជធានីភ្នំពេញ នឹងធ្វើសំណើជាផ្លូវការទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ដើម្បីបញ្ឈប់ការនាំចូល និងបិទអាជីវកម្មប្រភេទថ្នាំជក់ស៊ីសារ ដែលកំពុងវាយលុកក្នុងរាជធានីភ្នំពេញ និងកំពុងពង្វក់ ស្មារតី យុវវ័យឲ្យឈ្លក់វង្វេងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា តាមមន្ត្រីគ្រឿងញៀនបានឲ្យដឹងថា ស៊ីសារ មិនមែនជាគ្រឿងញៀនទេ តែវាមានប្រភេទ Nicotin ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជក់ផងដែរ ។ មានប្រទេសមួយចំនួនបានហាមឃាត់មិនឲ្យមាន ការប្រើប្រាស់ និងប្រទេសមួយចំនួនទៀតក៏មិនបានហាមឃាត់ការប្រើប្រាស់ថ្នាំជក់ប្រភេទស៊ីសារនេះដែរ ។
ប្រភព៖ សាលារាជធានីភ្នំពេញ

