ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តទី១ (២០០៩-២០១៤) និង លទ្ធផលការងារឆ្នាំ២០១៣ និងទិសដៅឆ្នាំ២០១៤ របស់រដ្ឋបាលរាជធានីភ្នំពេញ បានប្រព្រឹត្តទៅនារសៀល ថ្ងៃទី ២៦ខែកុម្ភះឆ្នាំ២០១៤នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរថ្ងៃកន្លងមកនេះ ។
មានប្រសាសន៍ទៅកាន់អង្គសន្និបាតនាឱកាសនោះឯកឧត្តមប៉ា សុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងបូកសរុបលទ្ធផលរបស់សន្និបាតក្នុងរយៈពេល២ថ្ងៃនេះថា អង្គសន្និបាតបានធ្វើការពិភាក្សា គ្នាយ៉ាងយកចិត្តទុកដាក់បំផុតពិសេសបញ្ហាពាក់ពន្ធ័ទៅនឹងសន្តិសុខសណ្តាប់ធ្នាប់ស្ថេរភាពសង្គមនិងកិច្ចដំណើរការ អភិវឌ្ឍន៏រាជធានីភ្នំពេញនារយៈពេលមួយឆ្នាំកន្លងទៅ ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បាន ធ្វើការណែនាំដល់មន្រ្តីអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញតួនាទីជាអព្យាក្រឹត្យភាព ក្នុងការងាររបស់ខ្លួន ។ ឯកឧត្តម បានបន្តថា រាល់ទំនាស់ទាំងឡាយ បើសិនជាមានការចូលរួមលូកដៃពីអាជ្ញាធរ ទំនាស់នោះ ពិតជាមានការលំបាកដោះស្រាយ តែបើប្រជាពលរដ្ឋ និងប្រជាពលរដ្ឋមានទំនាស់ គឺងាយស្រួលដោះ ស្រាយជាង ។ ពាក់ពន្ធ័ទៅនឹងសំណង់ខុសច្បាប់ក្នុងរាជធានីភ្នំពេញ ឯកឧត្តមអភិបាល បានអះអាងពីការប្រឹងប្រែង និងឈានទៅលប់បំបាត់វប្បធម៌នៃការអន្តរាគមន៍លើសំណង់គ្មានលិខិតអនុញ្ញាត និងខុសលិខិតអនុញ្ញាត ។ ទន្ទឹមនេះ ឯកឧត្តមអភិបាល ក៏បានអំពាវនាវឲ្យមានការគាំទ្រចំពោះមុខច្បាប់ដល់អ្នកចុះអនុវត្តវិធានការណ៍ចំពោះសំណង់ គ្មានលិខិតអនុញ្ញាត និងសំណង់សាងសង់ខុសពីលិខិតអនុញ្ញាតពីស្ថាបន័ពាក់ពន្ធ័ ។ នៅពេលដែលមានសំណង់ ខុសច្បាប់កើតឡើងក្នុងរាជធានីភ្នំពេញ ម្ចាស់សំណង់ច្រើនតែប្រើប្រាស់ខ្នងបង្អែក ឬជើងកាងសំណង់ខុសច្បាប់នោះ ឲ្យមកដោះស្រាយ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងនូវការ អបអរសាទរ ចំពោះលទ្ធផលដែលរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមក ពិសេស ការរក្សាបាននូវសេ្ថរភាព សន្តិសុខសង្គម ក្នុងមូលដ្ឋានដែលជារឿងចាំបាច់បំផុត និងបានបង្កលក្ខណៈបម្រើឲ្យការបោះឆ្នោតសកលកន្លងទៅឲ្យ ទទួលបានជោគជ័យគ្មានអំពើហឹង្សា ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរ រាជធានីភ្នំពេញ ត្រូវអនុវត្តគោលការណ៍ចំនួន ០៣ សំខាន់គឺ រួមគ្នាធានាដល់ប្រក្រតីភាពស្ថាបន័, រួមគ្នារក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពង្រឹងការអនុត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព និងរួមគ្នាជម្រុញ កំណើនសេដ្ឋកិច្ច ពង្រឹងការរកចំណូល និងរិតត្បិតចំណាយដែលមិនចាំបាច់ និងធ្វើយ៉ាងណាឲ្យរដ្ឋបាលនៅថ្នាក់ ក្រោមជារដ្ឋបាលឯកភាព និងលប់បំបាត់រាល់កំហុសឆ្គងដែលកើតមានកន្លងមកឲ្យអស់ ។
បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការបំពាក់មេដាយការងារជូន ដល់មន្ត្រីដែលមានស្នាដៃចំនួន ១៥ ព្រមទាំងប្រគល់អំណោយម៉ូតូចំនូន ១០៥គ្រឿង និងកុំព្យូទ័រ ១០៥គ្រឿង ជូនដល់ ខណ្ឌទាំង៩ និង សង្កាត់ទាំង៩៦ របស់រាជធានីភ្នំពេញ ដោយក្នុងមួយខណ្ឌៗទទួលបាន ម៉ូតូ Honda Wave មួយគ្រឿង, Computer មួយគ្រឿង, Printer HP មួយគ្រឿង និងថវិកាចំនួន១០លានរៀល រីឯសង្កាត់នីមួយៗ ក៏ទទួលបានម៉ូតូ Honda Wave មួយគ្រឿង, Computer មួយគ្រឿង, Printer HP មួយគ្រឿង និងថវិកាចំនួន ៥លានរៀល ផងដែរ ៕



ប្រភព៖ សាលារាជធានីភ្នំពេញ




