Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី ៣ នាក់​ហើយ នៅ​ដើម​ឆ្នាំ ២០១៤ នេះ។ មន្ត្រី​ផ្នែក​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​នេះ ជា​ពិសេស នៅ​តំបន់​ដែល​មាន​សត្វ​ឈឺ​ស្លាប់។

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ជិត​ពីរ​ខែ​ដើម​ឆ្នាំ​២០១៤ នេះ មាន​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ពី​សត្វ​ទៅ​មនុស្ស​ចំនួន ៣ ករណី និង​សង្ស័យ ១ ករណី។

អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល គឺ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ កុម្ភៈ​ថា ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី ទី ៣ ត្រូវ​បាន​រក​ឃើញ បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ និង​តាម​ដាន​សុខភាព​នៅ​ភូមិ​របស់​កុមារ នៅ​ខេត្ត​ក្រចេះ ដែល​​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ។

លោក លី សូវ៉ាន់៖ «គឺ​យើង​បាន​រក​ឃើញ​ក្នុង​អំឡុង​ពេល​តាមដាន​សុខភាព​ហ្នឹង រក​ឃើញ (positive) មួយ​ទៀត។ នៅ​ភូមិ​ជា​មួយ​គ្នា យើង​បាន​រក​ឃើញ positive ហើយ​យើង​សង្គ្រោះ​ជីវិត​គាត់​ទាន់​ពេល​វេលា​ហើយ ហើយ​យើង​ឱ្យ​ថ្នាំ​គាត់​ទៅ គាត់​ជា។ គាត់​ធូរ​ស្បើយ​ច្រើន​ហើយ»។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ឱ្យ​ដឹង​ថា ករណី​ទី ៣ នេះ គឺ​ឆ្លង​ទៅ​កុមារ​អាយុ ៤ ឆ្នាំ ដែល​រស់​នៅ​ក្នុង​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ។

កាល​ពី​ថ្ងៃ​ទី ៧ កុម្ភៈ កុមារា​អាយុ ៨​ឆ្នាំ​ម្នាក់ នៅ​ភូមិ​ក្បាល​ត្រាច ដែរ បាន​ស្លាប់ ហើយ​វិជ្ជាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បញ្ជាក់​ថា មាន​មេរោគ​វីរុស​ផ្ដាសាយ​បក្សី H5N1។ ដោយ​ឡែក នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ប្អូន​ស្រី​អាយុ ២​ឆ្នាំ​របស់​កុមារា​រូប​នេះ បាន​ស្លាប់​ក្នុង​អាការៈ​គ្រុន​ក្ដៅ​ដូច​គ្នា ដែល​គ្រូពេទ្យ​សង្ស័យ​ថា អាច​មាន​ជំងឺ​ផ្ដាសាយ​បក្សី​ដែរ ប៉ុន្តែ​គ្រូពេទ្យ​មិន​អាច​បញ្ជាក់​ច្បាស់​ទេ ពី​ព្រោះ​កុមារី​នោះ​ស្លាប់​មុន​ពេល​ពិនិត្យ​ឈាម។

កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ វិជ្ជាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បញ្ជាក់​តេស្ត​ឈាម រក​ឃើញ​ករណី​ឆ្លង​មេរោគ​វីរុស​ផ្ដាសាយ​បក្សី​ H5N1 ទី​១ ដែល​កើត​លើ​កុមារា​អាយុ ៥ ឆ្នាំ​ម្នាក់ នៅ​ភូមិ​ចុងដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។ បច្ចុប្បន្ន​កុមារា​រូប​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​របស់​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី ៧ នា​ខេត្ត​សៀមរាប នៅ​ឡើយ។

ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់​ថា ក្រុម​អ្នក​ជំនាញ​ចុះ​ស្រាវជ្រាវ​ឃើញ​ថា កុមារ​ដែល​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ទាំង​នេះ បាន​ប៉ះពាល់​ និង​បរិភោគ​មាន់​ឈឺ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ជំងឺ​ផ្ដាសាយ​បក្សី គឺ​ឆ្លង​ពី​បក្សី​ទៅ​បក្សី ក៏​ប៉ុន្តែ​ជួន​កាល​ជំងឺ​នេះ អាច​ឆ្លង​ពី​បក្សី​មក​មនុស្ស​ដែរ។ លោក​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៧ កុម្ភៈ ក្រុម​អ្នក​ជំនាញ​បាន​រក​ឃើញ​មាន​មេរោគ​វីរុស​ផ្ដាសាយ​បក្សី H5N1 លើ​សត្វ​បក្សី គឺ​ទា​មួយ​កន្លែង គឺ​នៅ​ខេត្ត​កំពង់ចាម៖ «ឥឡូវ​នេះ​ដែល​យើង Confirm (បញ្ជាក់​ថា) មាន (Positive) គឺ​នៅ​កំពង់ចាម។ នៅ (ស្រុក) បាធាយ កំពង់ចាម លើ​សត្វ​បក្សី។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ អត់​ឆ្លង​មក​មនុស្ស​ទេ»។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ថ្លែង​ថា នៅ​ពេល​នេះ ក្រុម​អ្នក​ជំនាញ​កំពុង​តាម​ដាន​សុខភាព​នៅ​កន្លែង​ដែល​សង្ស័យ និង​កើត​មាន​ជំងឺ​ផ្ដាសាយ​បក្សី​ឱ្យ​បាន​ពីរ​សប្ដាហ៍ ដើម្បី​ធានា​ថា មិន​មាន​ជំងឺ​នេះ​ត​ទៅ​ទៀត។

តួលេខ​របស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា ចាប់​តាំង​ពី​ពេល​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី​ដំបូង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៥ មក​ដល់​ពេល​នេះ មាន​ចំនួន ៥០​ករណី​ហើយ ដែល​ភាគ​ច្រើន​ជា​កុមារ​អាយុ​ក្រោម ១៤​ឆ្នាំ។ មាន​តែ ១៦ ករណី​ទេ ដែល​មាន​នៅ​មាន​ជីវិត។

កុមារ​ដែល​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី មាន​អាការៈ​គ្រុនក្ដៅ ហូរ​សំបោរ និង​ឈឺ​បំពង់​ក ឈឺ​ពោះ ពិបាក​ដកដង្ហើម និង​ចេះ​តែ​ដេក​សន្លឹម។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី ហើយ​ផ្ដល់​ព័ត៌មាន​តាម​ទូរស័ព្ទ​លេខ ១១៥ ឬ ០១២ ៤៨ ៨៩ ៨១ បើ​សង្ស័យ​ថា មាន​ជំងឺ​នេះ​នៅ​ក្នុង​ស្រុក​ភូមិ៕

ប្រភពដោយ : RFA អត្ថបទដោយ : ឡេង ម៉ាលី

«
Next
Newer Post
»
Previous
Older Post