ក្រុមចម្ការកៅស៊ូបឹងកេតបំបាក់ក្រុមខ្លាំងភ្នំពេញក្រោនដោយលទ្ធផល ៣-១ នៅពហុកីឡដ្ឋានជាតិកាលពីវេលាម៉ោង៣:៣០នាទីថ្ងៃសៅរ៍នេះ ខណៈកាលពីពីរថ្ងៃមុនក្រុមភ្នំពេញក្រោនបានបង្ហោះសារចិត្តសាស្ត្រមួយលើទំព័រ Facebook ផ្លូវការរបស់ខ្លួនហាក់មើលស្រាលដៃគូ។
នៅលើទំព័រFacebook ភ្នំពេញក្រោនបានសរសេរថា ការប្រកួតនេះគឺជាការធ្វើតេស្តពិតប្រាកដសម្រាប់ ភ្នំពេញក្រោននៅរដូវកាលនេះ។ ក្រុមបឹងកេតកំពុងទទួលរងសម្ពាធយ៉ាងធំដោយសារពួកចាញ់ពីរប្រកួត ប៉ុន្តែសម្រាប់ភ្នំពេញក្រោនគ្មានសម្ពាធអ្វីទេដោយសារក្រុមមិនធ្លាប់ចាញ់ ឬមិនដែលខកចិត្តម្តងណាឡើយ។
សារដដែលបានបន្តថា ក្រុមបឹងកេតមានអតីតកីឡាកររបស់ភ្នំពេញជាច្រើនដែលភ្នំពេញក្រោនបានឲ្យពួកគេចាកចេញដោយហេតុផលផ្សេងៗគ្នា។ បឹងកេតកីឡាករមានគុណភាពច្រើន ប៉ុន្តែសម្រាប់កីឡាកររបស់ភ្នំពេញក្រោនល្អទាំងនៅទីលាន និងក្រៅទីលាន។ ទោះជាយ៉ាងណា បឹងកេតមិនមានប្រតិកម្មអ្វីទេ។
តង់ទីមួយនាទីទី២៩ សមាជិកភ្នំពេញក្រោន Obatin ត្រូវបានបណ្តេញចេញ បន្ទាប់ពីបុកអ្នកចាំទីបឹងកេត ប៉េង ប៊ុនឆាយ ក្រោយទទួលបានកាតលឿងលើកទីពីរស្មើនឹងកាតក្រហមមួយ។ នាទី៣៨ ពិជឃាតរបស់បឹងកេត ឃួន ឡាបូរ៉ាវី បានតែតទំលាយសំណាញ់ទីរបស់ភ្នំពេញក្រោន បន្ទាប់ពីទទួលបាល់ជ្រុងពី ចាន់ វឌ្ឍនាកាដោយនាំមុខ១-០។
ទោះនៅសល់គ្នាតែ១០ នាក់ ប៉ុន្តែភ្នំពេញក្រោនលេងបានយ៉ាងល្អនៅដើមតង់ទីពីរ។ ភាពរីករាយរបស់បឹងកេតត្រូវបានរសាត់ទៅវិញ បន្ទាប់ពីភ្នំពេញក្រោនតាមស្មើ១-១ ដោយកីឡាករ Newton ទាត់ផ្កាប់ចានចូលទីបឹងកេតយ៉ាងល្អ។ បន្ទាប់ពីតាមស្មើ ភ្នំពេញក្រោនបានលេងបានយ៉ាងល្អ តែបានព្យាយាមអួសបន្លាយពេលវេលាដែរ។
បឹងកេតបានព្យាយាមវាយសម្រុកយ៉ាងខ្លាំងដោយមិនចង់បានមួយពិន្ទុស្មើគ្នាទេ។ ការវាយសម្រុកពិតជាមានប្រសិទ្ធភាពមែន នាទី៨៣ Darlington ធ្វើបានសម្រេចដោយជួយឲ្យបឹងកេតនាំមុខ ២-១ ខណៈបាល់នៅមុខទីរបស់ក្រោន។ ក្រោយគេនាំមុខ ភ្នំពេញក្រោនចាប់ផ្តើមប្រឹងលេងឡើយវិញ ប៉ុន្តែបែរជាចន្លោះប្រហោងផ្នែកខាងស្តាំបណ្តាលឲ្យខ្សែប្រយុទ្ធមុតស្រួច ឃួន ឡាបូរ៉ាវីបន្ថែមគ្រាប់បាល់មួយទៀត ៣-១ និងជាគ្រាប់ទីពីររបស់គេក្នុងការប្រកួតនេះ។ នេះជាបរាជ័យលើកដំបូងសម្រាប់ក្រុមភ្នំពេញក្រោននៅរដូវកាលនេះ៕
អាស៊ីអឺរ៉ុប ១-១ គីរីវង់សុខសែនជ័យ
ស្វាយរៀង ១-៣ ក្រសួងការពារជាតិ
បៀលប្រាយ ២-០ វេស្ទើន

