Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រស់នៅ​ស្រុក​ បុរី​ជលសារ ខេត្តតាកែវ ប្រមាណ៧០​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាននាំគ្នា​ទៅ​សុំ​អន្តរាគមន៍​ពី​ សមាគម​អាដហុក ឲ្យជួយ​ការពារ​ផ្លូវ​ច្បាប់ ខណៈ​ដែល​សាលាដំបូង​ខេត្ត កោះហៅ​ប្រជាពលរដ្ឋ ៣​រូប ឲ្យចូល​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក ដែល​ជា​តំបន់​អភិរក្ស​របស់​រដ្ឋ​។​

លោក វី ចាន់ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ក្នុងចំណោម​ពលរដ្ឋ​បីនាក់ ដែល​តុលាការ​កោះហៅ ឲ្យដឹងថា  ពួកគាត់​ទាំងអស់​គ្នា  បាន​ចូលទៅ​រស់នៅ ក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បុរី​ជលសារ ខេត្តតាកែវ អស់​រយៈពេលជាង​២០​ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្ន​នេះ ពួកគាត់​គ្មាន​ផ្ទះសម្បែង​រស់នៅ និង​ដី​សម្រាប់​ធ្វើស្រែ ចិញ្ចឹមជីវិត​នោះទេ​។ លោក​បន្តថា ពួកគាត់​ទៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​តាកែវ​នោះ ដើម្បី​សុំ​ឲ្យ​សមាគម​ជួយ​រក​មេធាវី​ការ​ក្តី​ជូន​ពួកគាត់ ព្រោះ​ខ្លាច​តុលាការ​ឃុំខ្លួន​គាត់ បន្ទាប់ពី​ទទួលបាន​ដីកា​ហៅ​ទៅ​បំភ្លឺ​ករណី​ដីធ្លី​នេះ​ «​ដី​នេះ​បើ​តាម ​សហគមន៍​ខ្ញុំ គាត់​កាន់កាប់ គាត់​ថែរក្សា ដី​នេះ​ពី​៩៧ រហូតមក ហើយ​យើង​ធ្វើ​នោះ វា​គ្មាន​ប្រភពទឹក យើង​ធ្វើ​ជួនកាល​ធ្វើ ជួល​កាល​ចោល​ទៅ ឆ្នាំ​ណា​មាន​ទឹក យើង​ធ្វើ គ្មាន​ទឹក​យើង​ឈប់ ឥឡូវ​គ្មាន​មេ​ប្រភពទឹក​យើង​នៅតែ​ធ្វើ អ៊ឹចឹ​ង​បាន​គេ​កោះហៅ​»​។​

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​តាកែវ លោក អ៊ុន ថា​នន្ត មាន​ប្រសា​នស៍​ថា  លោក​នឹង​ស៊ើបអង្កេត​ករណីនេះ និង​ជួយ​អន្តរាគមន៍​រក​មេធាវី​ការពារ​ក្តី​ជូន​ពួកគាត់​។ លោក​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ បំពេញ​ទម្រង់​បែបបទ រៀបចំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ ដើម្បី​សុំ​ពន្យារពេល ទៅក្រោយ​សប្ដាហ៍​ទៀត ខណៈ​ដែល​មេធាវី​របស់​សមាគម​ជាប់រវល់​ «​គាត់​ត្រូវតែ​មាន​មេធាវី ហើយ​និង​ជួយ​ស៊ើបអង្កេត​រឿង ដី​របស់​គាត់​ផង ដែល​គាត់​គ្មាន​ដី​ធ្វើស្រែ​ទេ ហើយ​អ៊ីចឹង​ទៅ​ធ្វើ​នៅ​កន្លែង​ហ្នឹង គេ​ហាមឃាត់​គាត់​អ៊ីចឹង ខ្ញុំ​មាន​តែ​ឲ្យ​ទម្រង់គាត់ ធ្វើ​ម៉េច​ឲ្យ​គាត់​បំពេញ​តាម​ទម្រង់ បែបបទ​មក ថា​គាត់​មាន​ដី​ប៉ុន្មាន ធ្លាប់​ធ្វើ​ប៉ុន្មាន​ម៉ែត្រ​អ៊ីចឹង ដាក់​មក​អាជ្ញាធរ​ខេត្ត ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ដោះស្រាយ​អន្តរាគមន៍​»​។​

​កាលពី​ថ្ងៃ​ទី​១៥ ​ខែ​កុម្ភៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តតាកែវ បាន​កោះហៅ​ប្រជាពលរដ្ឋ​បីនាក់ ឈ្មោះ វី​ម៉ា​យ ឈ្មោះ វី ចាន់ និង ​ឈ្មោះ ស៊ុន​រុំ ទៅ​បំភ្លឺករណី​ឈូសឆាយ​ដី​ព្រៃ​តំបន់​អភិរក្ស​សត្វ​គ្រៀល ក្នុង​ឃុំ ​ត្រពាំង​ក្រសាំង ស្រុក ​បុរី​ជលសារ ខេត្ត តាកែវ នៅ​ថ្ងៃ​ទី​ព្រហស្បតិ៍​នេះ​។
VOD មិនអាច​សុំ​ការអត្ថាធិប្បាយ​ករណីនេះ ពី​លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តតាកែវ បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ប្រជាពលរដ្ឋ ពួកគាត់​ចំនួន ៦៨​គ្រួសារ បាន​ឈូសឆាយ​ដី​ព្រៃ​ដើម្បី​បង្កបង្កើន​ផល ចាប់តាំងពី​ឆ្នាំ​១៩៩៧ មុនពេល​ដែល​រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ​នៅ​ឆ្នាំ​២០០៦ យក​ដី​នៅ​តំបន់​នេះ ដាក់​ជា​តំបន់​អភិរក្ស​សត្វ​គ្រៀល​របស់​រដ្ឋ​៕


ដោយ៖​ ឡាយ សាមាន​ (VOD)

«
Next
Newer Post
»
Previous
Older Post