ស្ថាបនិកកិច្ចព្រមព្រៀងទីក្រុងប៉ារីស អំពាវនាវឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចំពោះបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រាសចាកគន្លងប្រជាធិបតេយ្យ។
លោក ហ្គារ៉េត អ៊ីវ៉ាន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី ដែលជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កាលពីថ្ងៃ២៦ ខែកុម្ភៈ បានសរសេរនៅលើគេហទំព័រ Project Syndicate ថា រដ្ឋាភិបាលកម្ពុជាមិនទទួលខុសត្រូវ ចំពោះការសម្លាប់មនុស្ស។ អត្ថបទរបស់លោកលោកបន្តថា ការសម្លាប់មនុស្សនេះមិនដូចករណីសម្លាប់ពលរដ្ឋខ្មែរ ក្នុងទសវត្សរ៍៧០ ដោយពួកខ្មែរក្រហមទេ ប៉ុន្តែគឺជាការសម្លាប់ប្រជាពលរដ្ឋខ្មែរ ដោយគិតទុកជាមុន ពីសំណាក់កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។
ក្នុងអត្ថបទរបស់លោក ក្រៅពីព្រឹត្តិការណ៍បង្ក្រាបបាតុកម្មរបស់កម្មករទាមទារប្រាក់ខែសមរម្យ ១៦០ដុល្លារ នៅថ្ងៃទី៣ ខែមករា ដើមឆ្នាំនេះ បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសប្រមាណ៤០នាក់ និងចាប់ខ្លួនជាង២០នាក់ ក៏មាននិយាយទៅដល់ការវាយប្រហារដោយគ្រាប់បែក ទៅលើបាតុកម្មដឹកនាំដោយលោកសម រង្ស៊ី កាលពីខែមីនា ឆ្នាំ១៩៩៧ បណ្ដាលឲ្យស្លាប់មនុស្ស១៦នាក់ និងរងរបួសជាង១០០នាក់ផងដែរ។ លោកបន្ថែមថា លោកគ្មានសង្ឃឹមលើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះទេ។
សូមជម្រាបថា លោក ហ្គារ៉េត អ៊ីវ៉ាន ជាអតីតរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូស្ត្រាលី ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៦ ធ្លាប់ត្រូវបានលោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចាត់ទុកថា ជាបិតានៃប្រទេសកម្ពុជា។ លោកជាអ្នកផ្ដួចផ្ដើមឲ្យមានកិច្ចព្រមព្រៀងសន្តិភាពសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលនាំឲ្យកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជារយៈពេលជិត២ទសវត្សរ៍។ ដោយសារតែគំនិតផ្ដួចផ្ដើមនេះ លោកបានទទួលពានរង្វាន់ពីសហគមន៍អន្តរជាតិទៀតផង៕
ស្ថាបនិកកិច្ចព្រមព្រៀងទីក្រុងប៉ារីស អំពាវនាវឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា
ប្រភព និង អត្ថបទ ដោយ : ណុល ដារ៉ា (VOD)

