ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ប៉ាក ឈុនហ៊ី ព្រមានជប៉ុនថា លោកស្រី នឹងទាមទារឲ្យមានការទទួលខុសត្រូវជាថ្មី ចំពោះការបង្កើតទាសភាពផ្លូវភេទ ក្នុងសង្គ្រាមលោកលើកទី២ ប្រសិនបើមានការសើររើឡើងវិញពីហេតុការណ៍នោះ។
ក្នុងសម័យសង្គ្រាមលោកលើកទី២ ពេលដែលជប៉ុនវាយលុកដណ្តើមកាន់កាប់ពិភពលោក ជប៉ុនបង្ខំស្ត្រីជាង២០០ ០០០ (២សែន) នាក់មកពីប្រទេសកូរ៉េ ចិន ហ្វីលីពីន និង បណ្តាប្រទេសមួយចំនួនទៀតបម្រើផ្លូវភេទទាហានជប៉ុន។
ក្នុងពិធីរំលឹកខួប នៃការងើបប៉ះបោររំដោះប្រទេសចេញពីអាណានិគមជប៉ុនឆ្នាំ១៩១៩ លោកស្រី ប៉ាក ឈុនហ៊ី ថ្លែងថា ជាប្រវត្តិសាស្ត្រពិតជាកើតចេញពីការផ្តល់សក្ខីកម្មរបស់ជនរងគ្រោះ ដែលរស់រានមានជីវិត។ លោកស្រី អំពាវនាវឲ្យជប៉ុនធ្វើការឲ្យគៀក និងពិភាក្សាឡើងវិញ។ លោកស្រី ជំរុញឲ្យជប៉ុនយកចិត្តទុកដាក់លើលើស្ត្រីរងគ្រោះទាំងនោះ ដោយមិនត្រូវធ្វើគរ ធ្វើថ្លង់ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនោះទេ។
ការលើកឡើងរបស់លោកស្រី ប៉ាក ឈុនហ៊ី បន្ទាប់ពីក្រុមអភិរក្សរបស់ជប៉ុនលើកឡើងថា ស្ត្រីមួយចំនួន ក្នុងចំណោមស្ត្រី ដែលអះអាងជាជនរងគ្រោះ ទាសភាពផ្លូវភេទនោះ ជាអ្នកប្រកបរបររកស៊ីផ្លូវភេទ។
នៅថ្ងៃសុក្រម្សិលមិញ ទីក្រុងតូក្យូក៏បានបង្កើតគណៈកម្មការប្រមូលភស្តុតាងត្រួតពិនិត្យឡើងវិញ ដើម្បីបានជាមូលដ្ឋានក្នុងការសុំទោសឬ ទទួលខុសត្រូវ។
កាលពីឆ្នាំ១៩៩៣ រដ្ឋាភិបាលជប៉ុន បានសុំទោសជាសាធារណៈ ពីស្ត្រីដែលរងគ្រោះពីសកម្មភាពទាសភាពដែលបង្កដោយជប៉ុនក្នុងសម័យសង្គ្រាមលោក៕
ប្រភព៖ ពៅ មេត្តា (VOD)


