មន្ត្រីអាកាសចរណ៍ ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែជំរុញឲ្យមានការហោះហើរផ្ទាល់របស់ជប៉ុនមកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃទី២២ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជួបពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមហ៊ុនជប៉ុនអេចអាយអេស(HIS) របស់ជប៉ុន។
ភាគីកម្ពុជា បានស្នើតាមរយៈអនុសាសន៍របស់នាយករដ្ឋមន្ត្រី ឲ្យជប៉ុន ពិនិត្យ និងគាំទ្រចំពោះគម្រោងហោះហើរដោយផ្ទាល់រវាងកម្ពុជា និងជប៉ុន ឲ្យបានឆាប់។ គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា រដ្ឋមន្ត្រីទាំងពីរ និងគណៈប្រតិភូ បានឯកភាពគ្នាក្នុងការជំរុញឲ្យបានឆាប់នូវគម្រោងហោះហើរដោយផ្ទាល់នេះ តាមរយៈក្រុមហ៊ុនអាកាសចរអាស៊ី អាត្លង់ទិក(Asia Atalantic Airlines)។
លោក សយ សុខាន់ អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ប្រាប់VODថា រដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលជប៉ុន មានគម្រោងឲ្យមានការបើកជើងហោះហើរលើដំណាក់ផ្លូវរវាងប្រទេសទាំងពីរយូរមកហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺមកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ បាននឹងកំពុងសិក្សាទៅលើទីផ្សារនៃដំណាក់ផ្លូវនេះ។ លោកបន្តថា គោលបំណងនៃការបើកឲ្យមានការហោះហើរលើដំណាក់ផ្លូវនេះ ក្នុងគោលបំណងពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ រួមនឹងវិស័យចាំបាច់ផ្សេងៗទៀត។លោកឲ្យដឹងទៀតថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២ ដែលបាននឹងកំពុងហោះហើរប្រតិបតិ្តការលក្ខណៈក្នុងស្រុក និងអន្តរជាតិ គឺទីមួយក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ដែលហោះហើរពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ថៃ ចិន និងកូរ៉េ និងទីពីរ គឺ ក្រុមហ៊ុនអាកាសចរណ៍ Skywings ដែលហោះហើរពីខេត្តសៀមរាបទៅកាន់ប្រទេស កូរ៉េ និងចិន។
ថ្មីៗនេះ អាជ្ញាធរជប៉ុន បានសម្រេចអនុញ្ញាតឲ្យអាកាសយានិកខ្មែរ(Pilot) អាចបញ្ជាយន្តហោះចូលទឹកដីរបស់ខ្លួនបាន ដែលនេះជាលើកដំបូងហើយសម្រាប់អ្នកបើកយន្តខ្មែរក្នុងការបង្កើន ទំនុកចិត្តដល់ប្រទេសជប៉ុន។
អាកាសយានិក ដែលជាCapitainយន្តហោះ លោក ម៉ក់ សំអុល មានប្រសាសន៍ថា ជាទូទៅអាជ្ញាធរជប៉ុន មានភាពតឹងរ៉ឹងចំពោះអ្នកបើកយន្តហោះ ដែលអាចបញ្ជាចូលទឹករបស់ខ្លួនបាន។ លោកបន្តថា ពេលនេះ អ្នកបើកយន្តហោះខ្មែរ ត្រូវបានអនុញ្ញាតឲ្យបើកបរបានទៅប្រទេសជប៉ុន ដែលនេះជាមោទនភាពរបស់ខ្មែរ។លោកបញ្ជាក់ថា«នេះជាមោទនភាពមួយ ដោយសារវិនិយោគិនជប៉ុន មានទំនុកចិត្តលើខ្មែយើង ព្រោះក្នុងពិភពលោក គេមិនសូវទុកចិត្តលើPilotខ្មែរទេ តែនេះជាឱកាសល្អ»៕
កម្ពុជា ជំរុញឲ្យមានការហោះហើរផ្ទាល់ទៅជប៉ុនឲ្យបានឆាប់
ប្រភពដោយ : (VOD) អត្ថបទដោយ : ម៉ៅ ចរិយា

