កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នានៅថ្ងៃចន្ទនេះ បើទោះជាកូរ៉េខាងជើង ព្រមានពីបញ្ហាថ្មីកើតឡើងចំពោះទំនាក់ទំនងរបស់ប្រទេសទាំងពីរម្តងហើយ ម្តងទៀតក៏ដោយ។
ការចាប់ផ្តើមធ្វើសមយុទ្ធរវាងអាមេរិក និង កូរ៉េខាងត្បូង ធ្វើឡើងស្របពេលដែល កូរ៉េទាំងពីររៀបចំការផ្សះផ្សាគ្រួសារកូរ៉េដែលបែកបាក់គ្នាក្នុងសម័យសង្គ្រាមបំបែកប្រទេសចន្លោះឆ្នាំ១៩៥០ និង ១៩៥៣។ ការផ្សះផ្សាគ្រួសារកូរ៉េជាឱកាសដែលគេសង្ឃឹមថា កូរ៉េទាំងពីរអាចពង្រឹងទំនាក់ទំនងគ្នាឡើងវិញ។
កូរ៉េខាងជើងស្នើលើកឡើងជាញឹកញាប់ថា សមយុទ្ធនោះ ជាការគំរាមកំហែងដល់សន្តិសុខប្រទេសរបស់ខ្លួន ហើយស្នើឲ្យមានការពន្យារពេលរហូតដល់ការផ្សះផ្សាគ្រួសារកូរ៉េបានបញ្ចប់។ តែសំណើរបស់ទីក្រុងព្យុងយ៉ាង ត្រូវទីក្រុងសេអ៊ូលបដិសេធ ហើយថា សមយុទ្ធនោះធ្វើឡើងដោយគោរពទៅតាមច្បាប់ជាតិ អន្តរជាតិ មិនប៉ះពាល់ដល់កូរ៉េខាងជើងឡើយ។
សារព័ត៌មាន Channel News Asia ចុះផ្សាយថា ដំណើរសមយុទ្ធសម្ព័ន្ធកូរ៉េខាងត្បូង និង អាមេរិកដំណើរការធម្មតា នៅថ្ងៃចន្ទនេះ។ តាមគម្រោងសមយុទ្ធនេះចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី១៨ ខែមេសា ដែលមានយោធាអាមេរិក១២៧០០នាក់ចូលរួម។ សមយុទ្ធប្រចាំឆ្នាំនេះ ផ្តោតទាំងលើសមត្ថភាពយោធាដែនគោក យោធាអាកាស និង យោធាជើងទឹក៕
សមយុទ្ធរវាងកូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមឡើងបើទោះជាកូរ៉េខាងជើងព្រមាន
ប្រភពដោយ : (VOD) អត្ថបទដោយ : ពៅ មេត្តា

