Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ឲ្យ​អ្នកគាំទ្រ​បក្ស​មួយ​នេះ ចូលរួម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ តាមរយៈ​ការបោះឆ្នោត​ឡើងវិញ ខណៈ​លោក ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​

ការប្រកាស​របស់​លោក សម រង្ស៊ី ធ្វើឡើង បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ឲ្យមាន​បាតុកម្ម​ពី​រតទល់​គ្នា រវាង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កន្លែង​តែមួយ​។ ប៉ុន្តែ​អ្នកវិភាគ​ព្រមាន​ថា នេះ​អាច​ជា​ការបង្ករឲ្យ​មាន​ហិង្សា​កើតឡើង​។​

​នៅក្នុង វី​ឌី​អូ Clip លើ​បណ្តាញ​សង្គម  ហ្វេ​សប៊ុក​របស់ លោក សម រង្ស៊ី ថ្លែងថា បាតុកម្ម​នឹង​កើតមាន​ឡើង​វិញ នា​ពេល​ឆាប់ៗ ខាងមុខនេះ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ថា ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ណា​ច្បាស់​នោះ​ទេ​។ យ៉ាងណាក៏ដោយលោក អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​មិនទាន់​បាន​គាំទ្រ ចូលរួម​បាតុកម្មអហិង្សា ជាមួយ​បក្សប្រឆាំង​មួយ​នេះ ឲ្យបាន​២​លាន​នាក់ ។

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា ការធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ​។ លោក​ថា អ្វី​សំខាន់ ត្រូវ​យក​បញ្ហា​ប្រឈម​មក​ដោះស្រាយ ប្រសើរ​ជាង​ការធ្វើ​បាតុកម្ម ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ​។ លោក​ថា បើ​បក្សប្រឆាំង​ធ្វើ​បាតុកម្ម​ដោយ​មិន​ធ្វើ​តាម​ នីតិវិធី​ច្បាប់ ហើយ​មាន​បញ្ហា​អ្វីមួយ​កើតឡើង អ្នកដឹកនាំ​បាតុកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ទោះជា​យ៉ាង លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា បាតុកម្ម​គឺ​ធ្វើឡើង​ដោយ​អហិង្សា ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​តាមរយៈ​ការបោះឆ្នោត​ឡើងវិញ​។​
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​(​និចហ្វិច​)  លោក ហង្ស ពុទ្ធា យល់ថា បើ​មាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ រវាង​គណបក្ស​ទាំងពីរ នៅ​កន្លែង​តែមួយ នោះ​កំដៅ​នយោបាយ​នឹង​កើតមានឡើង​។ តែ​លោក​ថា ជម្រើស​ដែល​ល្អ គណបក្ស​ទាំង​ពីរ ត្រូវ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី  តាមរបៀប​ដូច​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

​ចាប់ពី​ចុង​ខែ​មករា​មក មុនពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ឲ្យមាន​បាតុកម្ម​ពី​រស្រប​គ្នានោះ មាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​កម្លាំង​សមត្ថកិច្ច​បាន​ប្រមូលផ្តុំ​នៅ​កន្លែង និង​ពេល​តែ​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជួបជុំ​អ្នកគាំទ្រ​។ នៅ​គ្រានោះ ការប៉ះទង្គិច​គ្នា បាន​កើតឡើង​ជា​បន្តបន្ទាប់​ដូចជា នៅ​ខេត្ត​កណ្តាល ខេត្ត​កំពង់ចាម និង​ខេត្ត​ព្រៃវែងជាដើម ដែល​ធ្វើឲ្យ​មេ​បក្ស​ប្រឆាំង ព្រមាន​ដកខ្លួន​ចេញពី​តុ​ ចរចា​មួយរយៈបើ​ការរំខាន​នៅតែ​បន្ត​៕

ប្រភព​ និង អត្ថបទ ដោយ : ណាត សុភាព (VOD)

«
Next
Newer Post
»
Previous
Older Post