Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

បើ​ទោះ​មិន​មាន​សកម្មភាព​នៅក្នុង​ពិភព​ សិល្បៈ​អស់​ច្រើន​ឆ្នាំ ក៏​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​អ្នកនាង​វ៉ាង ស្រីណូ នៅតែ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្ពស់ គ្រប់ពេល​បង្ហាញ​មុខ​ជា​សាធារណៈ​។ អ្វី​ដែល​គេ​កត់​សម្កាល់ គឺ​ជីវិត​ឯកជន​របស់​នាង នៅតែ​មាន​​ឥទ្ធិពល​ធ្វើឲ្យ​គេ​តាមដាន ដែល​ផ្ទុយស្រឡះ​ពី​ក្រុម​តារា​ធ្លាក់កូដ​ឯទៀត​។ អ៊ីចឹង​ហើយ ទើប​អ្នកនាង​ទាត់​ចោល​ភ្លាមៗ នៅពេល​មាន​ការ​យល់​ថា អ្នក​នាង​ជា​តារា​ម្នាក់ ដែល​បាន​ស្ដោះ​ហើយ​លេប​វិញ​។​



នៅលើ​ទំព័រ​កាសែត និង​ទស្សនាវដ្ដី នា​មួយរយៈ​ពេលមុន គ្មាន​អ្នកណា​មិនដឹង​នោះ​ទេ ថា​អ្នកនាង​វ៉ាង ស្រីណូ បាន​ប្រកាសថា​វិល​មក​ប្រឡូក​ក្នុង​សិល្បៈ​វិញ ដើម្បី​បន្សាប​ពាក្យ​ចចាមអារ៉ាម​ទាំងឡាយ ដែល​បាន​ចោទ​ថា​អ្នកនាង មាន​ជំងឺ​មហារីក​ត្រង់​កន្លែង​កែកុន រឿង​លាក់​មុខ​សម្រាលកូន​ស្ងាត់ៗ និង​រឿង​មាន​ស្វាមី​លួចលាក់ ទើប​បោះបង់​សិល្បៈ​ជាដើម​។ ក្រោយ​ការប្រកាស​នេះ តែ​មួយ​ខ្យល់ បណ្ដា​ស្ថានីយទូរទស្សន៍ និង​ក្រុម​ផលិករ​ជាច្រើន បាន​តម្រៀបជួរ​គ្នា​ទាក់ទង​ឲ្យ​អ្នក​នាង​​ចេញ​មុខ​ឡើង​ឆាក និង​ទទួល​សម្ដែង ប៉ុន្តែ​ទទួលផល​អវិជ្ជ​ទាំងអស់​មក​ទល់​ពេល​នេះ​។ ជាក់ស្ដែង​ក្នុង​ពេល​អ្នកនាង​ឧស្សាហ៍​​ចេញមុខ​ក្នុង​មង្គលការ​ក្នុង​ កម្មវិធី​ជួបជុំ​តារា ក្រោយ​ពី​ក្លាយជា​ម្ចាស់​ហាង​សាឡ​ន​នៅ​ម្ដុំ​ប៊ូ​ឌី​ង និង​ក្រោយ​បើក​ភោជ​នីយដ្ឋាន​បែប​បារាំង​នៅ​ម្ដុំ​មេភ្លើង អ្នកណា​ក៏​ដឹង​ដែរ​ថា សន្ទុះ​នៃ​ការទាក់ទង​នោះ កាន់តែ​មាន​ទំហំ​រីក​ធំ​។ ការទទូច​នោះ គឺ​ដើម្បី​​ឆ្លើយតប នឹង​ប្រជាប្រិយភាព​របស់​អ្នកនាង ដែល​នៅតែ​មាន​ទីផ្សារ និង​នៅ​មាន​ការចាប់អារម្មណ៍​ក្នុង​កម្រិត​ភាគច្រើន ក្នុង​​ស្រទាប់​មហាជន​។ ប៉ុន្តែ​រាល់​ការទាក់ទង អ្នកនាង​មិនដែល​ឆ្លើយ​យល់ព្រម​ទេ ដោយ​ប្រាប់ថា ចាំ​បន្តិច​ទៀត​សិន​បែបនេះ​បែប​នោះ​ជាប្រចាំ ដោយ​ម្ដងថា ចាំ​ទំនេរ​បន្តិចទៀត និង​ម្ដងថា ចាំ​សម្រក​រាង​បាន​ស្វែល​ដូច​ដើម​សិន​។ ការពន្យារ​ប្រមាណ​​អស់​ជាង​១​ឆ្នាំ​តាំងពី​បាន​ប្រកាស​នោះ ត្រូវ​គេ​យល់ឃើញ​ថា មិន​ខុស​ពី​ការ​ស្ដោះ​ហើយ​លេប​វិញ ដែល​ក្រុម​អ្នក​តាម​ដាន លើកឡើងថា នោះ​ជា​អ្វី​ដែល​អ្នកនាង​គ្រាន់តែ​និយាយ ហើយ​ធ្វើ​មិនបាន​។ ប្រឆាំង​តប​នឹង​ការលើកឡើង​នេះ អ្នក​នាង​​បាន​ច្រានចោល នឹង​ថា​អ្វី​ដែល​អ្នកនាង​ពោល​ឡើង ពិតជា​មាន​ថ្ងៃ​ណាមួយ លេចឡើង​។ 
អ្នកនាង​វ៉ាង ស្រីណូ បាន​បញ្ជាក់​ក្នុង​ជំនួប​លើក​ចុងក្រោយ​ថា អ្នក​នាង​មិន​លេបសម្ដី​នោះទេ ប៉ុន្តែ​មក​ពី​អ្នកនាង មិនទាន់​ត្រៀម​​ខ្លួន​បាន​រួចរាល់ ដើម្បី​បង្ហាញ​មុខ​នៅក្នុង​សិល្បៈ​ប៉ុណ្ណោះ ទើប​មក​ទល់​ពេល​នេះ អ្វីៗ​នៅតែ​ជា​ខ្យល់​កើតឡើង​មិន​ចេញ​។ អ្នកនាង​នៅតែ​អះអាងថា មិន​ចោល​សិល្បៈ និង​គ្រោង​បង្ហាញមុខ​ឲ្យមាន​ការភ្ញាក់ផ្អើល​ក្នុងពេលដ៏ខ្លី​។ ទោះ​យ៉ាង​ណា អ្នកនាង​ហាក់​មិន​ហ៊ាន​ទស្សន៍ទាយ​ទាល់តែសោះ​ថា ពេល​ដ៏​ខ្លី​ដែល​បានលើកឡើង នឹង​កើត​ឡើង​ឲ្យ​ប្រាកដ​ពេល​ណា​​ឡើយ ខណៈ​ដែល​ការលើកឡើង​នេះ ត្រូវ​មនុស្ស​ភាគច្រើន ចាត់ទុក​ថា​ទំនង​នឹង​គ្រាន់​ជា​ខ្យល់​ដែល​គ្មាន​ស្រមោល​យូរអង្វែង​។ នៅលើ​ទំព័រ Facebook អ្នក​នាង​បាន​បង្ហោះ​ពី​សកម្មភាព​ថ្មីៗ​នៃ​ជីវិត​ហ៊ឺហារ​ស្ទើរតែ​ គ្រប់ពេលវេលា ទាំង​ការ​ដើរលេង ការចូល​ហាង និង​ការធ្វើ​បុណ្យទាន​នានា​ដោយ មិន​ខ្វល់​ទាល់តែ​សោះ​ពី​កង្វល់​ប្រាក់កាស ដូច​ដែល​តារា​ភាគច្រើន ដែល​គ្មាន​ទីផ្សារ​សិល្បៈ​ព្រួយបារម្ភ​។ អ្នកនាង​ធ្លាប់​អះអាងថា ហាង​ទាំងពីរ​នោះ​ជា​ចំណែក​មួយ​ភាគ​ធំ​របស់​គ្រួសារ និង​ជា​ប្រាក់កាស​មួយ​ផ្នែក​ទៀត ដែល​នាង​បាន​សន្សំ​ពី​ការងារ​សិល្បៈ​ក្នុងពេល​ច្រៀង​រាំ ប៉ុន្តែ​ក្រុមគ្រួសារ​របស់​នាង ប្រគល់​ហាង​ទាំងនោះ​ឲ្យ​នាង​គ្រប់គ្រង ទើប​គ្រប់​បុគ្គលិក​ប្រចាំ​ហាង​ទាំងមូល បាន​ហៅ​អ្នកនាង​ថា​អ្នក​បងៗ និង​ចាត់​ទុក​អ្នកនាង​ថា​ជា​ថៅកែ​ស្រី​តែ​ម្នាក់​។
​ប្រភព​ពី​តារា​សិល្បៈ​និយាយថា អ្នកនាង វ៉ាង ស្រីណូ មិន​អាច​វិល​វិញ​ដូច​ការសន្យារ​បាន​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នកនាង​លើកឡើង អាច​គ្រាន់តែ​ដើម្បី​បង្វែរ​ការចាប់អារម្មណ៍ និង​ទុក​ការពារ​ក្រែង​ថ្ងៃ​ណា​មួយ ចង់​ហក់​ប្រឡូក​ក្នុង​សិល្បៈ​វិញ គឺ​គ្មាន​ការរិះគន់​ពី​សំណាក់​មហាជន​ប៉ុណ្ណោះ​។ យ៉ាងណាមិញ មហាជន​ភាគច្រើន នៅតែ​ចង់​ឃើញ​តារា​ស្រី​រូបនេះ លេចមុខ​ក្នុងនាម​ជា​តារា​សម្ដែង និង​ឡើង​ឆាក​ទូរទស្សន៍​ដូច​ការសន្យារ ដោយសារ​តែ​អ្នកនាង​ត្រូវ​គេ​ចាត់ទុកថា​ជា​ជើង​ខ្លាំង​ម្នាក់ នៅ​មិនទាន់​សាប​ឈ្មោះ ទោះ​ជា​មិន​មាន​សកម្មភាព​សិល្បៈ​ថ្មីៗ មកទល់ពេលនេះ​៕




ដោយ៖​ វង្ស សុ​ម៉ា​លីន​​ (VOD)





«
Next
Newer Post
»
Previous
Older Post