Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រដ្ឋមន្ត្រីការបរទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍​នេះ ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​មួយ​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កើត​ឡើង​​ក្រោយ​ថ្ងៃ​បោះឆ្នោត ២៨ កក្កដា និង​កំពុង​ដំណើរការ​នេះ គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ផ្ទុយ​ពី​ការអះអាង​របស់​គណបក្ស​ប្រឆាំង​។​

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​មួយ​នៅ​ព្រឹក​ថ្ងៃ​២២ ខែ​កុម្ភៈ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ឲ្យដឹងថា ក្នុង​ជំនួប​​ផ្ទាល់​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop គឺ​លោក បានលើកឡើង​ពី​ដំណើរការ​គ្រប់គ្រង​រដ្ឋ​ជាធម្មតា របស់​រដ្ឋា​ភិបាល​​កម្ពុ​ជា និង​ស្ថាប័នរដ្ឋ​នានា ដោយ​លោក អះអាងថា មិន​មាន​ការជាប់គាំង​នយោបាយ​អ្វី​នោះទេ​។​

​លោក ហោ ណាំហុង បន្តថា លោក បាន​ស្នើ​ឲ្យ​លោកស្រី Julie Bishop ពិនិត្យមើល​សេចក្តីថ្លែងការណ៍​របស់​គណបក្សប្រឆាំង នៅ​មុន​ការបោះឆ្នោត ដែល​បាន​គូសបញ្ជាក់​ជា​មុនថា ខ្លួន​ចូលរួម​បោះឆ្នោត តែ​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ឡើយ ហេតុដូចនេះ អ្វីៗ​ដែល​កើតឡើង គឺ​គណបក្ស​ប្រឆាំង​នេះ បាន​គ្រោងទុកជាមុន​ហើយ​។ លោក ហោ ណាំហុង ក៏​បាន​ប្រាប់​លោក​ស្រី Julie Bishop ថា ការ​ដែល​គណបក្ស​ប្រឆាំង ទាមទារ​ចង់​កែ​ទម្រង់​ការ​បោះឆ្នោត ឬ​ចង់ឲ្យ​មាន​ការ​បោះ​ឆ្នោត​​មុន​អាណត្តិ​នោះ គឺ​ត្រូវ​ចូល​សភា ដើម្បី​ជជែក និង​ពិភាក្សា​សម្រេច ដែល​នេះ​ជា​ដំណោះស្រាយ​ជម្លោះ​រវាង​អ្នកនយោបាយ​។​

កន្លងទៅ អ្នកនាំគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ធ្លាប់អះអាងថា គណបក្ស​នេះ បាន​ដឹង​ជា​មុន​ពី​គម្រោង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឃុបឃិត​ជាមួយ គជប បង្ក​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត ហើយ​ការចូលរួម​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៥​នេះ គឺ​ដើម្បី​បង្ហាញ​ទៅ​ដល់​ប្រជា​ពលរដ្ឋ និង​អន្តរជាតិ ទទួល​ដឹង​ពី​ភាពមិនប្រក្រតី​នេះ និង​ភាព​មិន​ឯករាជ្យ​របស់ គជប​។

គួរបញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២១ និង​២២​ខែ​កុម្ភៈ​នេះ​។ នៅ​ម៉ោង​ជាង​៩ ព្រឹក​ថ្ងៃ​សៅរ៍​នេះ  លោកស្រី បាន​ជួបពិភាក្សា​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក​នាយក​​​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​ដល់​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត​នៅ​កម្ពុជា​៕

ប្រភពដោយ : (VOD) អត្ថបទដោយ : តាំង វីដា

«
Next
Newer Post
»
Previous
Older Post