Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ការពារ​សិទ្ធិ ​ជនជាតិភាគតិច ថ្កោលទោស​ ចំពោះ​ការ​វាយ​ សម្លាប់​ជនជាតិ​វៀតណាម​លើ​ទឹកដី​ខ្មែរ ថា​ជា​អំពើហិង្សា​ដែល​មាន​ចរិតលក្ខណៈ​ប្រកាន់​ពូជសាសន៍ ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែងរក​យុត្តិធម៌​លើ​ករណី​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច ចេញផ្សាយ​នៅ​ថ្ងៃទី​២០​ ខែ​កុម្ភៈ​ បានឲ្យដឹងថា ការ​វាយ​សម្លាប់​ជនជាតិ​វៀតណាម ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នា​រាត្រី ​ថ្ងៃទី​១៥​ ខែ​កុម្ភៈ ត្រង់​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កើតឡើង​ដោយសារ​ហ្វូង​មហាជន​បាន​ស្រែក​ថា​គាត់​ជា​ជនជាតិ​វៀតណាម ទើប​មាន​ការ​វាយ​សម្លាប់​លើ​ជនជាតិ​វៀតណាម​នោះ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ស្រដៀង​គ្នា​នេះដែរ មាន​ឧប្បត្តិហេតុ​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា មាន​ហាង​របស់​ជនជាតិ​វៀតណាម​ចំនួន ៣​កន្លែង ត្រូវ​បាន​រង​ការវាយប្រហារ លួច​ប្លន់ និង​ដុត​បំផ្លាញ បន្ទាប់ពី​មាន​ការប៉ះទង្គិច​គ្នា​រវាង​កម្មករ​រោងចក្រ​កាត់​ដែរ និង​កងរាជអាវុធហត្ថ​នៅ​ផ្លូវ​វ៉េងស្រេង​ផងដែរ ដែល​ករណី​ទាំង​ពីរ​នេះ ត្រូវបាន​ចាត់ទុក​ថា​ជា​ការវាយប្រហារ​ដោយ​ហេតុផល​ប្រកាន់​ពូជសាសន៍​។

​នាយក​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច លោក អាង ច័ន្ទ​រិទ្ធ មានប្រសាសន៍​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បន្ថែម​លើ​សេចក្តីថ្លែងការណ៍​ថា សេចក្តីថ្លែងការណ៍​រួម​នេះ គឺ​ចង់​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត ដោយ​យុត្តិធម៌ និង​ឯករាជ្យ ដើម្បី​ស្វែងរក​ការពិត​លើ​ករណី​នៃ​ការ​វាយ​សម្លាប់​នេះ​។

ទោះជា​យ៉ាងណា​ក៏ដោយ លោក អាង ច័ន្ទ​រិទ្ធ ក៏​បាន​បញ្ជាក់​ដែរ​ថា ការរើសអើង​ជាតិ​សាសន៍​រហូតដល់​មានការ​វាយ​សម្លាប់​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​វាយ​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម សុទ្ធតែ​ជា​ការរើសអើង​ជាតិ​សាសន៍​ដូចគ្នា ដែល​កន្លងមក លោក​តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​នូវ​ទង្វើ​ទាំងនេះ ព្រមទាំង​អំពាវនាវ​កុំឲ្យ​មាន​អំពើ​ទាំង​នេះ​កើតឡើង​តទៅទៀត​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់ថា ការលើកឡើង​អង្គការ​ទាំង​ពីរ ដែល​ថា​ការសម្លាប់​ជនជាតិ​វៀតណាម​លើ​ទឹកដី​ខ្មែរ ជា​អំពើ​ហិង្សា​ដែល​មាន​ចរិត​លក្ខណៈ​ប្រកាន់​ពូជសាសន៍ ជា​ការ​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ​ករណី​នៃ​ការ​វាយ​សម្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ តែងតែ​កើតមាន មិន​ថា​តែ​លើ​ជនជាតិខ្មែរ ឬ​បរទេស​ឡើយ​។ លោក​បន្តថា អំពើហិង្សា​បណ្តាល​ឲ្យ​ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់ កើតឡើង​ដោយសារតែ អាកប្បកិរិយា​មិនល្អ ខណៈ​ដែល​ប្រជាជន​បាត់​ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​កម្ពុជា​។

កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នេះ មន្ត្រី​ស្ថានទូត​វៀតណាម​ក៏​បាន​ថ្កោលទោស ​ចំពោះ​សកម្មភាព​នៃ​ការ​វាយ​សម្លាប់ ថា​ជា​ការរើសអើង​ជាតិ​សាសន៍ ព្រមទាំង​បាន​អំពាវនាវ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត និង​ចាត់វិធានកា​រណ៍​ចាប់​ជនដៃដល់​ដាក់ទោស​ជាបន្ទាន់​។​

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ លើកឡើងថា ប្រសិន​ជា​ការ​វាយ​សម្លាប់​នោះ​កើតឡើង​ដោយសារ​ការ​ប្រើ​សម្តី​ថា​វៀតណាម​វាយ ​ខ្មែរ​មែន​នោះ គឺជា​ការរើសអើង​ជាតិ​សាសន៍​មួយ ដែល​ប្រជាជន​កម្ពុជា​គួរតែ​ជៀសវាង​ឲ្យបាន​។ លោក​បន្ថែមថា ឥលូវ​នេះ​ខាង​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ហើយក៏​កំពុង​ធ្វើ​ការស៊ើបអង្កេត​បន្ត​។

​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ កន្លងទៅនេះ បុរស​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា បាន​ប្រើ​ពាក្យ​ញុះញង់​ប្រកាន់​ជាតិ​សាសន៍ ដែល​ឈាន​ដល់​ការ​ព្រួត​គ្នា​វាយ​លើ​ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់ បន្ទាប់​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​រាត្រី​ថ្ងៃទី​១៥ ​ខែ​កុម្ភៈ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕
ប្រភព (VOD) អត្ថបទដោយ : កាន់ វិច្ឆិកា

«
Next
Newer Post
»
Previous
Older Post