រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Hun Sen Cup កាលពីរសៀលថ្ងៃទី២៦ កុម្ភៈ នៅក្នុងពូលC និងពូលD គេបានរកឃើញក្រុមដែលមានសំណាងបានឡើងទៅលេងនៅវគ្គ៨ ក្រុមចុងក្រោយហើយ ។
សម្រាប់ពូលC ក្រុមភ្នំពេញក្រោនសម្រេចបំណងរបស់ខ្លួនបន្ទាប់ពីប្រកួតឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ១ទល់០ យ៉ាងលំបាក ។ ១គ្រាប់របស់ភ្នំពេញក្រោនដែលជាគ្រាប់បាល់ជ័យជម្នះនេះរកបានដោយកីឡាករពាក់អាវលេខ៧ ឃឹម បូរី នៅនាទីទី៣៣ ទោះបីនៅតង់ទី២ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិលេងសម្រុកខ្លាំងៗយ៉ាងណាក៏ដោយ ក៏មិនអាចរកគ្រាប់បាល់បានដែរ ដោយសារក្រុមភ្នំពេញក្រោនលេងការពារច្រើនជាងវាយបក ។ ក្រុមភ្នំពេញក្រោនលេងបាន៣ប្រកួត ឈ្នះ២ប្រកួត ស្មើ១ប្រកួត មាន៧ពិន្ទុ លេខ១ ក្នុងពូល ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិលេងបាន៣ប្រកួតដូចគ្នា ឈ្នះ២ប្រកួត ចាញ់១ប្រកួត មាន៦ពិន្ទុ លេខ២ ក្នុងពូល ។ ទាំងពីរក្រុមនេះបានឡើងទៅលេងវគ្គ៨ ក្រុមចុងក្រោយដូចគ្នា។
មួយប្រកួតទៀត ក្រុមត្រាយអាស៊ី (ខេត្តកណ្តាល) មិនមានសំណាងបានឡើងទៅលេងនៅវគ្គ៨ ក្រុមចុងក្រោយជាបន្តទៀតទេ ។ ដោយស្ថិតក្នុងពូលC ជាមួយគ្នានោះ ក្រុមត្រាយអាស៊ី (ខេត្តកណ្តាល) មិនត្រឹមតែទាមទារយកឈ្នះក្រុមខេត្តកំពង់ឆ្នាំងឱ្យបានលើសពី១៣គ្រាប់បុ៉ណ្ណោះទេ តែក៏ត្រូវទាមទារឱ្យក្រុមភ្នំពេញក្រោនចាញ់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិថែមទៀត ។ នៅក្នុងការប្រកួតក្រុមត្រាយអាស៊ីសម្រេចបានជំហានទី១ ដោយការយកឈ្នះក្រុមខេត្តកំពង់ឆ្នាំង ១៥ទល់នឹង១ តែនៅតែហាលអាវដដែល ដោយសារក្រុមភ្នំពេញក្រោនលេងឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលទ្ធផល១ទល់នឹង០ ។ ក្រុមត្រាយអាស៊ីលេងបាន៣ប្រកួត ឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត ចំណែកក្រុមខេត្តកំពង់ឆ្នាំងលេងបាន៣ប្រកួតដូចគ្នា ចាញ់ទាំង៣ប្រកួត ។ ដូច្នេះក្រុមទាំង២ ត្រូវជ្រុះចេញពីវគ្គនេះដូចគ្នា ។
សម្រាប់ពូលD ក្រុមវេស្ទើន យូនីអេហ្វស៊ីបានយកឈ្នះក្រុមខេត្តឧត្តរមានជ័យក្នុងលទ្ធផល៧ទល់នឹង០ ។ ទោះបីយ៉ាងណា ក្រុមទាំង២នេះត្រូវខ្ទាតចេញពីការប្រកួតដូចគ្នា ដោយសារក្រុមវេស្ទើនយូនីអេហ្វស៊ីលេងបាន៣ប្រកួត ឈ្នះ១ប្រកួត ចាញ់២ប្រកួត មានតែ៣ពិន្ទុ ចំណែកក្រុមខេត្តកំពង់ឆ្នាំងលេងបាន៣ប្រកួតដូចគ្នាចាញ់ទាំង៣ប្រកួត ។
មួយប្រកួតទៀត ក្រុមបៀលប្រាយយូណាយធីតលេងស្មើជាមួយក្រុមក្រសួងការពារជាតិ ក្នុងលទ្ធផល២ទល់នឹង២ ធ្វើឱ្យក្រុមទាំងពីរបានឡើងទៅលេងនៅវគ្គ៨ ក្រុមចុងក្រោយជាបន្តទៀត ។ ក្រុមក្រសួងការពារជាតិលេខ១ ក្នុងពូលលេងបាន៣ប្រកួត ឈ្នះ២ប្រកួត ស្មើ១ប្រកួត មាន៧ពិន្ទុ ចំណែកក្រុមបៀលប្រាយយូណាយធីតលេខ២ ក្នុងពូលលេងបាន៣ប្រកួត ឈ្នះ២ប្រកួត ស្មើ១ប្រកួត មាន៧ពិន្ទុ ។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ៨ ក្រុមចុងក្រោយនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី៥ មិថុនាខាងមុខ ។ នៅស្តាតចាស់ ការប្រកួតចាប់ផ្តើមនៅវេលាម៉ោង១៣និង៣០នាទី គឺក្រុមលេខ១ ពូលC ភ្នំពេញក្រោន ប្រកួតជាមួយក្រុមលេខ២ ពូលD បៀលប្រាយយូណាយធីត ។ មួយប្រកួតទៀត ក្រុមលេខ១ ពូលD ក្រសួងការពារជាតិ ប្រកួតជាមួយក្រុមលេខ២ ពូលC អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ចំណែកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ការប្រកួតចាប់ផ្តើមនៅវេលាម៉ោង១៥និង៣០នាទីតទៅ ដោយក្រុមលេខ១ ពូលA ចម្ការកៅសូ៊បឹងកេត ប្រកួតជាមួយក្រុមលេខ២ ពូលB ខេត្តស្វាយរៀង ។ មួយប្រកួតទៀត ក្រុមគីរីវង់សុខសែនជ័យ លេខ១ ពូលB ប្រកួតជាមួយក្រុមលេខ២ ពូលA ណាហ្គាខប ។ សូមរង់ចាំទស្សនាទាំងអស់គ្នា តើក្រុមណាខ្លះមានសំណាងឆ្លងទៅកាន់វគ្គ៤ ក្រុមចុងក្រោយជាបន្តទៀត ?
បាល់ទាត់ Hun Sen Cup រកឃើញក្រុមដែលឡើងទៅលេងនៅវគ្គ8 ក្រុមចុងក្រោយហើយ
ប្រភព និង អត្ថបទ ដោយ : ផ្កាយព្រឹក (កោះសន្តិភាព)

