សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងព្រហស្បតិ៍នេះ បានសម្រេចថា ពាក្យបណ្តឹងរបស់យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ប្រឆាំងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពីបទធ្វើឲ្យបាត់ដែនដីកោះមួយចំនួន ទៅលើប្រទេសវៀតណាមនោះ មិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់បានទេ។
បន្ទាប់ពីចូលបំភ្លឺតាមដីការបស់ ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ លោក នាង សុឃុន ជាម្ចាស់បណ្តឹង ថ្លែងទៅអ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញថា បើទោះជាតុលាការចាត់បណ្តឹងនេះមិនមានភ័ស្តុតាងគ្រប់គ្រាន់ តែលោក មានជំនឿចិត្តថា ជនល្មើសនឹងត្រូវផ្តនា្ទ ទោសតាមច្បាប់ ហើយកោះត្រល់ និងកោះក្រចកសេះ នឹងត្រូវប្រគល់មកកម្ពុជា តាមរយៈយន្តការអន្តរជាតិ «នៅក្នុងនោះ តុលាការគ្រាន់តែបានសាកសួរ នូវពាក្យបណ្តឹងរបស់យើង ហើយនិងពាក់ព័ន្ធនឹងភស្តុតាង របស់យើងដែលបានភ្ជាប់ទៅជាមួយ ប៉ុន្តែនៅក្នុងនោះ យើងភ្ជាប់ទៅមួយចំនែកតូច ដែលនៅ១សប្តាហ៍ក្រោយទៀត យើងនឹងយកភស្តុតាងឲ្យគ្រប់ទៅដាក់ឲ្យតុលាការ ដើម្បីឲ្យតុលាការ ជំរុញនូវពាក្យបណ្តឹងរបស់យើង ទៅកាត់ក្តីនោះ»។
លោក នាង សុឃុន ឲ្យដឹងទៀតថា នៅថ្ងៃទី ៧ ខែមិនា លោក នឹងយកភ័ស្តុតាងបន្ថែមទៀតដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យតុលាការពន្លឿននូវពាក្យបណ្តឹងរបស់ខ្លួន។
ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ដោយសាររឿងក្តីនេះជារឿងផលប្រយោជន៍ជាតិរួម តុលាការគួរតែរកភស្តុតាង បន្ថែម និងស៊ើបអង្កេត ព្រោះជាកាតព្វកិច្ចរបស់តុលាការ «រឿងនេះ មិនមែនជាការប្តឹត រវាងគេហៅថា កម្មសិទ្ធិឯកជន រវាងបុគ្គលមួយ និងបុគ្គលមួយទេ គឺជាការប្តឹងជាកម្មសិទ្ធិជាតិទាំងមូល អ៊ីចឹងខ្ញុំយល់ថា កាតព្វកិច្ចនេះ គឺតុលាការទេ ជាអ្នករកបន្ថែមទៀត មិនមែនជារឿងប្រជាជន ដែលជាអ្នកដើមបណ្តឹងម្នាក់ ហើយបានផ្តល់ ជាព័ត៌មានទៅឲ្យនោះធ្វើការរកបន្តទេ»។
អ្នកស្រាវជ្រាវបញ្ហាព្រំដែនសមុទ្រ លោក ហុង សុខហូ ឲ្យដឹងថា នៅខែមករា ឆ្នាំ១៩៣៩ លោក Previe(ប្រេវីយេ) មានលិខិតពីរផ្នែក ដែលផ្នែកទី១ សរសេរថា កោះទាំងឡាយដែលនៅខាងត្បូងបន្ទាត់ប្រេវីយេ ១៤០ អង្សារ គឺនៅក្រោមការត្រួតត្រារដ្ឋបាលរបស់កូសាំងស៊ីន ជំនាន់នោះ ។ ចំណែកផ្នែកទី២ សរសេរថា កោះត្រល់ជាកោះរបស់ខ្មែរ នៅតែជាកោះរបស់ខ្មែរដដែល ដោយគេបានប្រើពាក្យថា អនិស្សរៈភាព ដែលផ្ទុយអំពីពាក្យឯករាជ្យភាព «ផ្នែកទី១ គាត់បានបញ្ជាក់ថា កោះទាំងអស់ នៅខាងត្បូងបន្ទាត់ហ្នឹង គឺនៅក្រោមការត្រួតត្រា លក្ខណៈរដ្ឋបាលរបស់កូសាំងស៊ីន នៅផ្នែកទី២ លោក Previe(ប្រេវីយេ) ដដែលហ្នឹង គាត់និយាយថា កោះនោះ គឺជាកោះរបស់ខ្មែរទេ នៅតែជាកោះរបស់ខ្មែរដដែល គេនិយាយពាក្យថា “អនិស្សរភាព” អនិស្សរភាពគឺ ភាពផ្ទុយអំពីឯករាជ្យភាព បើឯករាជ្យបានន័យថា យើងឲ្យកោះទៅគេ កោះនោះវាឯករាជ្យហើយ ក៏ប៉ុន្តែគេមិនប្រើពាក្យឯករាជ្យទេ គេថា អនិស្សរភាព»។
លោក ហុង សុខហូ ឲ្យដឹងថា កោះត្រល់ ត្រូវបានលោក ហ៊ុន សែន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ចុះហត្ថលេខាលើសន្ធិសញ្ញា ឆ្នាំ១៩៨២ ឲ្យទៅវៀតណាម ដែលគ្រានោះកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម ដូច្នេះការបាត់កោះនេះ គឺស្ថិតក្រោមគំនាបនយោបាយ។ លោកចាត់ទុកថា សន្ធិសញ្ញានៅឆ្នាំ១៩៨២នោះ សន្ធិសញ្ញាមិនស្របច្បាប់ ប៉ុន្តែផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែម នៅឆ្នាំ២០០៥ បានធ្វើឲ្យសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២នោះ ក៏ដូចជាសន្ធិសញ្ញាឆ្នាំ១៩៧៩ និងឆ្នាំ១៩៨៥ ទៅជាស្របច្បាប់វិញ។
ប៉ុន្តែ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបំភ្លឺក្នុងរដ្ឋសភាថា ការបាត់បង់កោះត្រល់ គឺបាត់តាំងពីឆ្នាំ១៩៣៩មកម្ល៉េះ នៅពេលដែលកម្ពុជានៅក្រោមអាណានិគមបារាំង ហើយត្រូវបានលោក Previe(ប្រេវីយេ) ជនជាតិបារាំងជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន បានកាត់កោះនោះឲ្យវៀតណាម៕
តុលាការ ចាត់ទុកថា ខ្វះភ័ស្តុតាង ចំពោះបណ្តឹងប្រឆាំងលោក ហ៊ុន សែន រឿងបាត់កោះតុលាការ ចាត់ទុកថា ខ្វះភ័ស្តុតាង ចំពោះបណ្តឹងប្រឆាំងលោក ហ៊ុន សែន រឿងបាត់កោះ
ប្រភព និង អត្ថបទ ដោយ ឡាយ សាមាន (VOD)

