លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនគាំទ្រចំពោះគណបក្សនយោបាយណាមួយ យកយុវជនធ្វើជាល្បែងភ្នាល់ ឬជាឧបករណ៍ សម្រាប់បម្រើប្រយោជន៍គណបក្សរបស់ខ្លួន ដើម្បីសម្រេចឆន្ទៈនយោបាយឡើយ។
ក្នុងសន្និសីទចក្ខុវិស័យប្រទេស កម្ពុជាលើកទី៨ ឆ្នាំ២០១៤ លើប្រធានបទ “កម្ពុជាក្នុងប្រាំឆ្នាំទៅមុខ កំណែទម្រង់ និងភាពប្រកួតប្រជែង នៅក្នុងតំបន់ក្រោយ ធ្វើសមាហរណកម្ម” នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ លោក ហ៊ុន សែន ថ្លែងថា លោកការពារដាច់ខាតចំពោះផលប្រយោជន៍យុវជន តែមិនគាំទ្រសកម្មភាពទាំងឡាយណា ដែលយកអនាគតរបស់យុវជនកម្ពុជា សាកល្បង ជាល្បែងភ្នាល់ ដើម្បីសម្រេចមហិច្ឆិតា នយោបាយរបស់មនុស្សមួយក្រុមតូចណាមួយនោះទេ។
ប្រតិកម្ម របស់លោក ហ៊ុន សែន កើតឡើង ខណៈដែលមានយុវជនពីរនាក់ គឺលោក សួង សុភ័ណ្ឌ អតីតប្រធាន ចលនាយុវជនគណបក្ស សម រង្ស៊ី ប្តឹងលោកនាយករដ្ឋមន្ត្រី ទាក់ទងការស្លាប់មនុស្សនៅកោះពេជ្រ។ ករណីមួយទៀត យុវជន នាង សុឃុន ក៏ប្តឹងលោកនាយករដ្ឋមន្ត្រី ពីបទធ្វើឲ្យបាត់ដែនដីកោះត្រល់ និងកោះក្រចកសេះទៅលើប្រទេសវៀតណាម។
នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) លោក លោក សុខ ពិទូរ្យ មានប្រសាសន៍ថា អ្នកនយោបាយទាំងអស់ ជៀសមិនផុតពីការជ្រើសរើសយុវជន ដើម្បីបំរើប្រយោជន៍របស់បក្សនោះទេ។ លោកថា ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ យុវជនជាកម្លាំងស្នូល និងជាទំពាំងស្នងប្ញស្សី ដូច្នេះគណបក្សនយោបាយត្រូវផ្តល់ឱកាសឲ្យយុវជនមានការសម្រេចចិត្ត ខ្ពស់ក្នុងការដឹកនាំជាដើម។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ថា ថ្នាក់ដឹកនាំ គណបក្សនយោបាយមិនត្រូវរើសអើងយុវជន ដែលចូលរួមបម្រើគណបក្សនយោបាយទេ។ លោកថាគណបក្សនយោបាយទាំងអស់ គួរតែជ្រើសរើសយកយុវជន ចូលរួមក្នុងឆាកនយោបាយ និងលើកទឹកចិត្តពួកគេ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ញ្ញត្តិ និងហត្ថលេខា គាំទ្រចំនួន២៧.៧៤១ ដែលប្រមូលបាន១២រាជធានី-ខេត្ត ដោយក្រុមបណ្តាញយុវជនស្ម័គ្រចិត្ត សរុបចំនួន២៧០នាក់ នៃអង្គការ/សមាគមយុវជនចំនួន៦ ដាក់ទៅគណបក្សនយោបាយពីរគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យដាក់បញ្ចូលយុវជនជាបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិ៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំងដាច់ខាត ចំពោះគណបក្សណាយកយុវជន ដើម្បីសម្រេចនយោបាយ
ប្រភព និង អត្ថបទ ដោយ : ណាត សុភាព (VOD)


