រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ប្រកាសជ្រើសរើសនិស្សិត មានអាយុមិនលើសពី ៣០ ឆ្នាំ និងមន្ត្រីរាជការ មានអាយុមិនលើស ៣៨ឆ្នាំ គិតមកដល់ថ្ងៃប្រឡង ឲ្យចូលរួមប្រឡងប្រជែងធ្វើជាសិស្សក្រឡាបញ្ជីជំនាន់ទី៤ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤នេះតទៅ។
សេចក្តីជូនដំណឹង រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឲ្យដឹងថា និស្សិត ឬមន្ត្រីរាជការ ដែលមានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ឆ្នាំទី២ ពេញលេញ នៅមហាវិទ្យាល័យនីតិសាស្ត្រ ឬបរិញ្ញាបត្ររង ដែលមានកម្មវិធីសិក្សាសមមូលឡើងទៅ អាចដាក់ពាក្យចូលប្រឡង ជាសិស្សក្រឡាបញ្ជីបាន។
សេចក្តីជូនដំណឹងបន្តថា ដើម្បីអាចពង្រឹងសមត្ថភាពរបស់បេក្ខជនលើមុខវិជ្ជាសំខាន់ៗ រាជបណ្ឌិត សភា វិជ្ជាជីវៈតុលាការ ក៏នឹងរៀបចំបើកវគ្គបង្រៀនត្រៀមដល់បេក្ខជនទាំងអស់ ដែលកាលបរិច្ឆេទជាក់លាក់ នឹងជូនដំណឹងនៅពេលក្រោយ។
និស្សិត និងមន្ត្រីរាជការ ដែលមានចំណាប់អារម្មណ៍ អាចទាញយកពាក្យសុំពីគេហទំព័រ របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ តាមរយៈ www.rajp.gov.kh ដើម្បីបំពេញបែបបទប្រឡងប្រជែង និងដាក់ពាក្យនៅផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃរាជបណ្ឌិតសភាវិជ្ជាជីរៈតុលាការ ៕
ប្រភព៖ ជន ស្រីណុច(VOD)


