សារព័ត៌មានWall Street Journal ឲ្យដឹងថា ព័ត៌មានចុងក្រោយបំផុត ដែលទទួលបាន គឺវៀតណាម បានរកឃើញបំណែកនៃយន្តហោះដែលបានបាត់ការទាក់ទង កាលពីថ្ងៃសៅរ៍។អាជ្ញាធរវៀតណាម ឲ្យដឹងថា បំណែកនោះ ត្រូវបានរកឃើញថា អណ្តែតចម្ងាយជាង៨០គីឡូម៉ែត្រពីភាគនិរតីនៃកោះ Tho Chuរបស់វៀតណាម ហើយជឿថា ជាបំណែករបស់ទ្វាខាងក្នុងនៃយន្តហោះ និងផ្នែកកន្ទុយយន្តហោះ។
យន្តហោះម៉ាឡេស៊ី ប្រភេទBoeing 777 (ជើងហោះហើរMH370) ដឹកអ្នកដំណើរចំនួន២២៧នាក់ និងអ្នកបម្រើលើយន្តហោះ ១២នាក់ (សរុប ២៣៩នាក់)។ យន្តហោះ បានចេញដំណើរពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន កាលពីវេលាម៉ោងជាង១២យប់ថ្ងៃសៅរ៍ តែបានបាត់ការទំនាក់ទំនងពីរម៉ោងបន្ទាប់។
មន្ត្រីនិយាយថា យន្តហោះរបស់ម៉ាឡេស៊ី បានព្យាយាមត្រឡប់មកវិញ មុនពេលដែលយន្តហោះនោះ បាត់ការទាក់ទង។
អ្នកដំណើរនៅលើយន្តហោះនោះ មាន១៤ជាតិសាសន៍ ក្នុងនោះមានជនជាតិចិន ១៥៣នាក់ ជនជាតិម៉ាឡេស៊ី ៣៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៧នាក់ អូស្ត្រាលី ៦នាក់ ឥណ្ឌា ៤នាក់ បារាំង៤នាក់ អាមេរិក៣នាក់ និងជនជាតិដទៃទៀត៕
ប្រភព ដោយ (VOD)


