មន្រ្តីរដ្ឋាភិបាល ម៉ាឡេស៊ី ឲ្យដឹងថា អ្នកស៊ើប អង្កេតដែលពាក់ព័ន្ធ សន្និដ្ឋានចុងក្រោយ ថា យន្តហោះ ដែលបានបាត់អស់ រយៈពេលមួយ សប្តាហ៍មកហើយនោះ ត្រូវបានប្លន់។នេះជាការបញ្ជាក់ចុងក្រោយ បន្ទាប់ពីការស៊ើប អង្កេតជាច្រើនថ្ងៃ និងការស្វែងរកយន្តហោះ មិនមានលទ្ធផល។ សារព័ត៌មានAP ចេញផ្សាយនៅថ្ងៃសៅរ៍នេះ ឲ្យដឹងថា អ្នកស៊ើបអង្កេតសន្និដ្ឋានថា មនុស្សម្នាក់ ឬលើសនេះ ជាមួយបទពិសោធន៍ ហោះហើរដ៏ជំនាញ បានប្លន់យន្តហោះ ម៉ាឡេស៊ីដែលបានបាត់ទៅ ដោយបិទឧបករណ៍ ទាក់ទងទាំងអស់ ព្រមទាំងបង្វែរទិសដៅហោះហើរ។ មន្រ្តីរដ្ឋាភិបាលម៉ាឡេស៊ី ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេត និយាយនៅថ្ងៃសៅរ៍នេះ ដោយសារគាត់ មិនត្រូវបានអនុញ្ញាតក្នុងការ និយាយទៅកាន់អ្នកសារព័ត៌មាន។
មន្រ្តីនិយាយថា មិនមានតំរុយ ដែលត្រូវបានរកឃើញ ហើយមិនច្បាស់ទេថាតើយន្តហោះនៅទីណារហូតមកដល់ពេលនេះ។ មន្រ្តី បញ្ជាក់ទៀតថា ការសន្និដ្ឋានចុងក្រោយ គឺយន្តហោះត្រូវបានប្លន់ ដោយសារ សញ្ញាទំនាក់ទំនាក់ របស់យន្តហោះ ត្រូវបានបិទដោយចេតនា ហើយទិន្នន័យ បង្ហាញផ្លូវយន្តហោះ និងការចង្អុលបង្ហាញយន្តហោះ ត្រូវបានបង្វែរទៅលើផ្លូវមួយ ដើម្បីចៀសពីការចាប់បានរបស់រ៉ាដា។
យន្តហោះម៉ាឡេស៊ី ប្រភេទBoeing 777 (ជើងហោះហើរMH370) ដឹកអ្នកដំណើរចំនួន២២៧នាក់ និងអ្នកបម្រើលើយន្តហោះ ១២នាក់ (សរុប ២៣៩នាក់)។ យន្តហោះ បានចេញដំណើរពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន កាលពីវេលាម៉ោងជាង១២យប់ថ្ងៃសៅរ៍ តែបានបាត់ការទំនាក់ទំនងពីរម៉ោងបន្ទាប់។
មន្ត្រីនិយាយថា យន្តហោះរបស់ម៉ាឡេស៊ី បានព្យាយាមត្រឡប់មកវិញ មុនពេលដែលយន្តហោះនោះ បាត់ការទាក់ទង។ អ្នកដំណើរនៅលើយន្តហោះនោះ មាន១៤ជាតិសាសន៍ ក្នុងនោះមានជនជាតិចិន ១៥៣នាក់ ជនជាតិម៉ាឡេស៊ី ៣៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៧នាក់ អូស្ត្រាលី ៦នាក់ ឥណ្ឌា ៤នាក់ បារាំង៤នាក់ អាមេរិក៣នាក់ និងជនជាតិដទៃទៀត៕
ប្រភព និង អត្ថបទ ដោយ : ស៊ុន ណារិន (VOD)

