Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ប៉ូលិស​ម៉ាឡេស៊ី ចាប់ផ្តើម​ស៊ើបអង្កេត​ ផ្ទះ​អ្នកបញ្ជា​យន្តហោះ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បញ្ជាក់ថា យន្តហោះ​ដែល​បាត់​កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន បណ្តាល​មក​ពី​សកម្មភាព​ចេតនា​ណាមួយ​។​

​ក្នុង​សន្និសីទ​សារ ព័ត៌មាន​នៅ​ថ្ងៃ​សៅរ៍​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ថ្លែង ជា​ការ​ចេញ​មុខ​លើកដំបូង ក្រោយ​ការបាត់​យន្តហោះ​ថា ទិន្នន័យ​ដែល​ត្រូវបាន​បញ្ជូន​ដោយ​យន្តហោះ​ទៅ​ផ្កាយរណប បានបញ្ជាក់​ថា យន្តហោះ​បាន​​ផ្លាស់​​ប្តូរ​ពី​ផ្លូវ​ដើម​របស់​វា​។ លោក​បន្ថែមថា ទំនាក់ទំនង​ផ្កាយរណប​ចុង​ក្រោយ​ពី​យន្តហោះ គឺ​នៅ​ម៉ោង​៨​និង​១១​នាទី​​ព្រឹក​(​ម៉ោង​នៅ​ម៉ាឡេស៊ី​)  ដែល​លើស​ពេល​កំណត់​ដែល​ត្រូវ​ទៅ​ដល់​ទីក្រុង​ប៉េកាំង​។ យន្តហោះ បាន​ចាកចេញ​ពី​ទី​ក្រុង​ កូឡា​ឡាំ​ពួរ​នៅ​ម៉ោង​ ១២​និង​ ៤១​នាទី ទាបភ្លឺ​។​

នាយករដ្ឋមន្ត្រី និយាយថា ការ​ប្លន់​យន្តហោះ ត្រូវបាន​លើកឡើង​ជា​លទ្ធភាព ហើយ​ម៉ាឡេស៊ី​នៅតែ ស៊ើបអង្កេត​លើ​លទ្ធភាព​ទាំងអស់ ដើម្បី​ដឹង​ថា​តើ​អ្វី​បណ្តាល ឲ្យ​យន្តហោះ​MH370 ហោះ​ខុសពី​ផ្លូវ​ដើម​របស់​វា​។​នាយករដ្ឋមន្ត្រី​បញ្ជាក់ថា ប្រដាប់​ទទួល​ទូរលេខ និង​ការទំនាក់ទំនង ត្រូវ​បាន​បិទ​ដោយ​ចេតនា មុន​ពេល​វា​ទៅ​ដល់​សមុទ្រ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​ម៉ាឡេស៊ី​។​

​អាជ្ញាធរ ម៉ាឡេស៊ី បាន​ផ្តោត​ការយកចិត្ត ទុកដាក់​ទៅលើ​ការស៊ើបអង្កេត​ លើ​សហសេវិក​យន្តហោះ និង​អ្នកធ្វើដំណើរ​នៅលើ​យន្តហោះ ។ ​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​លើកឡើង​បែប​នេះ CNN​រាយការណ៍​ថា ប្រភព​ជិត​នឹង​ក្រុម​ស៊ើបអង្កេត​លើកឡើងថា ប៉ូលិស​របស់​ម៉ាឡេស៊ី បាន​ស្វែងរក​ផ្ទះ​របស់​អ្នក​បញ្ជា​យន្តហោះ លោក Zaharie Ahmad Shah អាយុ​៥៣​ឆ្នាំ ។​

​ការវិភាគ​ចំណែក​ថ្នាក់​នៃ​ទិន្នន័យ អេឡិចត្រូនិក និង​ផ្កាយរណប លើកឡើងថា យន្តហោះ​ម៉ាឡេស៊ី ដែល​បាត់​ខ្លួន ទំនង​ជា​ធ្លាក់ចូល​ឈូង​សមុទ្រ​Bengal​នៃ​ប្រទេស​ឥណ្ឌា  ឬ​កន្លែង​ផ្សេង​នៅក្នុង​សមុទ្រ​ឥណ្ឌា​។​ទូរទស្សន៍​CNN ចុះផ្សាយ​ថា ការវិភាគ​ដែល​ត្រូវ​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក និង​ម៉ាឡេស៊ី បាន​បង្រួញ​តំបន់​នៃ​ការស្វែងរក​យន្តហោះ ដែល​បាត់​អស់​រយៈពេល​មួយ​សប្តាហ៍​មក​ហើយ​។​ការវិភាគ ត្រូវបាន​ប្រើ​ទិន្នន័យ​រ៉ា​ដា និង​ផ្កាយរណប ដោយ​គិត​ថា យន្តហោះ​ម៉ាឡេស៊ី ដឹក​អ្នកដំណើរ​២៣៩​នាក់ បាន​បង្វែរ​មក​ទិស​ខាងលិច កាត់​តាម​ឧបទ្វីប​Malayan  ហើយ​បន្ទាប់មក​ហោះ​ទៅ​ទិសដៅ​ពាយព្យ ឆ្ពោះទៅ​កាន់ ឈូង​សមុទ្រ​Bengal ឬ​ភាគ​និរតី​នៃ​សមុទ្រ​ឥណ្ឌា​។​

​ការវិភាគ​នេះ កើតឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក បាន​បញ្ជា​ឲ្យ​នាវា​អាមេរិក​USS Kidd ចូល​ទៅ​កាន់​សមុទ្រ​ឥណ្ឌា ហើយ​ឥណ្ឌា ពង្រីក​ការប្រឹងប្រែង​ស្វែងរក​ទៅក្នុង​ឈូង​សមុទ្រ​Bengal​។​

​យន្តហោះ​ម៉ាឡេស៊ី ប្រភេទ​Boeing 777 (​ជើងហោះហើរ​MH370) ដឹក​អ្នកដំណើរ​ចំនួន​២២៧​នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ ១២​នាក់ (​សរុប ២៣៩​នាក់​)​។ យន្តហោះ បាន​ចេញដំណើរ​ពី​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​វេលា​ម៉ោងជាង​១២​យប់​ថ្ងៃ​សៅរ៍ តែ​បាន​បាត់​ការទំនាក់ទំនង​ពីរ​ម៉ោង​បន្ទាប់​។​

​មន្ត្រី​និយាយ​ថា យន្តហោះ​របស់​ម៉ាឡេស៊ី បាន​ព្យាយាម​ត្រឡប់មកវិញ មុនពេល​ដែល​យន្តហោះ​នោះ បាត់​ការទាក់ទង​។​ ​អ្នកដំណើរ​នៅ​លើ​យន្តហោះ​នោះ មាន​១៤​ជាតិ​សាសន៍ ក្នុងនោះ​មាន​ជនជាតិ​ចិន ១៥៣​នាក់ ជនជាតិ​ម៉ាឡេស៊ី ៣៨​នាក់ ជនជាតិ​ឥណ្ឌូនេស៊ី ៧​នាក់ អូស្ត្រាលី ៦​នាក់  ឥណ្ឌា ៤​នាក់ បារាំង​៤​នាក់ អាមេរិក​៣​នាក់ និង​ជនជាតិ​ដទៃទៀត​៕

ប្រភព និង អត្ថបទ​ ដោយ : ស៊ុន ណារិន (VOD)

«
Next
Newer Post
»
Previous
Older Post