អាមេរិក ៖ នៅតែមានចំនួនអ្នកស្លាប់និងរងរបួសក្នុងការផ្ទុះ កាលពីថ្ងៃទី១២ ខែមីនា ធ្វើឱ្យអគារខុនដូ ចំនួន២នៅតំបន់មែនហាតាន់ ទីក្រុង ញូវយ៉ក អាមេរិកកើនឡើងដល់៧០នាក់ ក្នុងនោះមាន៣នាក់ស្លាប់ និងជាង៦០នាក់រងរបួសជាទម្ងន់ ។
ហេតុការណ៍ផ្ទុះកើតឡើងនៅ វេលាម៉ោង៩និង៣០នាទី ម៉ោងនៅក្នុងតំបន់។ មូលហេតុជាបឋមបណ្ដាលមកពីការ បែកធ្លាយបំពង់ហ្គាស។ ក្រុមជួយសង្គ្រោះ មកពីស្ថាប័នផ្សេងៗគ្នាដែលមាន១៦៨នាក់ចូលរួមសកម្មភាពជួយដល់ប្រជាពលរដ្ឋ ។ សម្ពាធនៃការផ្ទុះមានកម្លាំងខ្លាំងធ្វើ ឱ្យបំណែកបង្អូចកញ្ចក់ខ្ទាត់ចេញពីកន្លែង កើតហេតុរាប់សិបម៉ែត្រ ។ ពលរដ្ឋនៅជិតខាងកន្លែងកើតហេតុបានរៀបរាប់ឱ្យដឹងថា ការផ្ទុះនិងបាក់ស្រុតនោះមិនខុសអ្វីពីការរញ្ជួយដីនោះឡើយ ។ ក្រុមជួយ សង្គ្រោះជាច្រើនខិតខំគាស់កកាយគំនរ អគារបាក់បែករុករកអ្នកបាត់ខ្លួន៨នាក់ទៀត។ ការបាក់ស្រុតអគារខាងលើធ្វើឱ្យពល រដ្ឋជាច្រើននឹកឃើញដល់សោកនាដកម្មកាលពីថ្ងៃទី១១ កញ្ញា ២០០១ ធ្វើឱ្យ អ្នកដែលនៅជិតខាងនោះរត់ភៀសខ្លួន ទាំងប្រញាប់ប្រញាល ។
ពលរដ្ឋនៅក្រុងញូវយ៉កបាននាំគ្នាសំដៅទៅមន្ទីរពេទ្យ ស្វែងរកសាច់ញាតិ ។ នាងអាសេវេដូបានដើររកបងថ្លៃនៅមន្ទីរពេទ្យចំនួន៤ ប៉ុន្ដែមិនទាន់រកឃើញ។ នាងបាននិយាយ ថា នាងពិតជាមានអារម្មណ៍ស្មុគស្មាញ យ៉ាងខ្លាំង ខណៈដែលមិនទាន់រកឃើញសាច់ញាតិ ។ប្រភពព័ត៌មានពីក្រុមពន្លត់អគ្គិភ័យ បានឱ្យដឹងថា មូលហេតុបណ្ដាលឱ្យបាក់ ស្រុតអគារខាងលើគឺដោយសារតែការបែកធ្លាយទុយោទឹកហើយហូរចំបំពង់ ហ្គាស យូរៗទៅបណ្ដាលឱ្យសឹករិចរឹល ទើបបែកធ្លាយហ្គាសបង្កឱ្យមានការផ្ទុះខាងលើកើតឡើង ។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា បំពង់ឧស្ម័នហ្គាសដែលកប់នៅក្រោមដី មានអាយុកាលចាស់ ជាមូលហេតុ បណ្ដាលឱ្យផ្ទុះ ។ បំពង់ឧស្ម័នហ្គាសទាំងនោះចាំបាច់ត្រូវតែផ្លាស់ប្ដូរថ្មីទប់ស្កាត់ហេតុការណ៍អាក្រក់បែបនេះកើតឡើងនាពេលអនាគត ។
អាមេរិកបានប្រើប្រាស់ បណ្ដាញទុយោហ្គាស កប់ក្រោមដីចែកចាយប្រើ ប្រាស់ដល់ប្រជាពលរដ្ឋតាំងពីឆ្នាំ១៩០០ មកម្ល៉េះ ។ បំពង់បង្ហូរខ្លះនៅតែបន្ដដំណើរការរហូតមកទល់ពេលនេះ ។ មានបំពង់បង្ហូរឧស្ម័នជាង១ម៉ឺនគីឡូ ម៉ែត្រ កប់ក្រោមដីចំនួន៥នៅក្រុងញូវយ៉កសម្រាប់ផ្គត់ផ្គង់ពលរដ្ឋ៦៥ភាគរយ ៕
ប្រភព ដោយ : HRnews24






