គណៈកម្មការចម្រុះបក្សទាំងពីរ នឹងជួបគ្នាលើកទី២ នៅព្រឹកនេះគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោតគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃចន្ទនេះ នឹងជួបគ្នាជាលើកទី២ បន្តកិច្ចពិភាក្សាលើក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។
តាមរយៈសេចក្តីប្រកាសរួម គណៈកម្មការចម្រុះគណបក្សជាប់ឆ្នោតទាំងពីរ នឹងបន្តកិច្ចពិភាក្សា នៅថ្ងៃទី១០ ខែមីនានេះ វេលាម៉ោង ៩ព្រឹក នៅវិមានព្រឹទ្ធសភា។ សមាជិកគណៈកម្មការចម្រុះ លោក ឈាង វុន គណបក្សប្រជាជនកម្ពុជា និងលោក យ៉ែម បុញ្ញឫទ្ធិ គណបក្សសង្គ្រោះជាតិ អះអាងថា ក្រុមការងារគណៈកម្មការកែទម្រង់ការបោះឆ្នោតបក្សទាំងពីរ បានត្រៀមខ្លួនជាស្រេច នឹងចូលប្រជុំតាមការកំណត់។
សម្រាប់កិច្ចប្រជុំថ្ងៃទី១០ ខែមីនានេះ គណៈកម្មការបក្សទាំងពីរ នឹងពិភាក្សាលម្អិតលើចំណុចពីរ ដែលបានឯកភាពគ្នា កាលពីថ្ងៃទី៣ ខែមីនា នោះគឺ ការធ្វើកំណែទម្រង់ការចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត រួមនឹងការរៀបចំបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុគណបក្ស។ ទន្ទឹមនេះ គណៈកម្មការបក្សទាំងពីរ នឹងបន្តពិភាក្សាលើការកែទម្រង់ស្ថាប័នបោះឆ្នោត យន្តការដោះស្រាយវិវាទ និងការធានាភាពស្មើគ្នាលើប្រព័ន្ធផ្សព្វផ្សាយជាដើម ដែលបានពិភាក្សា។
កាលពីថ្ងៃទី ៧ ខែមីនា គណបក្សសង្គ្រោះជាតិ បានរៀបចំសិក្ខាប្រមូលផ្តុំអនុសាសន៍ ពាក់ព័ន្ធនឹងកំណែទម្រង់ការបោះឆ្នោត ដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ដែលមានអង្គការជាង ២០ បានជំរុញឲ្យមានការកែទម្រង់ប្រព័ន្ធចុះឈ្មោះបោះឆ្នោតបែបទំនើប មានបច្ចេកទេសក្នុងការគ្រប់គ្រងទិន្នន័យ រួមនឹងសេចក្តីព្រាងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុគណបក្ស ដែលកំណត់ពីចំណាយនិងចំណូលច្បាស់លាស់។
តាមរយៈលទ្ធផលនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថាសមាសភាពគណៈកម្មការចម្រុះគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៊ិន ឈិន និងសមាជិក លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។
ចំណែកគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សុន ឆ័យ និងសមាជិក លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នីវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ៕
គណៈកម្មការចម្រុះបក្សទាំងពីរ នឹងជួបគ្នាលើកទី២ នៅព្រឹកនេះ
ប្រភព និង អត្ថបទ ដោយ តាំង វីដា (VOD)


