ជនជាតិដើម ភាគតិចកួយ ខេត្តព្រះវិហារ អះអាងកាលពីថ្ងៃសៅរ៍ ម្សិលមិញថា ពួកគេ នឹងហែក្បួន មករកអន្តរាគមន៍ផ្ទាល់ ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យបញ្ឈប់សកម្មភាពក្រុមហ៊ុនចិន ដែលកំពុងឈូសឆាយ រំលោភដីព្រៃសហគមន៍ ធ្វើឲ្យ ប៉ះពាល់ដល់ជីវភាពរស់នៅ និងជំនឿដូនតារបស់ពួកគេ។
អ្នកភូមិប្រមាណជា៥០នាក់ ដែលបោះជំរុំ ជិតក្រុមហ៊ុនចិន ស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អះអាងប្រាប់អ្នកសារព័ត៌មានថា ពួកគេមកបោះជំរុំទីនេះ ជិត៣ខែហើយ ដើម្បីទប់ស្កាត់ មិនឲ្យក្រុមហ៊ុនចិន ឈ្មោះ ឡាន ហ្វេង យកគ្រឿងចក្រ ឈូសឆាយ រំលោភដីព្រៃសហគមន៍ បន្តទៀត។
ពួកគេ បន្តថា មកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ មិនទាន់ប្រាប់ពីដំណោះស្រាយយ៉ាងណា ដើម្បីធានាថា ដីព្រៃសហគមន៍ ដែលពួកគាត់ធ្លាប់ អាស្រ័យផល តាំងពីដូនតាមក កុំឲ្យក្រុមហ៊ុនចិនឈ្មោះ ឡាន ហ្វេងនេះ រំលោភយកបន្តទៀតទេ។ ពួកគេថា ផ្ទុយទៅវិញករណីនេះ អាជ្ញាធរបែរជាគំរាម ពួកគាត់ឲ្យឈប់តវ៉ា ដោយអះអាងថា ក្រុមហ៊ុន ទទួលបាន សិទ្ធិពីរដ្ឋាភិបាល ដើម្បី ឈូសឆាយដីព្រៃនេះ។
ចាស់ទុំម្នាក់ ក្នុងចំណោមជនជាតិដើមភាគតិចកួយដែលតវ៉ា គឺ លោក សុខ រាង អាយុ៦១ឆ្នាំឲ្យ ដឹងថា ជនជាតិដើម របស់លោក ហាក់អស់ជំនឿ លើវិធានការទប់ស្កាត់របស់អាជ្ញាធរមូលដ្ឋាន។ លោកថា នៅដើមសប្តាហ៍នេះ តំណាងសហគមន៍ចំនួន៣ស្រុក គឺស្រុកត្បែងមានជ័យ ស្រុកឆែប និង ស្រុកជាំក្សាន្ត នឹងបើកកិច្ចប្រជុំមួយ ដើម្បីរកមធ្យោបាយ មករាជធានីភ្នំពេញ សុំអន្តរាគមន៍ផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ឲ្យជួយដោះស្រាយករណីនេះ។
លោក សុខ រាង សម្តែងការខកចិត្តចំពោះវិធានការអាជ្ញាធរ
អ្នកភូមិឲ្យដឹងដែរថា ក្រុមហ៊ុនចិនមួយនេះ បានឈូសឆាយរំលោភយកដីព្រៃសហគមន៍អស់ច្រើនរយហិកតា។ ក្នុងនោះ ធ្វើឲ្យប៉ះពាល់ដល់ទួលប្រាសាទបុរាណដូនតា យ៉ាងតិច៤ គឺប្រាសាទក្រូចព្រួស ប្រាសាទយក្សភ្លួក ប្រាសាទភ្នំអណ្តូង និងប្រាសាទយក្សចង់កួយ។
អភិបាលស្រុកត្បែងមានជ័យ លោក ប៉ាង យាត អះអាងថា ដីទួលប្រាសាទដូនតានោះត្រូវបានអាជ្ញាធរសម្រេចឆ្វៀលចេញពីគម្រោង អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនហើយ ប៉ុន្តែលោកចោទថាអ្នក ដែលនៅតវ៉ានោះ គឺដោយសារមានអ្នកញុះញង់។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅសមាគមអាដហុក លោក ចាន់ សុវ៉េត ដែលចុះពិនិត្យដល់កន្លែងឈូសឆាយ បានស្តីបន្ទោសថា ការផ្តល់ដីសម្បទាននៅតំបន់នោះ បានផ្តល់ប្រយោជន៍ សម្រាប់តែមនុស្សមួយក្រុមតូច ហើយធ្វើឲ្យម្ចាស់ស្រុក ភាគច្រើនរងគ្រោះ។ លោក ជំរុញឲ្យរដ្ឋាភិបាល ត្រូវតែវ័យឆ្លាត ធ្វើយ៉ាងណាពិនិត្យ គម្រោងផ្តល់ដីសម្បទាននោះឡើងវិញ ដើម្បីឲ្យប្រាកដថា សិទ្ធិជនជាតិដើមភាគតិច ដែលមានចែងនៅក្នុងច្បាប់ ត្រូវបានយកមកអនុវត្ត។

គំនរឈើ ក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុន ឡាន ហ្វេង
របាយការណ៍ របស់ក្រុមអង្គការសង្គមស៊ីវិល ចេញផ្សាយចុងខែតុលា ឆ្នាំ២០១៣ បង្ហាញថា ក្រុមហ៊ុនឡាន ហ្វេង ទទូលបានសម្បទានដីសេដ្ឋកិច្ចពីរដ្ឋាភិបាល ទំហំជាង៩ពាន់ហិកតា (៩០១៥ ហិកតា) តាំងពីឆ្នាំ២០១១ គ្រប់ដណ្តប់ស្ទើរទាំងស្រុងនៃតំបន់បេតិកភ័ណ្ឌ ពុំទាន់បានចុះបញ្ជីផ្លូវការនៅឡើយ។
របាយការណ៍បន្តថា តំបន់ដីសហគមន៍ជនជាតិដើមភាគតិចទាំងនោះ មិនទាន់ចុះបញ្ជី និងពុំទាន់គោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធមួយចំនួន ដូចជាច្បាប់ភូមិបាល ច្បាប់ព្រៃឈើ និងអនុក្រឹត្យស្តីពីដីសម្បទានជាដើម ដែលធ្វើឲ្យប៉ះពាល់ជនជាតិដើមភាគតិចកួយនៅតំបន់នោះ ចំនួន៤៨៧គ្រួសារហើយចំនួននេះបានកើនឡើង៥៦៥គ្រួសារ នៅឆ្នាំ២០១៣៕

ប្រភព និង អត្ថបទ ដោយ : ញឹម សុខន (VOD)