ប្រជាសហគមន៍បឹងកក់ នៅវេលាម៉ោង១០ព្រឹកថ្ងៃពុធនេះ ត្រូវបានអនុញ្ញាតឲ្យចូលទៅសាលារាជធានីភ្នំពេញ ដើម្បីយកលិខិតទៅដាក់ ក្នុងគោលបំណងអញ្ជើញអភិបាលរាជធានី លោក ប៉ា សុជាតិវង្ស ចូលរួមទិវាសិទ្ធិនារី៨មីនា នៅតំបន់បឹងកក់។
អ្នកបឹងកក់ជាង១០នាក់ បានកំពុងប្រមូលផ្តុំនៅខាងមុខសាលារាជធានី ដោយមានការយាមកាមសន្តិសុខខណ្ឌជាង៣០នាក់។ អ្នកបឹងកក់ បានដាក់លិខិត ក្នុងគោលបំណងអញ្ជើញលោក ប៉ា សុជាតិវង្ស ទៅចូលរួមការប្រារព្ធទិវា៨មីនា ដែលគ្រោងនឹងធ្វើឡើងនៅតំបន់បឹងកក់ ផ្ទះអ្នកស្រីទេព វន្នី។
អ្នកបឹងកក់ ក៏បានដាក់លិខិតទៅក្រសួងកិច្ចការនារី គណបក្សនយោបាយ និងសង្គមស៊ីវិលផងដែរ ដើម្បីអញ្ជើញមន្ត្រីតំណាងទៅចូលរួម។
ការដាក់លិខិតនេះ ធ្វើឡើងបន្ទាប់ពីអតីតអ្នកបឹងកក់៣នាក់ ត្រូវបានចាប់ខ្លួននៅម៉ោងជាង៨ព្រឹក រួចបញ្ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈពួកគាត់ជាង១០នាក់ បានប្រមូលផ្តុំនៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យមានដំណោះស្រាយរឿងដីធ្លី៕
អ្នកបឹងកក់ អញ្ជើញលោក ប៉ា សុជាតិវង្ស ចូលរួមការប្រារព្ធទិវាសិទ្ធិនារីនៅតំបន់បឹងកក់
ប្រភព និង អត្ថបទ ដោយ : ណាត សុភាព (VOD)

