នៅក្នុងការធ្វើបាតុកម្មរយៈពេលជិតបួនខែមកនេះ ដើម្បីទំលាក់លោកស្រី យីង ឡាក់ ពីនាយករដ្ឋមន្ដ្រីដោយក្រុមប្រឆាំងដឹកនាំដោយ អគ្គលេខាធិការគណៈកម្មាធិការកែទម្រង់ប្រជាធិបតេយ្យរបស់ប្រជាជនគឺលោក សូថេបធុងសូបាង មិនមានសញ្ញាណាមួយឲ្យដឹងថា លោកស្រី យីង ឡាក់ នឹងសុខចិត្តដើរចេញពីអំណាចឡើយ។
អំឡុងពេលនៃការធ្វើបាតុកម្មនោះ បាតុករបានប្រើប្រាស់យុទ្ធសាស្ត្រ និងយុទ្ធវិធីជាច្រើន ដោយអហិង្សាមានដូចជាការធ្វើបាតុកម្មបិទផ្លូវធំៗ និងហ៊ុមព័ន្ធអាគារជាច្រើនរបស់រដ្ឋាភិបាលព្រមទាំងបិទទីក្រុងបាងកកទៀតផង ប៉ុន្ដែមិនមានអ្វីដែលធ្វើឲ្យលោកស្រី យីង ឡាក់ បាត់បង់អំណាចបើទោះជាលោកស្រីខកខាន បើកកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅទីក្រុងបាងកកជាច្រើនមកក៏ដោយ។
ជាការឆ្លើយតបលោកសូថេបធុងសូបាន បានទទូចឲ្យលោកស្រី យីង ឡាក់ ជួបលោកដោយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ហើយក្រោយមកគឺនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ លោកបានសំរេចដកយុទ្ធវិធីនៃការហ៊ុមព័ទ្ធវិមានរដ្ឋាភិបាលនិងផ្លូវសំខាន់ៗ ទៅប្រមូលផ្ដុំគ្នាតែមួយកន្លែងវិញ គឺដើម្បីបន្ថយភាពនឿយហត់របស់បាតុករ។
ដោយមើលឃើញដូចនេះអ្នកវិភាគប្រទេសថៃជាច្រើន មើលឃើញថាពួកបាតុករមិនអាចទម្លាក់លោកស្រីយីងឡាក់បានឡើយ គឺក្រៅពីតែតុលាការនិងការធ្វើរដ្ឋប្រហារដោយកងទ័ពប៉ុណ្ណោះ។
អ្នកវិភាគពិនិត្យឃើញថា តុលាការអាចមានលទ្ធភាពទម្លាក់លោកស្រី យីង ឡាក់ បានហើយ កងទ័ពគឺជាជម្រើសចុងក្រោយ ប៉ុន្ដែអ្នកវិភាគព្រមានថាការធ្វើរដ្ឋប្រហារដោយកងទ័ពអាចនាំឲ្យសង្គមថៃធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។
នាយកស្រាវជ្រាវនៅឯវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ នៅឯសាកលវិទ្យាល័យឈៀងម៉ៃ លោក Paul Chambers ពិនិត្យឃើញថាពួកបាតុករពិតជាមិនអាចទម្លាក់លោកស្រីយីងឡាក់បានឡើយ ហើយមានតែតុលាការឬយោធាប៉ុណ្ណោះ ដែលអាចទម្លាក់លោកស្រីបាន។
លោកបានពន្យល់ថាចលនារបស់ក្រុមប្រឆាំងរដ្ឋាភិបាល បើទោះជាមិនចុះអត់ថយកម្លាំងក៏ដោយ ប៉ុន្ដែក្រុមនេះមិនអាចប្រើហិង្សាដើម្បីទម្លាក់លោកស្រីបាន និងវាកាន់តែធ្វើឲ្យលោកស្រី យីង ឡាក់ រក្សាជំហអហិង្សាបានបន្ដទៀត ហើយពេលនោះកងទ័ពក៏មិនអាចចូលលុកលុយក្រុងបាងកកបានដែរ។
ប៉ុន្ដែបណ្ដាញស៊ើបអង្កេតប្រឆាំងអំពើពុករលួយ ដែលសំណុំរឿងលោកស្រី យីង ឡាក់ កំពុងស្ថិតនៅក្នុងដៃរបស់ពួកគេ គឺជាដើមចម ឬជាបុព្វហេតុតែមួយគត់ ដែលអាចទាញទម្លាក់លោកស្រី យីង ឡាក់ ចេញពីអំណាចបាន។
លោកស្រី យីង ឡាក់ នឹងត្រូវកោះហៅសាកសួរករណីរឿងអាស្រូវ នៃគម្រោងទិញអង្ករនៅថ្ងៃទី១៥ មីនា គឺថ្ងៃនេះហើយដែលអំណាចរបស់លោកស្រី យីង ឡាក់ ចាប់ផ្ដើមរុញទៅដល់ចំណុចផុយស្រួយហើយទីបំផុត អាចទម្លាក់លោកស្រីចេញពីអំណាចបាន តាមរយៈការបញ្ចូនសំណុំរឿងទៅកាន់តុលាការ ដើម្បីដាក់ទណ្ឌកម្មទៅលើលោកស្រីពីបទធ្វេសប្រហែសព្រោះបណ្ដាយឲ្យមានអំពើពុករលួយ កើតឡើងក្នុងគម្រោងទិញអង្ករ។
ប្រសិនបើរកកំហុសឃើញ លោកស្រី យីង ឡាក់ អាចនឹងហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ក្រុមអ្នកជំនាញជាច្រើន មានជំនឿថា សេណារូយោ ដែលរៀបចំទាញលោកស្រី យីង ឡាក់ ឲ្យចូលអន្ទាក់របស់ប្រព័ន្ធតុលាការ ដោយស្ថាប័នប្រឆាំងអំពើពុករលួយករណីគំរោងទិញអង្ករ គឺជាហេតុផលមួយដែលមើលឃើញថា តុលាការនេះអាចបញ្ចប់ជីវិតនយោបាយរបស់លោកស្រី យីង ឡាក់ បាន។ ប៉ុន្ដែអ្នកវិភាគព្រមានថា អំពើរំជើបរំជួលខាងនយោបាយ នៅតែបន្ដព្រោះក្រុមអាវក្រហមដែលគាំទ្រលោកស្រី យីង ឡាក់នឹងងើបតវ៉ាហើយអាចប៉ះទង្គិច ជាមួយនិងក្រុមអាវលឿង ហើយទីបំផុតអំពើហិង្សាផ្ទុះឡើង ពេលនោះហើយកងទ័ពអាចនឹងចូលអន្ដរាគមន៍ ដើម្បីធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់ខណៈលោកស្រី យីង ឡាក់ នឹងត្រូវដាក់ឲ្យស្ថិតនៅក្នុងភាពឃ្លាតឆ្ងាញពីជីវិតនយោបាយ ដោយប្រព័ន្ធតុលាការដ៏មានឥទ្ធិពលនេះ៕
អ្នកវិភាគ៖ មានតែតុលាការ និងការធ្វើរដ្ឋប្រហារដោយកងទ័ពអាចទម្លាក់លោកស្រី យីង ឡាក់ ពីអំណាចបាន
ប្រភព និង អត្ថបទ ដោយ : នួន បូរិន (VOD)

