Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​អគារ​ប៊ុល​ឌី​ង ដែល​ត្រូវបាន​សាងសង់​តាំងពី​ទសវត្សរ៍​ទី​៦០ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទិញ​អគារ​​ដែល​ពួកគាត់​កំពុង​រស់នៅ ក្នុងតម្លៃ​មួយ​សមរម្យ អាច​ទទួលយកបាន ខណៈ​អគារ​នោះ មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម​ទៅហើយ​។​

​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​អគារ​ប៊ុល​ឌី​ង លោក មួង សុខ​នាថ ប្រាប់​VOD​ថា អគារ​នេះ​សាងសង់​ឡើង​តាំងពី​សម័យ​បារាំង ហើយ​ឥឡូវនេះ មាន​លក្ខណៈ​ទ្រុឌទ្រោម​ណាស់​ទៅហើយ​។ លោក​បន្តថា​ពេល​ខ្លះ​លោក​រស់នៅ​ដោយ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព ព្រោះ​ថា​អគារ​ពុកផុយ​ដោយ​កន្លែង ព្រមទាំង​មាន​អាយុកាល​យូរយារ​ណាស់​មកហើយ​។ លោក​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទិញ​អគារ​នេះ ដោយ​ផ្តល់​តម្លៃ​មួយ​សមរម្យ​ជូន​ដល់​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​រក​កន្លែង​​រស់នៅ​បាន​សមរម្យ​ជាង​នេះ «​ជួយ​ទិញ​អ៊ីចឹងទៅ ការដោះដូរ​ធ្វើ​ម៉េច​ឲ្យ​វា​សម​ស្រប គេ​ទទួលយក​បាន ម្នាក់ៗ មាន​នរណា​គេ​ចង់​មក​រស់នៅ​កន្លែង​អ៊ីចឹងៗ​»​​។

​ពលរដ្ឋ​ម្នាក់ទៀត​ដែល​រស់​នៅលើ​អគារ​ប៊ុល​ឌី​ង​ដែរនោះ អ្នកស្រី កែវ សុខា ប្រាប់​ថា​អ្នកស្រី មិន​មាន​ការបារម្ភ​ពី​ការ​រស់​នៅលើ​អគារ​នោះទេ បើទោះបីជា​មើល​ពី​សម្បក​ក្រៅ​វា​ហាក់ដូចជា​ទ្រុឌទ្រោម​ក៏ដោយ តែ​ពី​ខាងក្នុង​វិញ វា​នៅតែ​មាន​សភាព​រឹងមាំ​ដដែល​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកស្រី ក៏​មិន​អាច​រស់នៅ​ទី​នេះ​រហូត​ដែរ ដូច្នេះ អ្នកស្រី​សុំឲ្យ​រដ្ឋាភិបាល ក៏​ដូចជា​ក្រុមហ៊ុន​ដែល​ចង់​វិនិយោគ ជួយ​ទិញ​អគារ​នេះ ក្នុង​តម្លៃ​សមរម្យ​មួយ​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។
អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក បេង ហុង​សុជាតិ​ខេ​ម​រ៉ូ មានប្រសាសន៍ថា អគារ​ប៊ុល​ឌី​ង​ពិតជា​មាន​អាយុ​វ័យ​ចំណាស់​មែន តែ​រដ្ឋ​មិន​អាច​ធ្វើ​អ្វី​បាន​នោះទេ ព្រោះ​វា​ជា​ទ្រព្យសម្បត្តិ​ឯកជន​។ លោក​បន្តថា ទោះជា​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ ដែល​រស់​នៅលើ​អគារ​នោះ អាច​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ប្រសិន​ជា​មាន​ការបារម្ភ​ពី​ភាព​ពុកផុយ​នៃ​អគារ​នោះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ចុះ​ត្រួតពិនិត្យ និង​រក​ដំណោះស្រាយ​ទៅតាម​សភាព​ជាក់ស្តែង​ «​បើ​តាម​ខ្ញុំ​មើល តាមផ្លូវ​នីតិវិធី​ច្បាប់ ប្រហែល​ជា​ប្រជាពលរដ្ឋ​អាច​មាន​ការ​ព្រោះ​បារម្ភ គាត់​សរសេរ​លិខិត្ត​និង មក​រដ្ឋ​ល​ភិ​បាលឬ ក៏​មក​អញ្ញាធរ​ដែនដី​ឲ្យ​ចុះជួយ ពិនិត្យ​ឲ្យ​យើង​មើល​អំពី​គុណភាព អាគារ​និង ហើយ​បន្ទាប់មក យើង​ឥត​ដឹងថា យ៉ាង​មិច​ទេ ទាល់​គេ​វាយ តម្លៃ​ថា​អាគារ​និង​វា​យ៉ាង​មិច មាន​លក្ខណៈ យ៉ាង​មិច ហើយ​ថា​តើ​ត្រូវ​ដោះស្រាយ​យ៉ាងដូម្តេច តើ​មាន​វិធី​អ្វី​ដោះស្រាយ​បាន​ទេ អា​និង​យើង​មាន​ការជឿរ​ជា​ក់ថា យើង​រក​ដំណោះស្រាយ​ទៀត​ទៅ »។

​កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១០ សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា អ្នករស់នៅ​ក្នុង​តំបន់​អតីត​ប៊ុល​ឌី​ង​ស ក្នុង​ខណ្ឌ​ចំការមន អាច​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​អគារ ប្រសិនបើ​អ្នកជំនាញ​សាលាក្រុង​រកឃើញថា អគារ​នេះ ទ្រុឌទ្រោម និង​គ្មាន​សុវត្ថិភាព​។ លិខិត​នោះ​បានឲ្យដឹងថា ដើម្បី​ជៀសវាង​គ្រោះថ្នាក់ សាលា​រាជធានី​បាន​បង្គាប់​ប្រជាជន​ទាំងអស់ ដែល​កំពុង​រស់នៅ ឲ្យ​ឈប់​ជួសជុល ឬ​សាងសង់​សំណង់​បន្ថែម ពីលើ​អគារ​ដែល​មាន​ស្រាប់ បើ​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ ព្រមទាំង​ត្រៀមខ្លួន​ដើម្បី​ចាកចេញ​ពី​អគារ ទៅរក​ទីកន្លែង​ថ្មី​រស់នៅ​។

VOD មិនទាន់​អាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលា​រាជធានី លោក ឡុង ឌី​ម៉ង់ បាន​នៅឡើយ​ទេ​។​

​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ខ្មែរ​រៀល​អ៊ី​ស្ទេត លោក គឹម ហៀ​ង មានប្រសាសន៍ថា ការវាយតម្លៃ​អចលនទ្រព្យ ត្រូវ​ស្រាវជ្រាវ​ច្រើន​ដំណាក់កាល និង​ច្រើន​ប្រភេទ តួយ៉ាង​ដូចជា​ដី​នៅ​តំបន់​អគារ​ប៊ុល​ឌី​ង​នេះ ប្រសិន​ជា​ដី​ធម្មតា​ដែល​មិន​មាន​បញ្ហា​ពាក់ព័ន្ធ​ច្រើន ឬ​មាន​ប្លង់​ត្រឹមត្រូវ អាច​មាន​តម្លៃ​៣០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ប៉ុន្តែ​ដោយសារ​តែ​ដី​នេះ មាន​លក្ខណៈ​ស្មុគ្រស្មាញ ដូច្នេះ​បើ​តាម​ការវាយតម្លៃ អាច​ទទួល​បាន​ត្រឹម​១៦០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ​ «​បើ​គិត​ពី​មួយ​ការ៉េ​ខ្ញុំ​ថា​វា​អាច​បាន​បី​ពាន់ តែ​សួរ​ខ្ញុំ​ថា​បើសិន​ខ្ញុំ​ជា​អ្នកទិញ តើ​ប៉ុន្មាន​ខ្ញុំ​ហ៊ាន​ទិញ ខ្ញុំ​ថា​លើស​មួយ​ពាន់​ប្រាំមួយ ខ្ញុំ​ឥត​ទិញ​ទេ បង​ពិតជា​ឆ្ងល់​ថា មិច​ក៏​ទីផ្សារ​បី​ពាន់ លើស​មួយ​ពាន់​ប្រាំមួយ​មិន​ទិញ ខ្ញុំ​ថា​វា​មាន​កត្តា​ច្រើនយ៉ាង ទី​១ ឥត​មាន​ឯកសារ​អី​ទាំងអស់​ដី​និង ទី​២ នៅ​តំបន់​និង​វា​ជិត ក្រសួង​ផង ជិត​ទួត​សូ​វៀត ផង មិន​ងាយ​សាងសង់​ទេ​បង ហើយ​ទី​៣ ដី​និង​ទម្រាំ​និង​ទិញ​បាន​វា​ចំណោយពេល​វេលា​ច្រើន ហើយ​ក្រុមហ៊ុន​ដែល​ល្អ ក្រុមហ៊ុន​ដែល​មាន​ស្តង់ដា មក​ពី​អ៊ឺរ៉ុប មក​ពី​ជប៉ុន ក្រុមហ៊ុន​ស្តង់ដា​ធំៗ គេ​ឥត​ទិញ​»​។

​ពលរដ្ឋ​អះអាងថា រហូតមកដល់​ពេលនេះ អគារ​ប៊ុល​ឌី​ង​នេះ មាន​ពលរដ្ឋ​ជាង​១០០០​គ្រួសារ កំពុង​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​៕
ប្រភព​ និង អត្ថបទ ដោយ : កាន់ វិច្ឆិកា (VOD)

«
Next
Newer Post
»
Previous
Older Post