ភាពចលាចលផ្នែកនយោបាយជា ឬសគល់នៃវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស អ៊ុយក្រែន ជាមួយគ្នានេះដែរ វាក៏ជាបញ្ហាសំខាន់មួយសម្រាប់ទំនាក់ទំនងទីផ្សាររវាងប្រទេសរុស្ស៊ី និងអឺរ៉ុបក៏ដូចជាបណ្តាប្រទេសនាំ ចេញសំខាន់ៗនានា លើពិភពលោកផងដែរ។
ខាងក្រោមនេះជាហេតុផលប្រាំយ៉ាងដែលបង្ហាញថា វិបត្តិនៅអ៊ុយក្រែនបានបង្កផលប៉ះពាល់ដល់ពិភពលោក៖
១.អ៊ុយក្រែនជាប្រទេសមួយដែលជួយចងទំនាក់ទំនងរុស្ស៊ីជាមួយប្រទេស អឺរ៉ុបផ្សេងៗទៀត
ថ្វីត្បិតប្រទេស អ៊ុយក្រែនមិនមែនជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយ ប៉ុន្តែអ៊ុយក្រែនមានភូមិសាស្ត្រ នយោបាយមួយយ៉ាងប្រសើរ។ កន្លងមកប្រទេស រុស្ស៊ីជាប្រទេសដែលបានផ្គត់ផ្គង់ ឧស្ម័នធម្មជាតិ ស្មើនឹង២៥ភាគរយនៃតម្រូវការចាំបាច់ទាំងអស់នៅអឺរ៉ុប ហើយក្នុងចំណោមឧស្ម័នធម្មជាតិទាំងនេះ មានឧស្ម័នចំនួនពាក់កណ្តាល ត្រូវបញ្ជូនឆ្លងកាត់តាមបំពង់បង្ហូរឧស្ម័នរបស់ប្រទេស អ៊ុយក្រែន។ គួររំលឹកផងដែរថា រដ្ឋាភិបាលក្រុងម៉ូស្គូ ធ្លាប់បានផ្អាកមិនបញ្ជូនឧស្ម័នដែលត្រូវឆ្លងកាត់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានជម្លោះជាមួយរដ្ឋាភិបាលក្រុងគីវ មួយនេះ ហើយការផ្អាកនេះជាមូលហេតុយ៉ាងសំខាន់មួយ ធ្វើឲ្យតម្លៃថាមពលក្នុងទីផ្សារ និងតម្លៃថាមពលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃចាប់មានតម្លៃខ្ពស់។
២.ទណ្ឌកម្មទៅលើរុស្ស៊ីទាក់ទងនឹងបញ្ហាអ៊ុយក្រែនអាចបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ីជាមួយ ពិភពលោក៖
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក John Kerry បាននិយាយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា សហរដ្ឋអាម៉េរិកពិតជា បានពិចារណាពីការដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលក្រុងម៉ូស្គូ។ លោក បានបន្តថា ប្រធានាធិបតី អូបាម៉ា ក្នុងពេលថ្មីៗនេះបានព្យាយាមពិចារណាលើគ្រប់ជម្រើសទាំងអស់។ ការដាក់ទណ្ឌកម្មនេះជារឿងអាចកើតឡើងបាន វាអាស្រ័យលើជម្រើសរបស់ប្រទេស រុស្ស៊ី ដែលកំពុងពិចារណាទាក់ទងនឹងការដាក់ពង្រាយកម្លាំងទ័ព និងការធ្វើទំនាក់ទំនងការទូតជាមួយបណ្តា ប្រទេសនានាដែលជាប់ពាក់ព័ន្ធនឹងបញ្ហានេះ។ នេះបើយោងតាមការលើកឡើងរបស់លោក John Beyrle អតីតមន្ត្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅរុស្ស៊ី។
ជាការពិតណាស់ប្រទេស រុស្សីកំពុងពឹងផ្អែកលើសេដ្ឋកិច្ចអន្តរជាតិ។ ជាមួយគ្នានេះដែរ ការធ្វើពាណិជ្ជកម្ម ក្រៅប្រទេសរបស់រុស្ស៊ី ពាក់កណ្តាលមានទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅអឺរ៉ុប។ មិនតែ ប៉ុណ្ណោះរដ្ឋាភិបាលក្រុង ម៉ូស្គូ ត្រូវពឹងផ្អែកលើការនាំចូលពីអឺរ៉ុប សម្រាប់បំពញតម្រូវការក្នុងប្រទេស និងដើម្បីរក្សាស្តង់ដារ នៃការរស់នៅរបស់ប្រជាជនរុស្ស៊ីដែលធ្លាប់មានកន្លងមក។
បើទោះបីជាការដាក់ទណ្ឌកម្មនេះ មិនស្របតាមកម្រិតស្តង់ដារយ៉ាងណាក្តី ក៏ទំនាក់ទំនង នយោបាយរវាងប្រទេសរុស្ស៊ី និងបណ្តាលោកខាងលិច ហាក់មានភាពដាច់ឆ្ងាយជាងមុនបន្តដែរ។ ជាក់ស្តែងបើទោះបីជាលោកប្រធានាធិបតី អូបាម៉ា បានចំណាយពេលរហូតដល់មួយម៉ោងកន្លះ ដើម្បី ពិភាក្សាជាមួយប្រធានាធិបតី វ្លាឌីមៀពូទីន តាមទូរសព្ទក្តី ក៏សហរដ្ឋអាម៉េរិក ប្រហែលមិនចូលរួមក្នុងកិច្ចប្រជុំ G8 ដែលនឹងត្រូវរៀបចំក្នុងប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះឡើយ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ សហរដ្ឋអាមេរិក ក៏បានលុបចោលនូវកិច្ចពិភាក្សាផ្នែកថាមពល និងពាណិជ្ចកម្មជាមួយសមភាគីរុស្ស៊ី ដើម្បីបង្ហាញពីប្រតិកម្មរបស់ខ្លួនចំពោះទង្វើរបស់រុស្ស៊ី។
៣.ការធ្វើពាណិជ្ចកម្មរបស់ពិភពលោក និងអឺរ៉ុប នឹងត្រូវរងផលប៉ះពាល់
គួរបញ្ជាក់ថា ប្រទេស អ៊ុយក្រែនជាប្រទេសនាំមុខគេខាងនាំចេញពោត ស្រូវសាលី លើពិភពលោក ហើយតម្លៃអាចនឹងមានការកើនឡើងបើទោះបីជាមានការរារាំងយ៉ាងណាក្តី។ ហេតុនេះ វានឹងបង្កផលប៉ះពាល់ ដល់ការផ្គត់ផ្គង់ស្បៀងអាហារលើពិភពលោក ក៏ដូចជាអឺរ៉ុបទាំងមូល ទោះបីអ៊ុយក្រែនត្រឹមតែជួបវិបត្តិ ក្នុងប្រទេសក្តី។
ភាពចលាចលផ្នែកនយោបាយត្រូវបានដុតបញ្ឆេះឡើងដោយសារ រដ្ឋាភិបាលបានផ្អាកមិនព្រមចុះកិច្ចព្រមព្រៀងជាមួយអឺរ៉ុប ដោយរដ្ឋាភិបាលបានសម្រេចបដិសេធការចុះកិច្ចព្រមព្រៀងនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ ដោយសារការដាក់សម្ពាធពីសំណាក់រដ្ឋាភិបាលក្រុងម៉ូស្គូ។ រុស្ស៊ីបានសន្យាថា ក្នុងករណីប្រទេស អ៊ុយក្រែនយល់ព្រមមកចុះកាតិកាសញ្ញា ក្នុងសហភាពពន្ធគយរបស់រុស្ស៊ី នោះប្រទេស អ៊ុយក្រែននឹងទទួលបានការបញ្ចុះតម្លៃឧស្ម័នធម្មជាតិ។
៤.ប្រទេស អ៊ុយក្រែនកំពុងជាប់ជំពាក់បំណុល និងត្រូវការជំនួយពីពិភពលោក៖
ប្រសិនបើរដ្ឋាភិបាលអ៊ុយក្រែនមានស្ថេរភាព ហើយសេដ្ឋកិច្ចមានភាពរឹងមាំជាងនេះ នោះស្ថានភាព ក្នុងប្រទេសក៏មិនសូវប្រែប្រួលប៉ុន្មានដែរ។ ជាអកុសលរដ្ឋាភិបាលទីក្រុង គីវ បានជាប់ជំពាក់បំណុល ចំនួន១៣ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំនេះ ហើយត្រូវសងរហូតដល់១៦ពាន់លានដុល្លារ ឲ្យបានមុនឆ្នាំ២០១៥។ ប្រសិនបើគ្មានជំនួយទេ អ៊ុយក្រែនមិនអាចសងបំណុលបានទាន់ពេលវេលា បានឡើយ។ ក្នុងគោលដៅដើម្បីបញ្ចៀសការដួលរលំក្នុងពេលខាងមុខ ប្រទេសអ៊ុយក្រែនចាំបាច់ត្រូវការ ថវិការជាបន្ទាន់។ នេះជាការលើកឡើងរបស់លោក Lubomir Mitov អ្នកជំនាញសេដ្ឋកិច្ចប្រចាំ វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ។ ប្រទេសមួយនេះ មិនអាចដកដង្ហើមរស់បានទេ ប្រសិនបើគ្មានការធ្វើកំណែ ទម្រង់ក្នុងរយៈពេលពីរបីខែខាងមុខ។
រហូតមកទល់ពេលនេះ មិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់នៅឡើយថាតើ អ្នកណាជាអ្នកចូលខ្លួនមកជួយ ស្រោចស្រង់សេដ្ឋកិច្ចប្រទេសនេះ ជាពិសេសបន្ទាប់ពីការលាលែងពីដំណែងរបស់មេដឹកនាំសំខាន់ដែលមាន ទំនោរទៅរកប្រទេសរុស្ស៊ី។ តួអង្គសំខាន់ដែលជួយទ្រទ្រង់ អ៊ុយក្រែនបាននៅពេលនេះមានតែ មូលនីធិ ហិរញ្ញវត្ថុអន្តរជាតិដែលហៅកាត់ថា IMFប៉ុណ្ណោះ។ IMF កំពុងពិភាក្សាជាមួយបណ្តាសមាជិកផ្សេងទៀត ទាក់ទងនឹងការផ្តល់ជំនួយដល់អ៊ុយក្រែន រហូតដល់៣៥ពាន់លានដុល្លារ។
៥.ប្រទេសអ៊ុយក្រែនមិនមែនរងផលប៉ះពាល់តែម្នាក់ឯងនោះទេ
ស្ថានភាពក្នុងប្រទេសអ៊ុយក្រែន ឈានទៅរកអស្ថិរភាពក្នុងកាលៈទេសៈដ៏លំបាកមួយ សម្រាប់ការពង្រីក ទីផ្សារទូទាំងពិភពលោក។ វាអាចជាកត្តាជំរុញឲ្យអ្នកធ្វើវិនិយោគទុន ចាប់ផ្តើមពិចារណាពីទីផ្សារដទៃផ្សេងទៀតដែលកំពុងរីកចម្រើន បើទោះបីជាមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវក្តី។ បញ្ហាក្នុងប្រទេសនេះ ក៏បានបង្កផលប៉ះពាល់ដល់ធនាគារប្រទេស រុស្ស៊ីផងដែរ ព្រោះរុស្ស៊ីជាប្រទេសដែលពឹងផ្អែក ស្ទើរទាំងស្រុងទៅលើរដ្ឋាភិបាលកុ្រង គីវ។
ប្រភព៖ ដើមអំពិល


