Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក្មេងប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ស្លាប់​ដោយសារ​ជំងឺ ផ្តាសាយបក្សី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ដែល​ជា​ករណី​ទី​ពីរ​ហើយ សម្រាប់​ខែ​មីនា​នេះ និង​ជា​ករណី​ទី​៧ សម្រាប់​ឆ្នាំ​២០១៤​។

​បើ​តាម​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Laurent Denis មានប្រសាសន៍ប្រាប់ ទីភ្នាក់ងារ​សារព័ត៌មាន AFP ថាក្មេងប្រុស​អាយុ​១១​ឆ្នាំ ដែល​មកពី​ខេត្ត​កំពង់ឆ្នាំង បាន​ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី កាលពី​ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់​ពី​ក្រុមគ្រួសារ​របស់​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បន្តថា រូបលោក រួម​នឹង​វេជ្ជបណ្ឌិត​ផ្សេងទៀត បាន​ព្យាយាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​របស់​ក្មេងប្រុស​ម្នាក់​នោះ តែ​វា​យឺត​ពេល​ណាស់​ទៅហើយ​។​

​វេជ្ជបណ្ឌិត​មួយរូប​ទៀត បានឱ្យដឹងថា ក្មេងប្រុស​ម្នាក់​នោះ​បាន​បរិភោគ​សាច់​មាន់​ដែល​មាន​មេរោគ​គ្រុនផ្តាសាយ​បក្សី H5N1​។ ចំណែក​ក្មេងប្រុស​ម្នាក់​ទៀត​មាន​អាយុ ៨​ឆ្នាំ កំពុង​ស្ថិតក្នុង​ស្ថានភាព​ធម្មតា នៅក្នុង​មន្ទីរពេទ្យ​មួយ នៅ​រាជធានី ភ្នំពេញ​បន្ទាប់​ពី​ការ​ធ្វើ​តេស្ត បញ្ជាក់​ថា​កុមារ​នោះ​បាន​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1 ។​

​កាលពី​ថ្ងៃ​ទី​០២​ ខែ​មីនា កុមារា​ម្នាក់​អាយុ ៣​ឆ្នាំ ដែល​រស់នៅ​សង្កាត់​ចោមចៅ ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បញ្ជាក់ថា បាន​ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី​នេះដែរ​។​

​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1 ជាធម្មតា​ឆ្លង​រាលដាល​ពី​បក្សី​ទៅ​មនុស្ស តាមរយៈ​ការទំនាក់ទំនង​ដោយផ្ទាល់​។ ប៉ុន្តែ​អ្នកជំនាញ​បារម្ភ​ថា វា​អាច​ប្រែប្រួល​ទៅ​ជា​ទម្រង់ ឆ្លង​យ៉ាង​ងាយ​ទៅកាន់​មនុស្ស ដែល​អាច​ឈាន​ទៅ​ដល់​ការ​រាតត្បាត​ជំងឺ​នេះ​ទូទាំងប្រទេស ឬ​ពិភពលោក​។​

ការស្លាប់​របស់​កុមារា​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ ជា​ករណី​ទី​៥៤ នៃ​ជំងឺផ្តាសាយបក្សី​នៅ​ប្រទេស​កម្ពុជា ហើយ​៤០​ករណី​ក្នុង​ចំណោម​នោះ កើតឡើង​លើ​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​២៩​ករណី​ក្នុង​ចំណោម​៥៣​ករណី កើត​លើ​នារី​។

១៨​ករណី​ក្នុង​ចំណោម​៥៣​ករណី អ្នកជំងឺ​នៅ​មាន​ជីវិត ហើយ​កាលពី​ឆ្នាំ​មុន​មាន​អ្នកស្លាប់​ចំនួន​១៤​នាក់ ដែល​ភាគច្រើន​ជា​កុមារ ដោយសារ​ពួកគេ​រស់នៅ និង​លេង​ជាមួយ​បក្សី​៕

ប្រភព និង អត្ថបទ​ ដោយ :​ កាន់ វិច្ឆិកា (VOD)

«
Next
Newer Post
»
Previous
Older Post