Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6


ការផ្ទុះ​អំពើហិង្សា​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ នា​ពេល​ថ្មីៗ​នេះ នៅ​ម្តុំ​វត្ត​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ធ្វើឲ្យ​ស្លាប់​បុរស​ជន​ជាតិ​វៀតណាម​ម្នាក់ ដែល​កើត​នៅក្នុង​ស្រុក​ខ្មែរ​នោះ បាន​ក្លាយជា​រឿង​មួយ​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ហៅថា ជាការ “​រើសអើង​ជាតិ​សាសន៍​”​។

​ក្រសួងការបរទេស​អា​មេរិក បាន​ចេញ​របាយ​ការណ៍​​មួយ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្រាប់​ឆ្នាំ២០១៣ ដោយ​លើកឡើង​ពី​ការ​ព្រួយបារម្ភ នឹង​ការរើសអើង​ប្រឆាំង​ជន​ជាតិ​ភាគ​តិច​​វៀតណាម នៅ​កម្ពុជា​។

​ទោះជា​យ៉ាងណា ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ឃើញ​ហេតុការណ៍​នោះ អះអាងថា នេះ​មិនមែន​ជា​កា​រើសអើង​ជាតិ​សាសន៍​ទេ ព្រោះ​សូម្បី​ខ្មែរ​គ្នា​ឯង នៅពេលដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​អ្នកប្រព្រឹត្តិ​ខុស​តែងតែ​រង​ការដេញ​វាយ ពី​សំណាក់​សាច់ញាតិ​ជនរងគ្រោះ ឬ​អ្នក​ជិតខាង​ដែរ។​

សាក្សី​រូបនេះ បន្ទោស​ថា ការចាប់ខ្លួន​គ្រូបង្រៀន​ម្នាក់ ដោយ​នគរបាល​ចោទថា ជា​អ្នក​ញុះញង់​ឲ្យ​វាយ​សម្លាប់​បុរស​ជនជាតិ​វៀតណាម ដោយសារ​នគរបាល​រូបនោះ មាន​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម តែ​តាម​លោក​ដឹង​បុរស​ជនជាតិ​វៀតណាម​នោះ បាន​ស្លាប់​នៅ​កន្លែង​ផ្សេង​ទេ​ «វ៉ៃគេវ៉ៃឯង រក​រឿង​គេ​តើ វាហៅកម្លាំងវាមកវ៉ៃគេតើ បានគេនេះទៅ ហើយគាត់គ្មានដឹងឯណា ហើយ​គាត់​ក៏​ចាប់​ចូល​ប៉ុស្តិ៍​ទៅ គាត់​មក​មើល​កូន​គាត់ ក៏គេចាប់គាត់ទៅប៉ុស្តិ៍ទៅ គាត់ទៅនៅប៉ុស្តិ៍ហើយ គេវ៉ៃឯនេះ គាត់​គ្មាន​ដឹង​ឯណា កូនគាត់ថាអស់ហើយ មាន​អ្នក​ណា​ទៀត។ អត់មានការរើសអើងទេ ព្រោះអាហ្នឹងវាខូច វា​ស្រវឹង វាអត់មានរើសអើងទេ វាស្រវឹង វាខូច។ វា​ស្រវឹង​ជិះ​ម៉ូតូ​ពេញតែផ្លូវ ព័ទ្ធ​ទៅ​វា​រត់​ចូល​ផ្សារ​ដែក​ទៅ ហើយរត់ចូលផ្សារដែកបានពួកហ្នឹងតាម មិនដឹងអ្នកណាតាមផង»

​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ខ្មែរ​ម្នាក់ ដោយ​សង្ស័យ​ថា បាន​ប្រើ​ពាក្យ​ញុះញង់​ប្រកាន់​ជាតិ​សាសន៍ ដែល​ឈាន​ដល់​ការ​ព្រួត​គ្នា​វាយ​លើ​ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់ បន្ទាប់​ពី​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ កាលពី​រាត្រី​ថ្ងៃទី​១៥ ខែ​កុម្ភៈ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​។

នៅ​មិនទាន់​ឃើញ​មាន​សាក្សី ឬ​ការស៊ើបអង្កេត​ឯករាជ្យ​ណាមួយ បញ្ជាក់ថា ការសម្លាប់​នេះ ជា​កំហឹង​ជាតិ​សាសន៍​នោះ នៅឡើយ​ទេ​។ តែ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា ចាត់ទុក​ថា ករណី​នេះ​ ជា​ការរើសអើង​ជាតិ​សាសន៍​។​

​បន្ថែម​ពី​នេះ របាយការណ៍​របស់ ក្រសួងការបរទេស​អា​មេរិក បង្ហាញថា ក្នុង​សង្គម​កម្ពុជា កំហឹង​ស្អប់ ទៅកាន់​ជនជាតិ​វៀតណាម នៅតែមាន ហើយ​គណបក្ស​នយោបាយ ក៏​បាន​និយាយ​ប្រឆាំងនឹង​ជនជាតិ​វៀតណាម និង​ត្អូញត្អែរ​ពី​ការគ្រប់គ្រង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ឱកាស​ឲ្យ​វៀតណាម ឈ្លានពាន​ព្រំដែន និង​បញ្ហា​ផ្សេងៗ។

អ្នកស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា អំពើហិង្សា​ដែល​កើតឡើង​នេះ មិនមែន​ជា​ការរើសអើង​ពូជ​សាសន៍​ទេ ហើយ​ក៏​មិនមែន​ជា​កំហុស​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ តែ​មក​ពី​រដ្ឋាភិបាល​ធូ​ររលុង ក្នុង​ការ​ឲ្យ​ហូរ​ចូល​ជនជាតិ​វៀតណាម​មក​កម្ពុជា​។ លោក​បន្តថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុវត្តន៍​ច្បាប់​អន្តោ​ប្រវេ​សន៍​ឲ្យបាន​ត្រឹមត្រូវ​ទេ បញ្ហា​បែប​នេះ​នឹង​កើតឡើង​ជា​បន្តបន្ទាប់ «អាច​នឹង​កើត​មានច្រើន ប្រសិនបើយើងមិនអនុវត្ត តាមច្បាប់អន្តោប្រវេសន៍ អត់​អនុវត្ត​តាម​ច្បាប់​សញ្ជាតិ​ត្រឹមត្រូវ វា​ធ្វើ​ឲ្យ​មាន​ការ​គំរាមកំហែងដល់អារម្មណ៍របស់ប្រជាពលរដ្ឋ វាធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ បញ្ហានេះ នឹង​អាច​កើត​ច្រើន​ឡើងៗ»។​

ប្រធាន​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​ច្បាប់​អន្តោប្រវេសន៍ មិន​ត្រូវបាន​អនុវត្ត​ទៅ​ជនជាតិ​វៀតណាម​នៅ​ឡើយ  ទើប​កំណើន​ជនជាតិ​នៃ​ប្រទេស​ជាប់​របង​មួយ​នេះ ​ហូរ​ចូល​យ៉ាង​អនាធិបតេយ្យ។ លោក​ព្រមាន​ថា នៅពេល​ដែល​ជនជាតិ​វៀតណាម​ហូរ​ចូល​កាន់តែច្រើន ដោយ​មិនមាន​ច្បាប់​គ្រប់គ្រង​នោះ នឹង​ធ្វើ​ខាត​ប្រយោ​ជន៍​​ជាតិ​ច្រើន ហើយ​នៅ​ថ្ងៃ​ណា​មួយ​ជនជាតិ​វៀតណាម នឹង​ចូលមក​គ្រប់គ្រង​ប្រទេស​កម្ពុជា «ប្រសិន​ជាយើងធ្វើតាមច្បាប់អន្តោប្រវេសន៍ ត្រឹមត្រូវ អ្នកចូលមកក្នុងប្រទេសយើង បង់​ Visa​ (ទិដ្ឋ​កាល)​ត្រឹមត្រូវ ហើយប្រសិនជាអ្នកឯងនៅលើស Visa នៅស្រុកគេ គេផាកពិន័យទៀត ម្ល៉ោះ​ហើយលុយចូលរដ្ឋ មិនស្ទើរទេ។ ទី២ អាចនឹងធ្វើឲ្យ មានការពិបាក ប្រសិនជាគេមកស្រុកយើង គេមិនដណ្តើមការងារស្រុកយើង ហើយទី៣ គេនៅយូរៗ គេមិនអាចរស់នៅស្រុកយើងបាន ហើយ​យើងបើកឲ្យវៀតណាមនៅយូរៗទៅ គេមិននៅច្រើនជាងយើង គេ​ប្រជាជន​ច្រើន ដល់​ច្រើន​អ៊ី​ចឹងទៅមិនកើតកូនកើតចៅទៅ ថ្ងៃក្រោយវៀតណាមគេអាចធ្វើតំណាងរាស្ត្រ ធ្វើ​ចៅ​ហ្វាយ​ខេត្ត ពិត​មែន​តែទឹកដីកម្ពុជាមែន ក៏ប៉ុន្តែអ្នកដែលគ្រប់គ្រងអី មិនមែនជាជនជាតិខ្មែរ ដូច្នេះ​ទាល់​តែ​យើង​គិត​មើល ធ្វើ​កែ​ច្បាប់​ស្រុក​យើងយ៉ាងម៉េច ដើម្បីការពារជនជាតិយើង»។​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​អះអាងថា ជនជាតិ​វៀតណាម​នៅ​ស្រុក​ខ្មែរ​មាន​ប្រហែល ១០ម៉ឺន​នាក់ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​មួយ​ឲ្យដឹងថា មាន​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ប្រហែល ១​លាន ២​សែន​នាក់ ចំណែក​អ្នក​នយោបាយ​បក្សប្រឆាំង​ថា មាន​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​យ៉ាង​តិច​ជាង​២​លាន​នាក់ ហើយ​មាន​សមាគម​តំណាង​ពួកគេ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​គេ​ព្រួយ​បារម្ភ​​ថា សមាគម​ទាំងនោះ​ជា​រដ្ឋាភិបាល​ស្រមោល​របស់​ក្រុង​ហាណូយ ក្នុង​ការគ្រប់គ្រង​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា​។​

​ភ្លាមៗ នៃ​ការស្លាប់​របស់​បុរស​វៀតណាម ​ក្នុង​ជម្លោះ​គ្រោះថ្នាក់​ចរាចរណ៍​នោះ មន្ត្រី​ស្ថានទូត​វៀត​ណាម​​បាន​ថ្កោលទោស និង​ចាត់ទុកថា ជា​ការរើសអើង​ជាតិ​សាសន៍ ព្រមទាំង​បាន​អំពាវនាវ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត និង​ចាត់វិធានកា​រណ៍​ចាប់​ជនដៃដល់​ដាក់ទោស​ជាបន្ទាន់។​

ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​អះអាង​ថា បាន​ឃើញ​ហេតុការណ៍​នោះ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​កម្ពុជា​ពិបាក​រក​ការងារ​ធ្វើ ដោយសារ​តែ​ជនជាតិ​វៀតណាម​ដណ្តើមយក​ទីផ្សារការងារ «មកនៅស្រុកខ្មែរយើង ដូចថាវាមានសិទ្ធិ មានអំណាចជាងខ្មែរយើង តាំងពីការលក់ដូរ រកស៊ីអី តាមផ្លូវ។ រដ្ឋាភិបាលគេយកចិត្តទុកដាក់ គេការពារ បើ​ខ្មែរ​យើង​រដ្ឋាភិបាល​មិនសូវរវល់ទេ ចំពោះ​វៀតណាម​មួយ​គឺគេការពារតែម្តង។ តូចចិត្ត រក​ស៊ី​រាល់​ថ្ងៃ​ទៅ​ណា​មក​ណា ជួបតែគេរហូត ចូលមកទាំងឡានៗ តូរីស បួន​ដប់​នែន​ៗ ចូល​មករាល់ថ្ងៃ។ រាល់​ថ្ងៃ​ខ្ញុំ​ដឹក​តែ​យួន​តើ មានដឹកខ្មែរឯណា។ ដូច​ថា​ជន​ជាតិ​ខ្មែរ​ស្លាប់​នៅ​ប្រទេស​ម៉ាឡេ មិន​ដែល​ថា​រដ្ឋាភិបាល ដោះ​ស្រាយផងហ្នឹង ហើយដូចនៅខ្មែរកម្ពុជាក្រោម ដែលរដ្ឋាភិបាលដោះស្រាយអត់ទេ សុទ្ធ​តែ​ហ្នឹង​ជាជន​ជាតិយួនៗ ចុះត្រង់ជនជាតិយួន មកនៅស្រុកខ្មែរនេះ ហេតុអីមិនដោះស្រាយទៅ ហើយ​គ្រាន់​តែ​ខ្មែរ​កម្ពុជា​ក្រោម អ្នកមកនៅដើម្បីជាការជ្រកកោន កិច្ច​ផុត​អំពី​រំលោភ​សិទ្ធិមនុស្ស​បែរ​ជា​រដ្ឋាភិបាលថា ជនជាតិយួន បញ្ជូនទៅវិញ ដាក់ទោសពៃ ធ្វើ​ទុក្ខ​បុក​ម្នេញ​ដាក់​គុក​ងងឹត​ដោយ​អត់​មាន​គោរពសិទ្ធិមនុស្សសោះ។ ពួកវៀតណាម វាដូចថា វា​ចូល​មក​ដូច​សេរី តាមអំពើចិត្ត រដ្ឋាភិបាល​គ្មាន​ដំណោះស្រាយអីឲ្យខ្មែរយើងច្រើនទេ ច្រើនឲ្យយួនច្រើនជាងខ្មែរយើង រាល់​ថ្ងៃ​ខ្ញុំ​គិត​​ឃើញ​អ៊ី​ចឹង វាធ្វើអ្វីតាមអំពើចិត្តរបស់វា ដូចជានេសាទត្រី យើងឃើញស្រាប់ហើយ ទឹក​ដី​យើង​ដឹង​ស្រាប់​ហើយ ឃើញ​រាល់ថ្ងៃ។ ខ្ញុំយល់ថា ប្រសិន​ជា​វា​ចូល​មកប្រទេសកម្ពុជាយើង បើវាគោរពច្បាប់យើង វា​មិន​អីទេ។ ប៉ុន្តែ​វា​មិន​គោ​រព​ច្បាប់យើង វាធ្វើតាមអំពើចិត្តរបស់វារាល់ថ្ងៃនេះ។ ពេល​វា​ធ្វើអី​តាម​អំពើ​ចិត្ត​អ៊ីចឹង រដ្ឋាភិបាល​យើង​អត់​មាន​ដំណោះ​ស្រាយ​ទេ»។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ខ្វល់​នឹង​ការលើកឡើង​ថា រដ្ឋាភិបាល​មិន​បាន​អនុវត្តន៍​នូវ​ច្បាប់​អន្តោប្រវេសន៍​ ទៅលើ​ជនជាតិ​វៀតណាម​នោះ​ទេ ដោយ​លោក​លើកឡើង​ថា រដ្ឋាភិបាល​បាន​អនុវត្ត​រួចហើយ ចំពោះ​ច្បាប់​ដែល​កម្ពុជា​មាន​។ លោក​អះអាង​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ ប្រសិនបើ​គ្មាន​អ្នក​ប្រើពាក្យ​ថា​យួន​ទេ នោះ​បញ្ហា​ក៏​មិន​កើត​មាន​ដែរ៕

អត្តបទដោយ​ ៖​​ ជន ស្រី​ណុ​ច និងអ៊ឹង ប៊ុនថន​ (VOD)

«
Next
Newer Post
»
Previous
Older Post