Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

គម្រោង​សាងសង់​ផ្សារ​ទំនើប Parkson នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ផ្លាស់ប្តូរ​ពី​ខាង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មក​ភូមិ​បឹងកក់​១ ស្ថិតនៅ​ខាងជើង​ផ្លូវ​សហព័ន្ធរុស្ស៊ី ឆៀង​ខាង​មុខ​ក្រសួង​ការពារជាតិ​។​

​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ របាយការណ៍​ផ្ញើ​ទៅ​កាន់​ផ្សារ​ហ៊ុន​របស់​ម៉ាឡេស៊ី ឲ្យដឹងថា ក្រុមហ៊ុន​លក់រាយ Parkson Holdings Bhd ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​សាងសង់​អគារ​មាន​កម្ពស់ ៧ ជាន់​នៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​បម្រើសេវា​ផ្សារ​ទំនើប កន្លែង​លេង​ប៊ូ​លីង ហាង​លក់រាយ កន្លែង​ហាត់ប្រាណ ហាង​ដាក់តាំង​លក់ បន្ទប់​ច្រៀង​ខារ៉ាអូខេ និង​កន្លែង​ហែល​ទឹក​។ ប៉ុន្តែ គម្រោង​មួយ​នេះ ត្រូវបាន​ផ្លាស់ប្តូរ​មក​សាងសង់​នៅ​តំបន់​បឹង​កក់​១​វិញ ដែល​សំណង់​កំពុងតែ​ដំណើរការ​។​

​សន្តិសុខ​ម្នាក់ ធ្វើការ​នៅ​សំអាងការ​មួយ​នៅ​ម្តុំ​នេះ លោក ឃឹម លី​ស្រ៊ាង អាយុ​២៦​ឆ្នាំ ឲ្យដឹងថា សំណង់​ដែល​កំពុង​សាងសង់​នោះ គឺជា​សំណង់​ផ្សារ​ទំនើប Parkson ដែល​បាន​បុកគ្រឹះ​សង់​ជាង​១​ឆ្នាំ​ហើយ តែ​បដា​សម្គាល់​Parkson ទើប​លើកឡើង​បិទ​លើ​ជញ្ជាំង កាលពី​ថ្ងៃ​ចន្ទ​តែប៉ុណ្ណោះ​។​

​លោក ផន អ្នករត់​រ៉ឺម៉ក់​កង់​បី ដែល​ធ្លាប់​រស់នៅ​តំបន់​នោះ ឲ្យដឹងថា ទីតាំង​អគារ​នោះ និង​តំបន់​ជុំវិញ ពីមុន​ជា​បឹង​មួយ ដែល​ពលរដ្ឋ​រាប់​រយ​គ្រួសារ បាន​ចាក់​ដី​រស់នៅ តែ​ពួកគេ បាន​ចាកចេញ​ទៅ​ប្រមាណ​ជាង​១០​ឆ្នាំ​មកហើយ បន្ទាប់ពី​ទទួលបាន​សំណង​។
VOD មិនទាន់​អាច​ទាក់ទង​ក្រុមហ៊ុន Parkson ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។

​នៅ​ខាងក្រោយ​ផ្សារ​ទំនើប​Parkson​នោះ មាន​ការសាង់សង់​អគារ ២០​ជាន់​មួយទៀត បែប​សណ្ឋាគារ​។ មេកា​សំណង់​នៅ​ការដ្ឋាន​នោះ ឲ្យដឹងថា អគារ​២០​ជាន់​នោះ កំពុង​ត្រូវបាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​។​

​ផ្សារ​ទំនើប Parkson ត្រូវបាន​គេ​រំពឹងថា​នឹង​បើក​ដំណើរការ​នៅ​ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខ​។​ចំណែក ផ្សារ​ទំនើប​អ៊ី​អន​របស់​ជប៉ុន គ្រោង​នឹង​បើក​ដំណើរការ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៤​។​

​ក្រុមហ៊ុន Parkson បាន​ដំណើរការ​ហាង​ធំៗ​ចំនួន ៥២ នៅក្នុង​ប្រទេស ម៉ាឡេស៊ី វៀតណាម និង ឥណ្ឌូនេស៊ី​៕


អត្ថបទដោយ​ ៖​​ តាំង វីដា និងស៊ុន ណារិន​ (VOD)



«
Next
Newer Post
»
Previous
Older Post