Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6


ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យដឹងថា សេចក្តីព្រាងច្បាប់​ចំនួន​៣ ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ក្នុង​ប្រព័ន្ធតុលាការ រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​តុលាការ សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើត​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅ​ក្រម និង​សេចក្តីព្រាងច្បាប់ ស្តី​ពី​លក្ខន្តិក្កៈ​ចៅក្រម នឹង​ត្រូវ​អនុម័ត​ឲ្យប្រើ​ប្រាស់ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៤​នេះ​។
​ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន លើក​ទី​១៧ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា សេចក្តីព្រាងច្បាប់​ចំនួន ៣ ដែល​ធានា​ដល់​ឯករាជ្យភាព​របស់​តុលាការ នឹង​ត្រូវ​អនុម័ត ដាក់ឲ្យ​ប្រើប្រាស់ ក្នុង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៤​នេះ រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​តុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅ​ក្រម និង​សេចក្តីព្រាងច្បាប់​ស្តីពីល​ក្ខ​ន្តិ​ក្កៈ​ចៅក្រម​។ លោក​បាន​បន្ថែមថា សេចក្តីព្រាងច្បាប់​ទាំង​៣​នោះ បាន​ប្រជុំ​ឆ្លង​អន្តរក្រសួង​រួចហើយ និង​កំពុង​ស្ថិត​ក្នុង​ដៃ​ឧបនាយករដ្ឋមន្ត្រី ដែល​ទទួលបន្ទុក​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ទាំងនោះ មុននឹង​បញ្ជូន​ទៅកាន់​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ធ្វើ​ការអនុម័ត​។

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក លោក នី ចរិយា យល់ថា ច្បាប់​ទាំង​៣​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអនុវត្ត​ក្នុង​តុលាការ ហើយ​លោក​ក៏​មាន​ការភ្ញាក់ផ្អើល​ណាស់ដែរ​ដែល​សភា​នឹង​អនុម័ត​ឲ្យប្រើ​ប្រាស់ក្នុង​ពេល​ឆាប់ៗ ដែល​កន្លង​មក​សង្គម​ស៊ីវិល​តែង​ស្នើ​ឲ្យមាន​ការអនុម័ត​ច្បាប់​នេះឡើង តែ​តែង​ត្រូវ​បាន​ទាត់ចោល​ដោយ​រដ្ឋាភិបាល​។ លោក​បន្ថែម​ដោយ​សង្ឃឹមថា ខ្លឹមសារ​របស់​ច្បាប់​នេះ​នឹង​ធ្វើឲ្យ​តុលាការ​ឯករាជ្យ និង​មិន​ដាក់​សម្ពាធ​ដល់​តុលាការ​ឡើយ​។

​ប្រធាន​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក  សុក សំអឿន បានឲ្យដឹងថា លោក​នៅ​មិនទាន់​ដឹង​ពី​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ទាំង​បី​នេះ​នៅឡើយ​ទេ ខណៈដែល​ច្បាប់​នេះ កំពុង​ឋិត​នៅក្នុង​ដៃ​សភា​នៅ​ឡើយ ប៉ុន្តែ​បើ​ខ្លឹមសារ​នៃ​ច្បាប់​ទាំងនេះ អាច​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ក្នុងពេល​បច្ចុប្បន្ន នោះ​ជា​ការល្អ​។ លោក​បន្ថែមថា រដ្ឋាភិបាល​គួរតែ​ស្នើ​ឲ្យមាន​ការចូលរួម​អនុម័ត​ពី​អ្នក​ដែល​ឯករាជ្យ ក៏​ដូចជា​អ្នក​ដែល​មាន​ជំនាញ​ពិតប្រាកដ ដើម្បី​ឲ្យ​ច្បាប់​នោះ​កាន់តែ​មាន​ភាបរឹងមាំ​ថែម​ទៀត​។

VOD មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​លម្អិត​ពាក់​ព័ន្ធ​សេចក្តីព្រាងច្បាប់​នេះ ពី​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម​នៃ​រដ្ឋសភា លោក ជាម យៀម បានទេ នៅ​ថ្ងៃ​អង្គារ​នេះ​។​

​កន្លងមក ប្រជាពលរដ្ឋ ក៏​ដូចជា​សង្គម​ស៊ីវិល ធ្លាប់​បាន​រិះគន់​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​ច្បាប់​របស់​តុលាការ​កម្ពុជា ថា​មិន​មាន​ភាព​ឯករាជ្យ ហើយ​តែងតែ​មាន​គំនាប​ពី​អ្នកមានអំណាច ជា​ហេតុ​ធ្វើឲ្យ​មាន​ភាពអយុត្តិធ​ម៌​សម្រាប់​អ្នកក្រីក្រ និង​ទន់ខ្សោយ​៕

អត្តបទដោយ​ ៖​​ កាន់ វិច្ឆិកា​ (VOD)

«
Next
Newer Post
»
Previous
Older Post