លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ព្រមានចាត់វិធានការ អ្នកដឹកនាំធ្វើបាតុកម្ម ទាមទារប្រាក់ឈ្នួល១៦០ដុល្លារ នូវអ្វីដែលលោកហៅថា ដើម្បីបង្កើនបរិយាកាសល្អទាក់ទាញអ្នកវិនិយោគ ។
ការលើកឡើងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំផ្នែកឯកជនលើកទី១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០១៤។
លោក ហ៊ុន សែន ថ្លែងក្នុងសន្ទរថា ដែលបានព្រាងទុកថា វិស័យកាត់ដេរ ជាផ្នែកមួយ បង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ និងបង្កើតមុខរបរ ដល់ពលរដ្ឋរាប់ម៉ឺននាក់ ដូចជាកម្មករ អ្នកមានផ្ទះជួល សេវាដឹកញ្ជូន និងសេវាមួយចំនួនទៀត។
លោក ហ៊ុន សែន បន្តថា ផ្ទុយទៅវិញ សហីពមួយក្រុម ដែលបំរើសកម្មភាពឲ្យបក្សប្រឆាំង បែរជាញុះញង់កម្មករ ឲ្យធ្វើបាតុកម្ម បង្កការលំបាក ដល់សង្វាក់ផលិតកម្មនេះ «គណបក្សប្រឆាំង និងសហជីបរបស់គេ បានប្រើប្រាស់នយោបាយ ប្រជាភិថុតិ យកកម្មករនិយោជិកធ្វើជាឆ្នាន់នយោបាយ ដោយញុះញង់ឲ្យធ្វើកូដកម្ម បាតុកម្មខុសច្បាប់ ពិសេសការទាមទារប្រាក់ឈ្នួល អប្បបរមាក្នុងគោលដៅបំផ្លិចបំផ្លាញ បរិយាកាសវិនិយោគ បំផ្លាញផលប្រយោជន៍កម្មករ និយោជិក និងបំផ្លាញឱកាសការងាររបស់យុវជន យុវនារី។ រហូតមកដល់ពេលនេះ ក្រុមជ្រុលនិយមទាំងនេះ នៅមិនទាន់បញ្ឈប់សកម្មភាពនៅឡើយទេ»។
លោកនាយករដ្ឋមន្ត្រី ព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការទប់ស្កាត់ករណីនេះ ដើម្បីធានា ឲ្យប្រាកដថាសេដ្ឋកិច្ចមានឧត្តមភាពប្រកួតប្រជែងមានផលិតភាពខ្ពស់ មានបន្ទុកចំណាយ ទាបនិងមានការទាក់ទាញវិនិយោគ «រាជរដ្ឋាភិបាលដាច់ខាត មិនទុកឲ្យក្រុមណាមួយ យកកម្មករនិយោជិក ធ្វើជាឆ្នាន់នយោបាយ និងយករោងចក្រសហគ្រាស ធ្វើជាចំណាប់ខ្មាំង របស់ក្រុមខ្លួនជាដាច់ខាត»។
មុនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ហាញជំហរទប់ស្កាត់ក្រុមអ្នកតវ៉ា ប្រធានសមាគមន៍រោងចក្រកាត់ដេរកម្ពុជា លោក វ៉ាន់ ស៊ូអៀង បានលើកឡើង ពីការលំបាក របស់ថៅកែរោងចក្រ ដែលច្បាប់កម្ពុជា ផ្តល់ឱកាសឲ្យមានសហជីពច្រើន និងថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលបានចាត់វិធានការមានប្រសិទ្ធភាព ធ្វើឲ្យកម្មករចូលធ្វើការដូចធម្មតា ។
ការបង្ក្រាប កម្មករតវ៉ានៅពេលនោះ របស់រដ្ឋាភិបាល បណ្តាលឲ្យកម្មករយ៉ាងតិច ៥នាក់ស្លាប់ ប្រមាណ៤០នាក់រងរបួស ដោយគ្រាប់កំភ្លើង និង២៣នាក់ត្រូវចាប់ខ្លួន ដោយសារពួកគេទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារ ។
ការព្រមានថ្មីទៀត របស់នាយករដ្ឋមន្ត្រីនេះ ចំពេលដែលសហជីព ១៨គំរាមដឹកនាំធ្វើមហាបាតុកម្មនៅខែក្រោយនេះ(១២ខែមីនាឆ្នាំ២០១៤) ដែលរំពឹងថាមានមនុស្ស៣០ម៉ឺននាក់ចូលរួម ដើម្បីទាមទារ ឲ្យដំឡើងប្រាក់ឈ្នួលដក់កម្មករបាន១៦០ដុល្លារ និងដោះលែងមនុស្ស២១នាក់ដែលកំពុងឃុំខ្លួន។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា ដែលជាក្រុមការងារ មានគម្រោងចូលរួមធ្វើបាតុកម្មដែរនោះ អះអាងថា ការជួបជុំធ្វើបាតុកម្មឬកូដកម្មដោយសន្តិវិធី មានធានាក្នុងរដ្ឋធម្មនុញ្ញ ដែលរដ្ឋាភិបាលត្រូវធានាពីសេរីភាពនេះ។ លោកបន្ថែមថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហាក់មានការរើសអើង «ទោះបីប្រជាពលរដ្ឋហ្នឹង ខាងគណបក្សណាក៏ដោយ មិនគួរប្រកាន់គណបក្សទេ ដោយក្នុងនាមគាត់ជានាយករដ្ឋមន្ត្រី ក្នុងនាមជាអ្នកបម្រើសេវាកម្មសាធារណៈ ហើយភ្លេចគិត បញ្ហាដោះស្រាយជូនប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណាក្នុងកិច្ចប្រជុំនោះ ប្រធានក្រុមការងារវិជ្ជាជីវៈ លោក ណាង សុធី ដែលគាំទ្ររដ្ឋាភិបាលនិងភាគីក្រុមហ៊ុន ជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់នេះឲ្យមានប្រសិទ្ធភាព និងជំរុញឲ្យតុលាការ ពន្លឿនដំណើរបណ្ដឹងចំនួន២៨ របស់ក្រុមហ៊ុន។
មន្ត្រីរូបនោះអះអាងថាបាតុកម្មកន្លងទៅបណ្តាលឲ្យមានហិង្សាខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុនសរុបជាទឹកប្រាក់ជាង៧៥លានដុល្លារ ដែលមកដល់ពេលនេះគ្មានអ្នកទទួលខុសត្រូវ ។
សម្រាប់មេដឹកនាំសហជីពអះអាងថា ការធ្វើបាតុកម្មជា ការស្ម័គ្រចិត្តរបស់កម្មករ ដែលពួកគេ រងការរំលោភ លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលតិចតួចដែលមិនអាចរស់នៅសមរម្យបាន៕
អត្តបទដោយ ៖ ញឹម សុខន (VOD)


