ខេត្តកណ្តាល ៖ បក្ខពួកក្រុមចោរប្លន់ ប្រដាប់អាវុធ៨នាក់ ត្រូវបានសមត្ថកិច្ច នគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាល នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងនគរបាលស្រុកខ្សាច់កណ្តាល ចាប់ខ្លួនបានជា បន្តបន្ទាប់បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ រួមជាមួយវត្ថុតាងមួយចំនួន ដើម្បីបញ្ជូនបន្តទៅកាន់ សាលាដំបូងខេត្តកណ្តាល វិនិច្ឆ័យទៅតាមច្បាប់។
បន្ទាប់ពីក្រុមចោរប្លន់ ទាំង៨នាក់ខាងលើនេះបាន ធ្វើសកម្មភាពបាញ់ប្លន់យក គ្រឿងអលង្ការ និង ប្រាក់មួយចំនួនធំ ពីអាជីវករលក់មាស និងប្តូរប្រាក់ នៅផ្សារព្រែកតាមាក់ កាលពីកន្លង ទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដល់ខាងមុខផ្ទះ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។
លោកវរសេនីយ៍ឯក រឿន ណារា ស្នងការរងទទួល បន្ទុកកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យ៨នាក់ដែលត្រូវ បានចាប់ខ្លួននោះ ទី១-ឈ្មោះ ទៀប ភឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជាមេខ្លោងធ្លាប់ជាប់ ពន្ធនាគារនៅខេត្តព្រៃវែង រយៈពេល៦ឆ្នាំពីបទប្លន់ ប្រដាប់អាវុធ, ទី២-ឈ្មោះ ទៀប សុភ័ណ្ឌ ភេទប្រុស អាយុ២៧ឆ្នាំ, ទី៣-ឈ្មោះ ទៀប ភា ភេទប្រុស អាយុ២៥ឆ្នាំ, ទី៤-ឈ្មោះ ហេង ឡាច ភេទស្រី អាយុ៤៨ឆ្នាំ ជនសង្ស័យទី៤នាក់ នេះត្រូវជាប្តីប្រពន្ធ និងកូន ទី៥-ឈ្មោះ ឡុច សុភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ, ជាក្មួយ ទី៦-ឈ្មោះ ឆាំ សុខជា ភេទប្រុស អាយុ២១ឆ្នាំ, ជាក្មួយ ទី៧-ឈ្មោះ ជ័យ សាវង់ ភេទប្រុស អាយុ៣៥ឆ្នាំ ។
ជនសង្ស័យទាង៧នាក់ មានទីលំនៅក្នុងភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង និងទី៨ឈ្មោះ ម៉ាន់ ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៦I ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជននេះជាអ្នកលក់ គ្រាប់កាំភ្លើង និង ផ្តល់កាំភ្លើងឱ្យក្រុមប្លន់ ។
សមត្ថកិច្ចនគរបាលជំនាញ បានធ្វើការដកហូតវត្ថុតាង មួយចំនួនរួមមាន ម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ២គ្រឿង ដែលជារបស់ជនសង្ស័យ ទិញក្រោយពី ធ្វើសកម្មភាពប្លន់ ,ម៉ូតូធុនសេ១០០កូរ៉េ២គ្រឿង ពណ៌ក្រហម និងម៉ូតូហុងដាគុបមូល ពណ៌ទឹកប៊ិចចាស់ មួយគ្រឿងដែលជា មធ្យោបាយជិះធ្វើសកម្មភាពប្លន់ ,គ្រាប់ចំនួន១៤គ្រាប់ ប្រភេទAK១៣គ្រប់ និង ROLO១គ្រាប់ ,អាវុធខ្លីម៉ាកK-៥៩ មួយដើមលេខ៣៥៧៨ បង់ចំនួនមួយ ,គ្រាប់កាំភ្លើងAK ចំនួន២៩គ្រាប់ ,គ្រាប់កាំភ្លើងROLO ២៥គ្រាប់ ,គ្រឿងអលង្ការ ធ្វើពីលោហធាតុ ពណ៌លឿង មានដូចជាខ្សែដៃ ខ្សែ.ក ខ្សែជើង ចំនួន៣៤ខ្សែ ត្បូងចំរុះពណ៌ចំនួន៧គ្រាប់ ក្រវិលដាំត្បូងចំនួន៥គូរ និងទូរស័ព្ទដៃ ចំនួន៦គ្រឿងផងដែរ ។
លោកស្នងការរងបាន បញ្ជាក់ថាក្រោយពី កើតមានករណីក្រុម ប្លន់ប្រដាប់អាវុធធ្វើ សកម្មភាពប្លន់ អាជីវករលក់មាស និងប្តូរប្រាក់ នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួចមក ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលខេត្ត នគរបាលស្រុកខ្សាច់កណ្តាល ចុះធ្វើការស្រាវជ្រាវ សហការជាមួយ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អស់រយៈ ពេលជាងមួយខែ ទើបកម្លាំងនគរបាលកំណត់ មុខសញ្ញាក្រុមចោរប្លន់ ទាំងអស់ រហូតឈានដល់ ធ្វើការឃាត់ខ្លួនបានក្រុមចោរប្លន់ ជាបន្តបន្ទាប់ ។
គួរំលឹកថា ជនសង្ស័យបានធ្វើ សកម្មភាពប្លន់យកគ្រឿង ប្លាកទីនចំនួន២៥តម្លឹង ,មាស់ចំនួន២០តម្លឹង ,គ្រឿងប្រាក់ចំនួន១០តម្លឹង ,ទូរស័ព្ទដៃចំនួន២គ្រឿង និង ប្រាក់ដុល្លារចំនួន ៦ពាន់ដុល្លា សហរដ្ឋអាមេរិក ប្រាក់រៀលចំនួន១០លានរៀល ពីជនរងគ្រោះ៣នាក់ ទី១-ឈ្មោះ ភឿន ស្រឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់មាស រងរបួសភ្លៅខាងឆ្វេងមួយកន្លែង ទី២-ឈ្មោះ ឡាង ណារិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាជាងទង របួសជើងឆ្វេងមួយកន្លែង និងទី៣-ឈ្មោះ ប៉ោង សុគន្ធារី ភេទស្រី អាយុ២៧ឆ្នាំ របួសលើស្មាខាងស្តាំមួយកន្លែង ។ ជនរងគ្រោះទាំង៣ នាក់មានទីលំនៅ ក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ៕
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ


